តើអ្នកបានទទួល សារឆបោក ក្នុងកម្មវិធី Whatsapp របស់ដែរឬទេ?

ក្នុងតំណាក់កាលដែលមានវិបត្តពិភពលោក រឿង មេរោគកូរូណា ឬកូវីត១៩ សកម្មភាពឆបោកនៅលើបណ្តាញអ៉ីធើណេតកាន់តែ​មាន​ច្រើន​ឡើងៗ​ជារៀង​រាល់​ថ្ងៃ​ តួយ៉ាង​នៅ​ថ្ងៃ​នេះ​ ខ្ញុំ​បាន​ទទួលសារ​មិន​មិត្ត​ភ័ក្ត​ម្នាក់​ ឲ្យ​ជួយ​ពិនិត្យ​មើល​ពី​សារ​មួយ​ក្នុង​ Whatsapp របស់គាត់។ ខាងក្រោមនេះ គឺជាលទ្ធផល​នៃ​ការពិនិត្យរបស់ខ្ញុំ។

រូបភាពថតពីអេក្រង់សារឥតប្រយោជន៍ដែលមិត្តភ័ក្តបានផ្តល់ឲ្យ

ស្វែងរកពាក្យគន្លឹះក្នុងសារ

ខ្ញុំបានចម្លងសារមួយចំនួនរបស់ សារឆបោក (scam) ហើយបាន​​បិទភ្ជាប់ (past) ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ស្វែង​រក Google.com។ នៅ​ក្នុង​លទ្ធផល​ដែល​ផ្តល់​ពី Google មាន​​អាស័យដ្ឋាន​វិបសាយ​​ មួយ​ដែល​​មាន​ឈ្មោះថា​ spamcalls.net បង្ហាញ​នូវ​លេខទូរស័ព្ទ​ និងលេខកូដទូរស័ព្ទតំណាង​ប្រទេស ដែលមាន​សារ​ដូចគ្នា​​ទៅហ្នឹង​សារ​ដែល​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​បាន​ផ្ញើមក​ខ្ញុំដែរ។

រូបភាពពថតពីអេក្រង់សារឥតបានការដែលបង្ហាញលើវិបសាយ spamcalls.net

ការពិនិត្យ​មើលលេខទូរស័ព្ទ

ក្រោយពីបានពិនិត្យ​មើលសារនេះហើយ​ ខ្ញុំបាន​យក​លេខ​ទូរស័ព្ទ​ដែលបាន​បង្ហាញក្នុង​​រូបភាពថត​ពីអេក្រង់​របស់​មិត្តភ័ក្តខ្ញុំ (+258 87 822 8712) យកទៅ​ស្វែងប្រទេស​មាន​ប្រើ​ប្រាស់​លេខទូរស័ព្ទ​​នេះ ក្នុងវិបសាយ spamcalls.net។ ជាលទ្ធផល លេខទូរស័ព្ទខាង​លើនេះ​ គឺមកពីប្រទេសមូហ្សំប៉ិក ស្ថិត​ក្នុងទ្វីបអាព្រិច។ សូមពិនិត្យមើលតំណរភ្ជាប់លទ្ធផល https://spamcalls.net/us-en/search?q=258878228712

រូបភាពពថតពីអេក្រង់របស់ប្រទេសលដែលមានលេខទូរស័ព្ទ​ +258878228712

ការពិនិត្យមើលអាស័យដ្ឋានអ៉ីម៉ែល

នៅក្នុងអត្ថបទសារឥតបានការនោះ​បាន​ណែនាំ​ឲ្យ​ធ្វើអ៉ីម៉ែល​ដោយ​មានភ្ជាប់​លេខ​កូដ​របស់អ្នក​ឈ្នះ​​ទៅ​កាន់​អាស័យដ្ឋាន​ info[@]whatsapgroup.org។ ខ្ញុំបាន​ធ្វើ​ការ​ពិនិត្យ​​នូវ​ ឈ្មោះវិបសាយ whatsapgroup.org (domain name) នេះបន្ត​ដើម្បី​ចង់ដឹងថា​ប្រភព​វា​មកពីណា​ និងអ្នកណាជាអ្នកចុះឈ្មោះ​ទិញវិបសាយ​​នេះ។

