អ្នក​​ប្រើប្រាស់​ហ្វេសប៊ុក​កម្ពុជាជិត​៣ពាន់​នាក់​ស្ថិតក្នុង​ព្រឹត្តិការណ៍​លេចធ្លាយ​ទិន្នន័យ

ភ្នំពេញ — អ្នកប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​ជិត​៣ពាន់​គណនី ស្ថិត​ក្នុង​ចំណោម​គណនី​ហ្វេសប៊ុក​ជាង​៥០០លាន ដែល​ទិន្នន័យ​អត្តសញ្ញាណ​សំខាន់ៗ​ត្រូវ​បាន​លួច​ Hack ​តាំង​តែ​ពី​ឆ្នាំ២០១៩ ហើយ​ទើប​នឹង​ត្រូវ​បាន​បង្ហោះ​បែកធ្លាយ​ជា​សាធារណៈ​នា​ចុង​សប្ដាហ៍​កន្លង​ទៅ។

លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សា​ឯករាជ្យ​លើ​កិច្ចការ​សន្ដិសុខ​ប្រព័ន្ធ​ឌីជីថល ដែល​ទទួល​បាន​ឯកសារ​នៃ​ការ​បែក​ធ្លាយ​នោះ​ដែរ បាន​ឱ្យ​ដឹង​ថា មាន ២.៨៣៨ គណនី​ដែល​មាន​ប្រភព​ពី​ប្រទេស​កម្ពុជា រងគ្រោះ​ពី​ការ​លួច​នេះ។

ទិន្នន័យ​ទាំង​នោះ​រួមមាន​ ឈ្មោះ​ ប្រវត្តិរូប ​លេខទូរស័ព្ទ ​តំបន់​រស់នៅ ​អាសយដ្ឋាន​អ៊ីម៉ែល តែ​មិនមាន​ទិន្នន័យ​ហិរញ្ញវត្ថុ និង​ខ្លឹមសារ​សារ​សន្ទនា​ឆ្លើយឆ្លង​ឯកជន​នោះ​ទេ។ នេះ​បើ​យោង​តាម​លោក ង៉ែត ម៉ូសេ។

អ្នក​ជំនាញ​សន្ដិសុខ​ឌីជីថល​រូប​នេះ​បន្ថែម​ថា​ឆ្លង​តាម​ការវិភាគ​និង​ផ្ទៀងផ្ទាត់​របស់​លោក​លើ​ទិន្ន​ន័យ​នៃ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​ទាំង ២.៨៣៨ គណនី នោះ មិនបាន​បង្ហាញ​ពី​ការ​វាយ​ប្រហារ​ជា​គោលដៅ​ណា​មួយ​ទេ តែមាន​ចរិត​ជា​ការទាញ​យក​ដោយ​មិនរើសមុខ (Random)។

លោក ម៉ូសេ បន្ថែម​ថា​អ្នក​ដែល​មាន​ទិន្នន័យ​អត្តសញ្ញាណ​បែក​ធ្លាយ​ពី​គណនី​ហ្វេសប៊ុក​ទាំង​នេះ ស្ថិត​ក្នុង​ហានិភ័យ​កម្រិត​មធ្យម។

លោក​បញ្ជាក់​ថា៖
«ទិន្នន័យ​អ្នក​ប្រើប្រាស់​Public[សាធារណៈ] ដែល​បាន​ផ្សាយ​ចេញ​ទៅ​ហ្នឹង គឺ​វា​អាច​នឹង​មាន​ផល​ជះ​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​ សម្រាប់​អ្នក​ដែល​មាន​ទិន្នន័យ​បែក​ធ្លាយ​ជា​សាធារណៈ​នេះ​ឯង រួមមានBad Actors ឬ​បុគ្គល​អាក្រក់​ហ្នឹង គាត់​អាច​យក​ព័ត៌មាន​ដែល​លេច​ធ្លាយ​ហ្នឹង យក​មក​វាយ​ប្រហារ​អ្នក​ប្រើប្រាស់ ឬ​អ្នក​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នកប្រើប្រាស់​គណនី​ទាំង​នេះ ពី​ព្រោះ​អីឥឡូវ​ពួកគាត់​មាន​ភេទ ពួកគាត់​មាន​ទីតាំង ពួកគាត់​មាន​អ៊ីមែល … អ៊ីចឹង​គាត់​អាច​រងគ្រោះ​ពី​ការ​ក្លែង​បន្លំ (Phishing)​ហ្នឹង»។

នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃក្រសួង​មហាផ្ទៃ ក៏​បានចេញ​កំណត់​ប្រកាស​មួយ​ផង​ដែរ​អំពី​ព្រឹត្តិការណ៍​នៃ​ការ​លេចធ្លាយ​ទិន្នន័យ​គណនី​ហ្វេសប៊ុក​នេះ​ តែមិន​បាន​បញ្ជាក់​លម្អិត​អំពី​ទំហំ​ទិន្នន័យ​ដែល​បែក​ធ្លាយ​ពី​គណនី​ដែលមាន​ប្រភព​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។

ក្នុង​កំណត់​ផ្សាយ​មួយលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ អង្គភាព​នគរបាល​នេះ​បាន​ឱ្យ​ដឹង​ថា៖

«ទោះបីជាទិន្នន័យ​ដែល​បាន​ទាញ​យកនោះ គឺជា​ទិន្នន័យ​ចាស់តាំង​ពីឆ្នាំ២០១៩ ​ក្ដីប៉ុន្តែ​ទិន្នន័យ​ទាំងនោះ​កំពុង​តែត្រូវ​បានដាក់​លក់ ​និងចែក​ចាយ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហើយ​ជនខិលខូច​អាចប្រើ​ទិន្នន័យ​ទាំងនោះ​ដើម្បី​ព្យាយាម​ចូល​ទៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់ ឬ​ក្លែងបន្លំ​ធ្វើ​ជា​អ្នក​ប្រើ​ប្រាស់ ដើម្បី​ចូល​ទៅ​គណនី​ផ្សេងៗ​ទៀត។ ដូច្នេះ​នាយកដ្ឋាន​សូម​ឱ្យ​អ្នកប្រើ​ប្រាស់​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ ប្រសិន​បើ​លោកអ្នក​ពុំដែល​បាន​ប្ដូរលេខ​សម្ងាត់​តាំង​ពីដើម​ឆ្នាំ ២០២០ នោះ​មក»។

លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​បដិសេធ​មិនធ្វើ​អត្ថា​ធិប្បាយ ពេល​ត្រូវបាន​ទាក់ទង​នា​រសៀល​ថ្ងៃចន្ទ​នេះ ដោយថា​លោក​ជាប់​ប្រជុំ។ វីអូអេ​ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពីលោក មាស ប៉ូ ​អ្នកនាំពាក្យ​ក្រសួងបាន​ដែរ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​មិន​បានឆ្លើយតប​នឹង​សំណើ​សុំ​ការ​បំភ្លឺ​របស់​វីអូអេ​នៅឡើយ​ គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​នេះ តែ​បាន​ប្រាប់​ទូរទស្សន៍CNNថា​ទិន្នន័យ​ដែល​បាន​លេចធ្លាយ​ទាំង​នេះ​ជា​ទិន្នន័យ​តាំង​តែ​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៩ ហើយ​ខ្លួន​បាន​ដោះស្រាយ​បញ្ហា​នេះ​តាំង​តែពី​ខែសីហា ឆ្នាំ​២០១៩៕

ប្រភព៖ https://khmer.voanews.com/a/nearly-3-thousand-facebook-users-affected-by-data-leak/5841147.html

(Visited 8 times, 1 visits today)