ចំណុចខ្សោយរបស់ Smart Key ដែលអាចឱ្យចោរលួចរថយន្តបាន

អត្ថបទខាងក្រោមនេះគឺសរសេរឡើងក្នុងគោលបំណងអប់រំ និងការពារពីការអ្នកប្រើប្រាស់រថយន្តដែលមាន smart key ដើម្បីជៀសវាងការលួចចម្លង smart key របស់រថយន្តទំនើបដោយគ្មានការអនុញ្ញាត។ អត្ថបទនេះ ក៏មិនមានបំណងចង់ផ្សព្វផ្សាយ ពីវិធី ឬឧបករណ៍សម្រាប់លួចចម្លងដែរ។ ខ្ញុំមិនទទួលខុសត្រូវក្នុងការប្រើប្រាស់អត្ថបទនេះក្នុងទង្វើខុសច្បាប់នោះទេ។ រាល់ការលួច គឺជាទង្វើខុសច្បាប់។

កំណត់សំគាល់

ភាពកម្សោយរបស់កូនសោ ឡានតេឡេសម្រាប់បញ្ជាឱ្យដំណើរការម៉ាស៊ីនរថយន្ត បើកញ្ចក់ បើទ្វារគូទក្រោយរថយន្ត បើកទ្វារការាសទុកឡាន ពីចម្ងាយអាចជាហានិភ័យរបស់អ្នកប្រើប្រាស់ ដោយសារតែចោរអាចចម្លងសញ្ញា (signal) របស់កូនសោតេឡេចូលទៅឧបករណ៍ រាវរករលកសញ្ញាវិទ្យុ (radio frequency signal scanner) ពីចម្ងាយ ហើយបញ្ជូនទិន្នន័យដែលបានចម្លងចូលទៅកូនសោតេឡេថ្មីមួយទៀតរបស់ចោរ ហើយធ្វើការចូលទៅក្នុងរថយន្ត ផ្ទះ ការាសទុកឡាន ជាដើម។

មុនអ្នកចាប់ផ្តើមអាន អត្ថបទខាងក្រោម ខ្ញុំស្នើថា អ្នកគួរមើលវីដេអូព័ត៌មានស្តីពី ការលួចរថយន្តដោយចោរបច្ចេកវិទ្យា ដែលផលិតដោយ CBS News ដោយសារតែនៅក្នុងវីដេអូព័ត៌មាននេះ បានរៀបរាប់បាន និងជួបជាមួយនឹងអ្នកពាក់ព័ន្ធច្រើន រាប់ចាប់ពី ជនរងគ្រោះ ហែកឃ័រ ជាងសោរ និងតំណាងផ្នែក cybersecurity របស់ក្រុមហ៊ុនរថយន្ត។

High-tech car theft: How to hack a car

ប្រវត្តិ

កូនសោដែលគេប្រើប្រាស់ពីចម្ងាយ ឬភាសាអង់គ្លេសហៅថា Keyless គឺជាប្រព័ន្ធវៃឆ្លាតក្នុងការចាក់និងបើកសោ ដោយមិនចាំបាច់ប្រើប្រាស់កូនសោដែលយើងតែងតែប្រើប្រាស់ (traditional key)។ កូនសោបែបនេះ ត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ១៩៨០ ដោយបានដាក់នៅលើរថយន្តមួយចំនួនដូចជា Lincoln Town Car, Lincoln Continental Mark VI, Ford Thunderbird និង Mercury Cougar និងក្រោមមកមាន ក្រុមហ៊ុនឡានដទៃទៀតបានចាប់ផ្តើមដាក់ប្រព័ន្ធកូនសោបែបនេះទៅក្នុងផលិតផលយានយន្តរបស់ខ្លួន។

តើ Keyless ដំណើរយ៉ាងដូចម្តេច?

