អ្នកសារព័ត៌មាន​និង​សកម្មជន​ថា ច្រក​ទ្វារ​អ៊ីនធឺណិត​កម្ពុជា បង្កើន​ការភ័យខ្លាច

ក្រុម​អ្នក​សារព័ត៌មាន ​និង​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​គាំពារ​ផ្នែក​សេរីភាព​សារព័ត៌មាន ​និង​សិទ្ធិបញ្ចេញ​មតិ បាន​លើក​ឡើង​ថា​ ចំណាត់ការ​ច្បាប់​ថ្មីៗ​ចុង​ក្រោយ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​ គឺ​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ បាន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន ​និង​ពលរដ្ឋ​ទូទៅ​កាន់​តែ​ភ័យ​ខ្លាច​ក្នុង​ការបំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ ឬ​ការបញ្ចេញ​មតិ​ដោយ​សេរី។

លោក ឃុត សុគុណ អ្នក​យក​ព័ត៌មាន​ម្នាក់​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​(វីអូឌី) បាន​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នេះមក លោក​កាន់តែ​មាន​ភាព​ប្រយ័ត្នប្រយែង​ជាង​មុន​ក្នុង​ការ​រាយការណ៍​ព័ត៌មាន។

លោក ​ឃុត សុគុណ​ បាន​បន្ថែម​ថា៖

«ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ឯង ហើយ​ក៏​មាន​ការ​ដូច​របៀប​ភ័យ​ខ្លាច​ដែរ។ បើសិន​យើង​និយាយ​អី គាត់[រដ្ឋាភិបាល] បាន​ដឹង​អី​ទាំង​អស់​អ៊ីចឹង ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព»។

លោក សុគុណ ​ដែល​បាន​បម្រើ​ការងារ​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​វីអូឌី​ជាច្រើន​ឆ្នាំ​មក​ហើយ​ បាន​រង​ការ​សំឡុត ការគំរាម ​និង​ការដក​ហូត​សម្ភារៈ​រាយការណ៍​ព័ត៌មាន​របស់​លោក​ពី​សំណាក់​អាជ្ញាធរ ពេល​លោក​ចុះ​យក​ព័ត៌មាន​អំពី​បាតុកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​នៅ​ខេត្ត​ពោធិ៍សាត់​កាល​ពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក​ប្រាប់​វីអូអេ​ថា ការបង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិនេះ មិន​បាន​ជួយ​ដល់​ការបំពេញ​ការងារ​វិជ្ជាជីវៈ​ឯករាជ្យ​របស់​លោក​ទេ តែ​វា​កាន់​តែបង្កើន​ការ​ភ័យ​ខ្លាច​ទៅ​វិញ៖

«និយាយ​រួម​វា​ពិបាក​ក្នុង​ការ​ធ្វើ​ការ​ងារ។ យើង​មិន​អាច​ប្រមូល​ព័ត៌មាន​អី​ឲ្យ​បាន​ស្រួល»។

ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​ ត្រូវ​បាន​សម្រេច​ដោយ​អនុក្រឹត្យ​មួយ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​អ្នក​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ត្រូវ​ត​ភ្ជាប់​បណ្តាញ​របស់​ខ្លួន​ចូល​តាម​ច្រក​តែ​មួយ នៅ​ត្រឹមខែ​កុម្ភៈ​ ឆ្នាំ​២០២២។

ការ​តម្រូវ​ឲ្យ​មាន​ការ​តភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ចូល​តាម​ច្រក​ជាតិ​តែ​មួយ​នេះ អនុញ្ញាតឲ្យ​រដ្ឋាភិបាល​ អាច​គ្រប់គ្រង​បានត្រាហ្វ៊ិក ​ឬ​ចរាចរណ៍​អ៊ីនធឺណិត​ទាំងអស់​ពី​ច្រក​ទ្វារ​ជាតិ​ និង​អន្តរជាតិ​ទាំង​តាមផ្កាយរណប ទាំង​តាម​ខ្សែ​កាប្លិ៍​អុបទិក​លើ​គោក​និង​ក្រោម​បាត​សមុទ្រ។ ​ការណ៍​នេះ​ ​ញ៉ាំង​ឲ្យ​ក្រុម​អ្នក​រិះគន់​ និង​អ្នក​តាម​ដាន​ពី​សុវត្ថិភាព​តាម​បណ្តាញ​អ៊ីនធឺណិត​បារម្ភ​ថា ​រដ្ឋាភិបាល​អាច​កាត់​ផ្តាច់ ​ឬ​ធ្វើ​អ្វី​ក៏​បាន​ទៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ទៅ​តាម​ចំណង់​របស់​រដ្ឋាភិបាល។

លោក​បណ្ឌិត Robin Ramcharan នាយក​ប្រតិបត្តិ​នៃ​អង្គការ ​Asia Centre ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​វីអូអេ​កាល​ពី​ខែ​កញ្ញា​យ៉ាង​ដូច្នេះ​ថា