ខ្ញុំបានស្វែងរក​ព័ត៌មានអ្នកចុះឈ្មោះទិញវិបសាយនេះ​នៅក្នុង វិបសាយមួយឈ្មោះថា​​ who.is ហើយជាលទ្ធផលនោះ​គឺ​ អ្នកទិញ​ domain នេះ​បាន​ជាវ​សេវកម្ម​ឯកជនភាព ដើម្បីបិទបាំង​មិនឲ្យ​ស្វែងរក​ព័ត៌មាន​ផ្ទាល់ខ្លួនរបស់​អ្នកចុះឈ្មោះ​។ ប៉ុន្តែ​ who.is បាន​បង្ហាញ​ពី​ក្រុមហ៊ុន​ដែល​អ្នកចុះ​​ឈ្មោះ​បាន​ទិញ​ domain name នេះ​ ព្រមទាំងថ្ងៃខែ ដែលគេបានទិញ និងថ្ងៃខែដែលផុតកំណត់របស់ domain name បូករួមទាំងអាស័យដ្ឋានឈ្មោះម៉ាស៊ីនមេ (Name server) របស់វិបសាយនេះ។

រូបភាថតពីអេក្រង់លទ្ធផលស្វែងរករបស់វិបសាយ whatsapgroup.org ក្នុងវិបសាយ who.is

Web4Africa Inc. បង្កើតឡើងក្នុងឆ្នាំ ២០០២ គឺជាក្រុមហ៊ុន​ផ្គត់ផ្គង​​សេវាកម្ម​ hosting និង លក់ domain name ក្នុងទ្វីបអាហ្វ្រិច ហើយក៏ជា​មជ្ឈមណ្ឌល​ទិន្នន័យសម្រាប់ទូទាំង៤ប្រទេសដូចជា នៅទូទាំងប្រទេសហ្កាណានីហ្សេរីយ៉ានិងអាហ្វ្រិកខាងត្បូង។ នេះបើតាមព័ត៌មានដែលបានដកស្រង់​​ចេញ​ពី​វិបបសាយ​​ web4africa.net។

ការពិនិត្យមើលប្រព័ន្ធឈ្មោះវិបសាយ (DNS)

ខ្ញុំបានបន្តពិនិត្យមើល​ DNS របស់វិបសាយ whatsapgroup.org ដើម្បីបញ្ចាក់ពីទីតាំងរបស់​វិបសាយនេះ​ ក្រៅពីព័ត៌មានក្នុងប្រភព​ដែល​ខ្ញុំបាន​ស្វែងរក​ក្នុង who.is។ ខ្ញុំប្រើប្រាស់​វិបសាយ​ mxtoolbox.com (អ្នកអាចស្វែងរក DNS តាមវិបសាយជាច្រើនទៀត) ហើយជាលទ្ធផល ខ្ញុំបានរកឃើញថា​ ឈ្មោះវិបសាយ whatsapgroup.org បានចុះឈ្មោះទិញពីក្រុមហ៊ុន web4africa ដែលមានអាស័យដ្ឋាន IP 169.255.59.11។

រូបភាពពីអេក្រង់បង្ហាញពីលទ្ធផលស្វែងរក DNS របស់វិបសាយ whatsapgroup.org

ការពិនិត្យលំអិតពីវិបសាយ whatsapgrou.org ដោយប្រើប្រាស់ virustotal

ការវិភាគមើលពីវិបសាយ whatsaproup.org ក្នុង virustotal.com បានបញ្ជាក់បន្ថែមពី​ទីតាំង​របស់​វិបសាយនេះដូចគ្នាទៅហ្នឹងវិបសាយ who.is និង mixtoolbox.com គឺមកពីប្រទេសមូហ្សំប៉ិក​​ និងបាន​ចុះឈ្មោះទិញពីក្រុមហ៊ុន web4africa.net ដែលមាន IP 169.255.59.11។