១. ពេលដែលអ្នកចុចប៊ូតុងនៅលើ smart key វានឹងដំណើរការ Central Processing Unit (CPU) ដែលនៅក្នុងកូនសោ។
២. CPU បញ្ចូនចរន្តទិន្នន័យទៅឧបករណ៍បញ្ជូនប្រេកង់វិទ្យុ (Radio Frequency – RF)។ កូនសោ smart key នឹងគឺជាវិទ្យុ។
៣. ទិន្នន័យដែល CPU បានបញ្ជូនទៅនោះគឺជា ការបញ្ជា (command) និងពាក្យសម្ងាត់។
៤. ប្រព័ន្ធបញ្ជាសោ ពីចម្ងាយដែលស្ថិតនៅក្នុងរថយន្តនឹងទទួលបាននូវសញ្ញាប្រេកង់វិទ្យុ រួចហើយពន្លាទិន្នន័យនោះ ហើយផ្ញើទិន្នន័យនោះទៅ CPU។
៥. CPU ដោះអក្សរកូដ (decode) ហើយបញ្ជូន command នោះទៅកាន់ command module។

ឧបករណ៍បញ្ជាពីចំងាយសម្រាប់Keylessដែលបង្កើតឡើងនៅក្នុងកូនសោបញ្ឆេះ។

តើ smart key ប្រើប្រាស់ប្រេកង់វិទ្យុលេខប៉ុន្នាន ហើយយើងអាចរកលេខប្រេកង់ smart key របស់យើងនៅទីណា?

ប្រេកង់ដែលគេប្រើប្រាស់សម្រាប់ smart key គឺខុសគ្នាតាមតំបន់ និងច្បាប់គ្រប់គ្រងលើ ប្រេកង់វិទ្យុ។ សម្រាប់រោងចក្រផលិតរថយន្តនៅ អាម៉េរិកខាងជើង ប្រេងកង់វិទ្យុសម្រាប់ smart key គឺ 315MHz និង 433.92MHz សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី។ តាមដែរខ្ញុំដឹង រថយន្តជជុះដែលនាំចូលមកប្រទេសកម្ពុជាយើងភាគច្រើនគឺមកពីអាម៉េរិក ដូច្នេះលេខប្រេកង់គឺ 315MHz។

យើងអាចស្វែងរកលេខប្រេកង់របស់ smart key យើងបានតាមវិធីពីរយ៉ាង (សម្រាប់រថយន្តដែលមកពីសហរដ្ឋអាម៉េរិក)៖
ទី១៖ ពិនិត្យមើលនៅលើសំបកក្រៅ ឬ CPU smart key របស់យើង ដោយពិនិត្យមើលពី FCC ID ដែលបានឆ្លាក់នៅលើសំបក smart key ខាងក្រៅ ឬ នៅលើ CPU smart key តែម្ដង គឺដូចរូបខាងក្រោម។ FCC គឺមកពីពាក្យថា Federal Communications Commission ឬហៅថា គណៈកម្មការទំនាក់ទំនងសហព័ន្ធ របស់សហរដ្ឋអាម៉េរិក។
ទី២៖ ពេលឃើញ FCC ID របស់ smart key ហើយ យើងយកទៅវាយបញ្ចូលក្នុងវិបសាយ FCC.io ពេលនោះវានឹងបង្ហាញឱ្យយើងឃើញពីលេខប្រេកង់សម្រាប់ smart key របស់យើងហើយ។

តើមានហានិភ័យអ្វីខ្លះទៅ?

ចោប្រើប្រាស់ឧបករណ៍ស្កែនប្រេកង់វិទ្យុ អាចឆ្លបចាប់យកសញ្ញាដែលបញ្ចូនចេញពី smart key (ទោះពេលយើងចុចប៊ូតុង ឬមិនចុចក្តី) ទៅកាន់ឧបករណ៍ទទួលប្រព័ន្ធបញ្ជាសោពីចម្ងាយ (Remote keyless system’s receiver) ដែលក្នុងឡាន។ បន្ទាប់មក យកទិន្នន័យ និងលេខកូដដោះសោដែលឆ្លបចាប់បាន នោះមកធ្វើជារលកសញ្ញា បញ្ជាទៅ កាន់ឧបករណ៍ទទួលប្រព័ន្ធបញ្ជាសោពីចម្ងាយដើម្បីឱ្យដោះសាររថយន្ត។ ពេលនោះ ចោរអាចចូលទៅក្នុងរថយន្តរបស់យើងបាន។

ដើម្បីជៀសវាងការលួចរថយន្តតាមរយៈការប្រើប្រាស់ smart key ប្រព័ន្ធកូនសោបែបនេះត្រូវបានធ្វើកូដនីយកម្ម (encryption)។

