ផល​ប៉ះពាល់​របស់​បណ្ដាញ​សង្គម​លើ​អ្នកប្រើប្រាស់

ចំនួន​នៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មាន​ការ​កើនឡើង​ជា​រៀងរាល់​ថ្ងៃ​នៅ​លើ​ពិភពលោក។ តើ​បណ្ដាញ​សង្គម​អាច​បង្ក​បញ្ហា​អ្វី​ខ្លះ​ដល់​អ្នក​ប្រើប្រាស់?

បណ្ដាញ​ទំនាក់ទំនង​សង្គម គឺជា​មធ្យោបាយ​ដែល​មនុស្ស​ប្រើប្រាស់​ដើម្បី​បង្កើត ឬ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​តាមរយៈ​ការចែករំលែក និង​ផ្លាស់ប្ដូរ​ព័ត៌មាន ឬ​ទស្សនៈ​តាម​ប្រព័ន្ធ​អនឡាញ (Online)។

បច្ចុប្បន្ន​នេះ បណ្ដាញ​សង្គម​ដែល​មនុស្ស​និយម​ប្រើប្រាស់​ច្រើនជាង​គេ​រួមមាន Facebook YouTube WhatsApp WeChat Instagram Tik Tok QQ QZone Weibo Reddit Kuaishou Snapchat Twitter LinkedIn Tumblr Vimeo Telegram និង Signal ជាដើម។

ជាទូទៅ មនុស្ស​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនេះ​ដើម្បី​ទាក់ទង​ជាមួយ​សមាជិក​គ្រួសារ មិត្តភក្ដិ ទំនាក់ទំនង​នៅក្នុង​ការងារ ការ​ធ្វើ​អាជីវកម្ម ការ​ផ្សាយ​ពាណិជ្ជកម្ម ការសិក្សា ការ​ពង្រីក​បណ្ដាញ ការ​ធ្វើ​យុទ្ធនាការ ឬ​ការ​ឃោសនា​កៀរគរ​សំឡេង​គាំទ្រ​របស់​អ្នក​នយោបាយ​ផង​ដែរ។

គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២០ បណ្ដាញ​សង្គម​ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់​ច្រើនជាង​គេ គឺ Facebook ដែល​មាន​ប្រមាណ ២.៥០០​លាន​នាក់ តាម​ពីក្រោយ​ដោយ YouTube និង WhatsApp ដែល​មាន​ប្រហែល ២.០០០​លាន​នាក់។ ចំណែក Tik Tok ដែល​ជា​បណ្ដាញ​សង្គម​មួយ​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ដែរ​នោះ មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៨០០​លាន​នាក់ និង Twitter ដែល​គេ​និយម​ប្រើ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ប្រហែល ៣៥០​លាន​នាក់។

ចំណែក​នៅ​កម្ពុជា គេហទំព័រ Geeks in Cambodia បង្ហាញ​ថា​នៅក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៨​លាន ៨​សែន​នាក់ ដែល​ជា​កំណើន​យ៉ាង​រហ័ស​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ក្រោម ៥​លាន​នាក់​ប៉ុណ្ណោះ។ ចំណែក YouTube ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ មាន​ជិត ២​លាន​នាក់ តាម​ពីក្រោយ​ដោយ Instagram ជាង ៧​សែន​នាក់ Tik Tok ប្រហែល ៥​សែន​នាក់ Linkedin ជាង ៣​សែន​នាក់ និង Twitter ប្រមាណ ២​សែន​នាក់។

ប្រជាជន​កម្ពុជា​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​អាយុ​ចន្លោះ​ពី ១៣​ឆ្នាំ​រហូតដល់​ជាង ៦០​ឆ្នាំ។ ប៉ុន្តែ​ចំនួន​ប្រជាជន​ដែល​ប្រើប្រាស់​ច្រើនជាង​គេ គឺជា​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ២២ ដល់ ២៦​ឆ្នាំ ដែល​មាន​ប្រមាណ ៣៣% នៃ​អ្នកប្រើប្រាស់​សរុប។

អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​មើលឃើញ​ថា ជាទូទៅ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទំនាក់ទំនង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្តល់ ទទួល និង​ចែករំលែក​ព័ត៌មាន​សម្រាប់​ការ​កម្សាន្ត ឬ​លំហែ​អារម្មណ៍ និង​សម្រាប់​ការងារ​ពាណិជ្ជកម្ម។

បណ្ដាញ​សង្គម​បាន​ផ្តល់​អត្ថប្រយោជន៍​វិជ្ជមាន​ជាច្រើន​ដល់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា វា​ក៏​អាច​បង្ក​ជា​បញ្ហា ឬ​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ ប្រសិនបើ​មិន​ចេះ​ប្រើ​វា​ឱ្យ​បាន​ត្រឹមត្រូវ។

អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ឌីជីថល (Digital) លោក ង៉ែត ម៉ូសេ មាន​ប្រសាសន៍​ថា គ្រប់​បណ្ដាញ​សង្គម​ទាំងអស់​សុទ្ធតែ​បង្ក​ឱ្យ​មាន​បញ្ហា​ប្រសិនបើ​អ្នកប្រើប្រាស់​ខ្វះ​ការអប់រំ ឬ​ចំណេះដឹង​អំពី​ប្រព័ន្ធ​ទំនាក់ទំនង​បច្ចេកវិទ្យា ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​ទំនាក់ទំនង​សង្គម។ លោក​បាន​ប្រៀបធៀប​ថា ការរៀនសូត្រ​ពី​ការប្រើប្រាស់​បណ្ដាញ​សង្គម​គឺ​ដូចគ្នា​ទៅ​នឹង​ការ​រៀន​បើកបរ​រថយន្ត​អ៊ីចឹង​ដែរ។ បើ​អ្នកបើកបរ​មិនទាន់​ចេះ​បើកបរ និង​មិន​ចេះ​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ពួកគេ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ។

លោក ម៉ូសេ មាន​ប្រសាសន៍​បន្ថែម​ថា៖ «បើ​អ្នកប្រើប្រាស់​អត់​បាន​រៀនសូត្រ​ឈ្វេងយល់​ពី​វា (ប្រព័ន្ធ​ទំនាក់ទំនង​បច្ចេកវិទ្យា​ទេ) គឺ​ដូចជា​ការ​កាន់​ចង្កូត​បើក​ឡាន​នៅ​លើ​ផ្លូវ​ដែល​យើង​អត់​បាន​រៀន (បើក​ឡាន) សោះ យើង​សំណាង​បើ​យើង​អត់អី ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​វិញ យើង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង»

ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​បាន​បង្ក​បញ្ហា​ផ្សេងៗ​ជាច្រើន​ដល់​អ្នកប្រើប្រាស់។ បញ្ហា​ទាំងនោះ​មាន​ដូចជា ការ​បាក់​ទឹកចិត្ត ការ​ថប់បារម្ភ ការ​យាយី ឬ​គំរាមកំហែង​តាម​ប្រព័ន្ធ​អនឡាញ ជំងឺ​ព្រួយបារម្ភ​ខ្លាច​ខ្លួនឯង​បាត់​ព័ត៌មាន បាត់បង់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​សម្រាក​ឬ​គេង និង​ជំងឺ​ញៀន​កាន់​ទូរស័ព្ទ។ល។