ការសន្និដ្ឋាន

  • សារដែលទទួលបានក្នុងកម្មវិធី whatsapp គឺជា សារឆបោក​ (scam)។ Scam គឺជា ល្បិចបោកប្រាស់ទំនុកចិត្ត​ ដែលប៉ុនប៉ងបោកប្រាស់មនុស្សម្នាក់ ឬក្រុមដោយទទួលបានទំនុកចិត្តពីពួកគេ។
  • អាស័យដ្ឋានអ៉ីម៉ែលដែលបានដាក់​ឲ្យ​អ្នក​ទទួលសារ​ ផ្ញើអ៉ីម៉ែលទៅនោះ​ គឺមាន​ប្រភពពី​ប្រទេស មូហ្សំប៉ិក
  • លេខទូរស័ព្ទ​ដែលបាន​បង្ហាញ​ក្នុង whatsapp នោះ​គឺជាលេខទូរស័ព្ទមកពីប្រទេស មូហ្សំប៉ិកដែរ
  • ក្រុមហ៊ុន​ដែលលក់សេវាកម្ម hosting និង domain name ក៏មានប្រភពពីប្រទេស ម៉ូហ្សំប៉ិកដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន web4africa.net នេះ​ គ្រាន់តែជាក្រុមហ៊ុន​លក់នូវសេវាកម្ម​ domain name និង hosting ប៉ុណ្ណោះ គឺមិនអាចបញ្ជាក់ថាក្រុមហ៊ុននេះ​មានចេតនាណា​មួយក្នុងការប្រព្រឹត្តការឆបោកនេះនោះទេ ផ្ទុយទៅវិញ អ្នកជាវសេវាកម្ម​ដែលជាអ្នក​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោល​បំណងឆបោក​។
  • វិបសាយ whatspgroup.org បន្លំឈ្មោះស្រដៀងនឹងក្រុមហ៊ុនពិតប្រាកដ គឺ Whatsapp.com។ គេហទំព័រ whatsapgroup.org គឺមិនមានរូបរាង និងព័ត៌មាន​បង្ហាញ​នោះទេ ពេលយើងចូល​ទៅពិនិត្យមើល។
  • អ្នកប្រើប្រាស់គួរ ប្លក់លេខដែលបានផ្ញើសារនេះមក រួចលុបសារនេះចេញ។ អ្នកប្រើប្រាស់មិនគួរ​ឆ្លងឆ្លើយ​ជាមួយនឹង​លេខទូរស័ព្ទនេះ ឬផ្ញើសារទៅកាន់អាស័យដ្ឋានអ៉ីមែលក្នុងសេចក្តីណែនាំ​ក្នុងសារបោកបញ្ឆោតនេះទេ។ សូមអាចបន្ថែមនូវព័ត៌មានដែលក្រុមហ៊ុន​ whatsapp.com បានណែនាំ ដូចក្នុងតំណរភ្ជាប់នេះ​ https://faq.whatsapp.com/28030005

សូមបញ្ជាក់ថា៖ នេះគ្រាន់តែជាការ ពិនិត្យមើល និងវិភាគពីចេតនាល្បិចឆបោករបស់សារដែលបានផ្ញើដូចបានរៀបរាប់ខាងលើនេះ។ នេះជាការយល់ឃើញផ្ទាល់ខ្លួន និងមិនមានចេតនាណាមួយក្នុងចោទប្រកាន់​សេវាកម្ម​ដែលមានក្នុងអត្ថបទនេះនោះទេ។

(Visited 274 times, 1 visits today)