វិដេអូស្តីពីការប្រើប្រាស់ឧបករណ៍ស្កែនប្រេកង់វិទ្យុដើម្បីដោះសោរថយន្ត

រោងចក្រផលិតរថយន្តដែលដាក់ឱ្យអ្នកប្រើប្រាស់មុខងារសោ តេឡេ ឬsmart key នេះបានដោះស្រាយបញ្ហានេះនៅពាក្យកណ្តាលទសវត្សទី៩០ ដោយដាក់ឱ្យមានកូដនីយកម្ម (encryption) ដើម្បីកែកំហុសឆ្គងនូវទិន្នន័យពេលបញ្ចូនពី Smart Key ទៅកាន់ឧបករណ៍ទទួលប្រព័ន្ធបញ្ជាសោ ពីចម្ងាយនៅក្នុងរថយន្ត ដោយកែប្រែពី Static Key ទៅជា Rolling Code។ ខ្ញុំរកមិនទាន់ឃើញថាការផ្លាស់ប្តូរ ពីStatic Key មកជា RollingCode ត្រូវបានក្រុមហ៊ុន រថយន្តណាខ្លះបានធ្វើ និងបានធ្វើទៅលើម៉ូដែលរថយន្តណាខ្លះ។

តើអ្វីទៅជា Static Key និង Rolling code ហើយវាខុសគ្នាបែបណា?

Static [Code] Key វាជាទិន្នន័យរបស់កូនសោតេឡេដែរ ប៉ុន្តែវាដែលយើងចុចបើកទ្វារឡាន វានឹងបញ្ជូនការបញ្ជា និងលេខកូដសម្ងាត់ តែមួយដែលមិនផ្លាស់ប្តូរ ទៅកាន់ឧបករណ៍ទទួលប្រព័ន្ធបញ្ជាសោ ពីចម្ងាយ ដូច្នេះហើយ បើចោរនៅក្បែរយើង ហើយមានឧបករណ៍ចាប់យកប្រេកង់វិទ្យុសម្រាប់បញ្ជូនទិន្នន័យពេលដែលយើងចុចបញ្ជាបើក ឬបិទទ្វាររថយន្ត ចោរអាចចូលក្នុងរថយន្តរបស់យើងបាន។

Rolling code [key] វាជាទិន្នន័យកូនសោតេឡេដូចគ្នា ប៉ុន្តែពេលដែលយើងចុចបញ្ជាបើក ឬបិទទ្វារ វា បញ្ជូនការបញ្ជា និងលេខកូដសម្ងាត់ខុសៗគ្នានៅពេលដែលយើងចុច បើកឬបិទទ្វាររថយន្ត។ មានន័យថា យើងចុចបើក ឬបិទទ្វារឡានម្តង វាបញ្ជូនលេខកូដថ្មីមួយពី CPU កូនសោទៅកាន់ ឧបករណ៍ទទួលប្រព័ន្ធបញ្ជាសោពីចំងាយដែលនៅក្នុងរថយន្ត។ ដូច្នេះបើសិនជា ចោឈរជិតយើង ហើយមានឧបករណ៍ចាប់យកប្រេកង់វិទ្យុ ក៏មិនអាចបើកសោឡានយើងបានដែរ ព្រោះលេខកូដសំងាត់បានផុតសុពលភាពទៅហើយ។ Rolling code ក៏ជួយដោះស្រាយការលួចឡានដោយប្រើប្រាស់ Relay attack ផងដែរ។ សូមមើលវិដេអូ Relay attack ទៅលើ Passive Key Entry (PKE) និង រូបភាពខាងក្រោមស្តីពីដំណើរការរបស់ Relay attack។

វីដេអូនៃការហែកកូនសោ smartkey

វិដេអូបង្ហាញពី hack កូនសោរKeyFob បស់រថយន្ត Ford

បើទោះបីជា Rolling Code [key] អាចដោះស្រាយពីការលួចចម្លងពាក្យសម្ងាត់កូនសោតេឡេនេះតាមប្រេកង់វិទ្យុក្តី ក៏មិនមានន័យថា ចោឬជនអាក្រក់មិនអាចលួចចូលរថយន្តបានដែរ។