លោក ហឿ សេធុល អ្នកជំនាញ​ចិត្តសាស្ត្រ​ប្រចាំ​សាលា​អប់រំ​ពិសេស KCPS ដែល​ជា​ស្ថាប័ន​ផ្ដល់​សេវា​ប្រឹក្សា​យោបល់ និង​អប់រំ​ផ្លូវចិត្ត មាន​ប្រសាសន៍​ថា បណ្ដាញ​សង្គម​អាច​បង្ក​ផល​ប៉ះពាល់​ផ្លូវចិត្ត​ដល់​អ្នកប្រើប្រាស់​តាមរយៈ​ការ​ឃើញ​រូបភាព ឬ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​រន្ធត់ រូបភាព​មនុស្ស​ស្លាប់ ឬ​គ្រោះថ្នាក់​ដល់​ជីវិត ការ​វាយដំ​ឬ​ការ​ប្រើ​ហិង្សា​បំពារបំពាន​លើ​រូបរាងកាយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មើល​បាក់ស្បាត។

ចំណែក​ផល​ប៉ះពាល់​ចេញពី​អ្នកប្រើប្រាស់​ផ្ទាល់​វិញ គឺ​កង្វះ​ចំណេះដឹង​របស់​អ្នកប្រើប្រាស់​តែម្តង។ ពួកគេ​អាច​ផ្សព្វផ្សាយ​ឬ​ចែករំលែក​ព័ត៌មាន​ដែល​មាន​ភាព​អវិជ្ជមាន អសីលធម៌ ការ​ជេរប្រមាថ ការ​បរិហារកេរ្តិ៍​អ្នកដទៃ ការប្រើប្រាស់​ពាក្យពេចន៍​អសុរោះ​ដែល​អាច​ធ្វើ​ឱ្យ​កុមារ​ឬ​យុវជន​យក​គំរូ​តាម និង​មាន​អាកប្បកិរិយា​រស់នៅ​មិនល្អ​នៅក្នុង​សង្គម។

ដើម្បី​ការពារ​ខ្លួន​កុំ​ឱ្យ​មាន​គ្រោះថ្នាក់ និង​ប៉ះពាល់​ផ្លូវចិត្ត​ដោយសារ​ការប្រើប្រាស់​បណ្ដាញ​សង្គម លោក ហឿ សេធុល ណែនាំ​ថា៖ «វា​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​មានការ​ទទួល​ខុសត្រូវ ឱ្យ​ដឹង​ថា​អ្វី​ដែល​ខ្លួន​ធ្វើ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​មិនល្អ វា​អាច​មាន​ផល​អវិជ្ជមាន​ដល់​អ្នកដទៃ»

មិនទាន់​មាន​ការ​សិក្សា​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​ទៅលើ​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា​ដោយសារ​តែ​ការប្រើប្រាស់​បណ្ដាញ​សង្គម​នៅឡើយ​ទេ តែ​ទោះជាយ៉ាងណា លោក ហឿ សេធុល សន្និដ្ឋាន​ថា ទំហំ​នៃ​ផល​ប៉ះពាល់​គឺ​ធំ។ លោក​លើក​ហេតុផល​ថា អ្នកប្រើប្រាស់​ខ្លះ​បាន​ប្រើប្រាស់​សេរីភាព​របស់​ខ្លួន​ហួស​ព្រំដែន ដោយ​ធ្វើការ​ផ្សព្វផ្សាយ​មិន​គិត​ពី​ផល​ប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​ទៅដល់​ផ្លូវចិត្ត និង​ការប្រែប្រួល​អាកប្បកិរិយា​របស់​អ្នកដទៃ។

ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់​ទាំងនេះ អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​រូប​នេះ​ផ្តល់​ទស្សនៈ​ថា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​គួរ​ចែករំលែក​ព័ត៌មាន​ពិត​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ មិន​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម កុំ​ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ ការ​ជេរប្រមាថ ឬ​ការ​ច្រៀង​ចម្រៀង​ដោយ​ប្រើ​ភាសា​មាន​លក្ខណៈ​អាសអាភាស​ដែល​ជា​ការ​សាបព្រោះ​នូវ​វប្បធម៌​មិនល្អ​ដល់​ក្មេង និង​សិស្ស​សាលា៕

ប្រភព៖ www.focus-cambodia.com

(Visited 471 times, 1 visits today)