វិដេអូ ដែលបង្ហាញពី Relay Attack ដោយប្រើប្រាស់ឧបករណ៍ស្កែនប្រេកង់វិទ្យុ

នេះជាដំណើរការរបស់ Relay attack

ដំណើរការរបស់ Relay attack

ទី១៖ ចោទីមួយឈរនៅចំងាយជិតល្មមរថយន្ត ហើយប្រើប្រាស់ឧបករណ៍ការទទួលរលកសញ្ញាបន្ត (relay recieved signals) ពីចោរទីពីរ។
ទី២៖ ចោទីពីរឈរនៅចំងាយជិតល្មមនឹង smart key ដែលជាទូទៅម្ចាស់យាន្តយន្តតែព្យួរនៅជិតទ្វារចេញពីផ្ទះ។ ចោទីពីរ ក៏ឧបករណ៍ការទទួលរលកសញ្ញាបន្ត (relay recieved signals)។
ទីបី៖ ឧបករណ៍ការទទួលរលកសញ្ញាបន្ត (relay recieved signals)រហូតទៅដល់ ១០-១៥ ម៉ែត្រចូលក្នុងផ្ទះ។
ទីបួន៖ ពេលដែល smart key ដែលព្យួរនៅជិតទ្វារចេញទទួលសញ្ញា វានឹងឆ្លងឆ្លើយទៅឧបករណ៍ទទួលរលកសញ្ញារបស់ចោទីពីរ ដោយបញ្ឆោត ប្រព័ន្ធsmart key ថាម្ចាស់យាន្តយន្តឈរនៅជិតយាន្តយន្តដែលតម្រូវឲ្យបើកទ្វារឡាន។

កំណត់ចំណាំ៖ សម្រាប់រថយន្តជំនាន់ក្រោយៗ (មិនដឹងឆ្នាំ) ក្រុមហ៊ុនរថយន្តមួយចំនួនបានធ្វើបច្ចុប្បន្នភាពដើម្បីការពាររថយន្តទំនើបរបស់ពួកគេ ដោយកំណត់មិនឲ្យប្រេកង់វិទ្យុផ្សាយចេញនូវរលក​សញ្ញាដោយឯកឯង។ មានន័យថា ប្រេកង់វិទ្យុរបស់ smart key នឹងបិទដោយខ្លួនឯងពេលដែលចុចបបញ្ជារហើយ។ បើទោះបីទុកចោលក្នុងផ្ទះ ឬដាក់ក្នុងហោប៉ាវ ឬព្យួរនៅកន្លែងដាក់សោរក្នុងផ្ទះ ក៏រលកសញ្ញារបស់កូនសោរវាអត់ដំណើរការដែរ។ បើទោះបីជាមានគេធ្វើ Relay Attack ដូចរូបខាងលើក៏ពិបាកដែរ។

តើនៅកម្ពុជាមានករណីលួចរថយន្តតាមរយៈ smart key ដែរឬទេ?

ខ្ញុំមិនដឹងថាមានករណីដូចជាការរៀបរាប់ខាងលើដែរឬទេ ប៉ុន្តែកាលពីឆ្នាំទៅមិញមានករណីចោរលួចរថយន្តដែលមាន smart key ដោយប្រើប្រាស់តែរយៈពេលត្រឹម ២នាទីប៉ុណ្ណោះ។

វិដេអូសារភាពរបស់ចោជំនាញលួចរថយន្តដែលមាន smart key ត្រឹមតែ២នាទី។

បើតាមការរៀបរាប់របស់ចោរម្នាក់នេះ គឺគេប្រើដែកដើម្បីគាស់សោរទ្វាររថយន្ត រួចយកឧបករណ៍ពណ៌ខ្មៅនោះមកផ្តាច់ GPS បន្ទាប់មកយក ឧបករណ៍ពណ៌ទឹកក្រូចនោះមក ធ្វើជាកូនសោរបញ្ឆេះរថយន្ត។

ឧបករណ៍ពណ៌ខ្មៅសម្រាប់ផ្តាច់ប្រេកង់វិទ្យុ (3G, 4G, Wifi, GPS, GSM) និងពណ៌ទឹក្រូចជាឧបករណ៍ចម្លងសោរ smart key របស់រថយន្ត ម៉ូដែល Toyota។

ចំណែកឯដុំពណ៌ខ្មៅដែលចោរនោះនិយាយថាជាឧបករណ៍ផ្តាច់ GPS គឺត្រឹមត្រូវខ្លះដែរ។ ខ្ញុំធ្វើការស្វែងយល់ពីឧបករណ៍មួយនោះហើយក៏បានរកឃើញថា វាមិនមែនគ្រាន់តែជាដើម្បីផ្តាច់ GPS ប៉ុណ្ណោះទេ តែវាមានសមត្ថភាពផ្តាច់ Wifi, 3G, 4G, DSC និង CDMA/GSM តាមរយៈអង់តែងទាំង៦ របស់វា។ ឧបករណ៍នេះគេហៅថា anti-tracker device ដែលអាចផ្តាច់សេវាខាងលើនេះ ក្នុងរយៈចំងាយ ពី១ ទៅ៤ម៉ែត្រ ចំណែកឯតំលៃរបស់វាវិញក៏មិនសូវថ្លៃប៉ុន្នានដែរ គេអាចរកទិញវាតាម អនឡាញ។

ឧបករណ៍នេះ ក៏គេប្រើសម្រាប់ក្រុមសន្តិសុខ (security team) ដែលការពារដំណើរ ត្រួតពិនិត្យទុកមុនកន្លែងស្នាក់នៅ របស់ អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ្នកជំនួញ និងអ្នកដែលការពារខ្លួនពីការការលួចថត ឬតាមដាន។

ឧបករណ៍ anti-tracker device

ខ្ញុំបានពិនិត្យមើលឧបករណ៍ពណ៌ទឹកក្រូចនោះ វាស្រដៀងគ្នាទៅនឹង OBD ឬហៅថា On-board diagnostics សម្រាប់ធ្វើការស្កែនពិនិត្យមើលព័ត៌មានរថយន្ត និងរាយការណ៍ពីកំហួចរបស់រថយន្ត។ ខ្ញុំឆ្ងល់ថាតើវាមានទាក់ទងនឹងការបញ្ឆេះរថយន្តបានយ៉ាងដូចមេ្តច បើចោរមិនមានទូរស័ព្ទ ឬកុំព្យុទ័រដើម្បីភ្ជាប់ដុំស្រដៀងទៅ OBD នោះ។ ដុំដែលដូច OBD នោះគឺជាដុំចម្លងសោរ smart key របស់រថយន្តម៉ូដែល Toyota ឬហៅជាភាសាអង់គ្លេសថា Toyota Smat key maker ដែលជាប្រភេទនៃ ឧបករណ៍ OBD ដែរ សម្រាប់ជាងសោរចម្លងសោរឲ្យម្ចាស់រថយន្តក្នុងករណីបាត់ ឬសោរខួច។

ឧបករណ៍ចម្លងកូនសោ smart key របស់រថយន្ត ម៉ូដែល Toyota

សន្និដ្ឋាន៖ ការលួចខាងលើនេះ មិនមែនជាការលួចដូចក្នុងការរៀបរាប់របស់ខ្ញុំក្នុងសំណេរនេះទេ។

វិធីការពារ

បច្ចេកវិទ្យាតែងតែមានចំណុចខ្សោយ ហើយក្រុមហ៊ុនផលិតនឹងជួសជុលកំហុសទាំងនោះ បុ៉ន្តែអ្នកប្រើប្រាស់ អាចរកវិធីការពារទ្រព្យសម្បត្តិរបស់ខ្លួនឯងដែរ។ ខាងក្រោមនេះ ជាវិធីងាយៗ និងមិនចំងាយ​ថវិការច្រើន សម្រាប់អ្នកដែលប្រើប្រាស់រថយន្តដែលមាន smart key ជំនាន់មុនៗ។ ចូរចាំថា វិធីខាងក្រោមនេះ មិនអាចដោះស្រាយបានទាំងស្រុងពីការលួចនោះទេ តែវាអាចធ្វើឲ្យលំបាកដល់អ្នកដែលចង់លួច។

ទីមួយ៖ អ្នកអាចទិញស្រោមសម្រាប់ដាក់កូនសោប្រឆាំងនឹងការភាយចេញរលកសញ្ញាប្រេកង់វិទ្យុ (RFID blocker)។ វាត្រូវបានគេដាក់លក់នៅលើទីផ្សារអនឡាញជាច្រើន ដូចជា Aliexpress និង Amazon ជាដើម។ តម្លៃវា ក្រោម $5។ បើទោះបីអ្នកទុកនៅផ្ទះក៏គួរតែទុកវាក្នុងស្រោមកូនសោរប្រឆាំងរលកប្រេកង់វិទ្យុនេះដែរ។

ទីពីរ៖ មុននឹងបញ្ជារ smart key ដើម្បីបិទសោទ្វាររថយន្តមុនពេលអ្នកចាកចេញពីរថយន្ត អ្នកត្រូវមើលថាតើមានមនុស្សដែលអ្នកសង្សៃនៅក្បែររថយន្តអ្នកឬទេ។ បើអ្នកមិនប្រាកដថា មនុស្សនៅជុំវិញអ្នកជាមនុស្សល្អ ឬអាក្រក់ អ្នកមិនគួរចុចបញ្ចា smart key របស់អ្នកទេដើម្បីចាក់សោរថយន្តនោះទេ។ ពេលចាកចេញពីរថយន្ត អាចប្រើប៊ូតុងបញ្ជាចាក់សោរយានយន្តនៅកន្លែងអ្នកបើកបរ ជាជាងការចេញពីរថយន្ត រួចចុច smart key ដើម្បីចាក់សោរ។

ទីបី៖ អ្នកប្រើប្រាស់កូនសោរចាក់ចង្កូតរថយន្តដើម្បីទប់ស្កាត់ការលួចយករថយន្ត។ អ្នកខ្លះអាចយល់ឃើញថា បើចោចង់លួច វាក៏អាចមានវិធីដោះសោរចង្កូតនេះដែរ។ ប៉ុន្តែយ៉ាងណានោះ វាអាចទប់ស្កាត់ភាពងាយស្រួលលួចរថយន្តរបស់យើងបានដែរ។ ខ្ញុំយល់ថា វាអាចជាជម្រើសមួយក្នុងការពារដែរ។

ទីបួន៖ ការដាក់ប៊ូតុងផ្តាច់ការបញ្ឆេះយានយន្ត។ ខ្ញុំធ្លាប់ត្រូវបានណែនាំពីហ្គារាសឡានមួយដែរ ថាប៊ូតុងនេះ បើទោះបីជាមានសោ ក៏បញ្ឆេះរថយន្តមិនឆេះដែរ លុះត្រាណា ចុចគន្លឺះបើកបិទ។ ខ្ញុំយល់ថាវាជារឿងល្អដែរ តែត្រូវកែរឆ្នៃដើម្បីដាក់ប៊ូតុងបែបនេះ នៅកន្លែងណាមួយក្នុងរថយន្តដើម្បីកុំអ្នកផ្សេងដឹង។ បើអ្នកចង់ធ្វើបែបនេះ អ្នកគួរពិភ្សាជាមួយអ្នកជំនាញយាន្តដែលមានជំនាញពិតប្រាកដ មុនពេលសម្រេចចិត្តដាក់ប៊ូតុងនេះ។

ទីប្រាំ៖ ការដាក់ GPS ដើម្បីតាមដានការចរាចរណ៍ និងទីតាំងរបស់រថយន្តយើង ប៉ុន្តែ ដូចខ្ញុំបានបង្ហាញខាងលើដូច្នេះដែរថា គេមានឧបករណ៍ដើម្បីផ្តាច់ GPS ឬហៅថា anti-tracker device ដែលមានច្រើនប្រភេទ និងតម្លៃធូថ្លៃ។ ទោះបីជាយ៉ាងណាក្តី ក៏មានករណីដែលស្វែងរកឃើញរថយន្តតាមរយៈ GPS ច្រើនដែរ ដូច្នេះហើយ វាអាចជាជម្រើសនៃវិធីការពារមួយដែរ។

ខ្ញុំសង្ឃឹមថា អត្ថបទនេះនឹងជួយដល់អ្នកប្រើប្រាស់រថយន្តដែលមាន smart key ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការបាត់បងរបស់ទ្រព្យ។ បើសិនជាអ្នកមានមតិយោបល់បន្ថែម ចង់កែលម្អរ ខ្ញុំរីករាយនឹងទទួល។ សូមផ្ញើមតិកែលម្អរក្នុងប្រអប់សារទំព័រ Facebook របស់ខ្ញុំ www.facebook.com/mosesngeth

(Visited 1,350 times, 1 visits today)