«ដូច្នេះ ក្នុង​បរិបទ​នៃ​បរិយាកាស​ព័ត៌មាន​ដែល​ត្រូវ​បាន​គ្រប់គ្រង ឬ​ស្ទើរ​តែ​ត្រូវ​បាន​គ្រប់គ្រង​ទាំង​ស្រុង​រួច​ទៅ​ហើយរួម​ទាំង​បរិយាកាស​អ៊ីនធឺណិត​បច្ចុប្បន្ន​នេះ​ផង ការភ័យ​ខ្លាច​បានកើន​ឡើង ដោយសារ​សមត្ថភាព​គ្រប់គ្រង​អ៊ីនធឺណិត បាន​កើន​ឡើងយ៉ាង​ខ្លាំង ហើយវា​អាច​ទៅ​រួច​ដែល​រដ្ឋាភិបាល ​អាច​បិទ​កុងតាក់​អ៊ីនធឺណីតតែ​ម្តង ពេល​ដែល​ខ្លួន​ចង់​ធ្វើ​បែប​នេះ»។

របាយការណ៍​ថ្មី​ចុងក្រោយ​របស់​អង្គការ​ Asia Centre ដែល​មាន​ចំណង​ជើង​ថា ​«សេរីភាព​អ៊ីន​ធឺណិត​នៅ​កម្ពុជា៖​ ច្រក​ទ្វារ​ដើម្បី​គ្រប់គ្រង»​ (Internet Freedoms in Cambodia: A Gateway to Control) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​កញ្ញា បាន​សរសេរ​ថា៖​

​«ដោយ​ប្រឈម​នឹង​ការ​គំរាមកំហែង និង​ការ​បញ្ឆោត​តាម​បណ្តាញ​សង្គម ក្រុម​អ្នក​រិះ​គន់​ និង​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​រឹតត្បិត ​ឬ​កំហិត​ខ្លួនឯង​ និង​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រឡូក​ក្នុង​ឆាក​នយោបាយ ដើម្បី​ធានា​ការ​រស់រាន​មាន​ជីវិត​របស់​ពួកគេ»។

អ្នក​ស្រី ឆន សុគន្ធា នាយិកា​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​វិទ្យុ​វីអូឌី​ បាន​ប្រាប់​វីអូអេ​ថា ​មិន​ត្រឹម​តែ​អ្នក​សារព័ត៌មាន ឬ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ប្រកាន់​យក​និន្នាការឯករាជ្យ​ទេ សូម្បី​ពលរដ្ឋ​សាមញ្ញ ក៏​កាន់​តែភ័យ​ខ្លាចក្នុង​ការបញ្ចេញ​មតិ​របស់​ពួកគេ​លើ​បណ្តាញ​សង្គម ដោយ​សារ​តែ​ផល​ជះ​អវិជ្ជមាន​ដែល​អាច​កើត​ចេញ​ពី​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ច្រក​អ៊ីនធឺណិត​ជាតិ។

អ្នកស្រី​បន្ថែម​ថា៖​

«ក្រោយ​ពី​អនុក្រឹត្យ​ស្តីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​តែ​មួយ​នេះ បាន​ចេញ​ គឺ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ មាន​ការ​ភ័យ​ខ្លាច​ជាង​មុន នៅពេល​ដែលប្រើប្រាស់​ មាន​ការប្រយ័ត្នប្រយែង»។

អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ដែល​មាន​១១​ជំពូក​ និង​២០​មាត្រា​នេះ ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​កំហិត​ ព្យួរ ឬ​ដក​អាជ្ញាបណ្ណ​ប្រតិបត្តិករ ​ឬ​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិតណា​ដែល​រដ្ឋាភិបាល​រក​ឃើញ​ថា ​ល្មើស​នឹង​បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ។

​លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) បាន​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​នៅ​ដើម​ខែ​តុលា​នេះ​ថា៖

«អនុក្រឹត្យ​នេះ អនុញ្ញាត​ឲ្យ​មន្ត្រី​ក្រសួង​ជំនាញ​របស់​រដ្ឋាភិបាល​ លោកអាច​តាម​ដាន និង​ពិនិត្យ​ ហើយ​អាច​ឈាន​ទៅបិទ​តែ​ម្តង​នៅ​ពេល​ដែល​លោក​ពិនិត្យ​ឃើញ​ថា​ឬ​ក៏​សង្ស័យ​អំពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នេះ​ក្នុង​របៀប​មួយ​ដែល​លោក​យល់​ថា មិនមិនត្រឹមត្រូវ​ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»។

សេរីភាព​សារព័ត៌មាន ​និង​ការ​សម្តែង​មតិ​ដោយ​សេរី បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ចាប់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​លើក​ចុង​ក្រោយ​ឆ្នាំ​២០១៨​ ក្រោយ​ពី​មានយុទ្ធនាការ​បង្ក្រាប​ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​លើគណបក្ស​សង្គ្រោះជាតិ​ដែល​ជាបក្ស​ប្រឆាំង​ និង​ជា​គូប្រកួតប្រជែង​អំណាច​ដ៏មាន​សក្តានុពល​មួយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​នៅ​សេស​សល់​តែ​បន្តិច​បន្តួច​នៅ​កម្ពុជា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរ​តែ​ទាំង​អស់​ ជាពិសេស​ គឺ​បណ្តាញ​វិទ្យុ​ និង​ទូរទស្សន៍​ក្នុង​ស្រុក ត្រូវ​បាន​គ្រប់​គ្រង​ ស្ថិត​ក្រោម​ឥទ្ធិពល ​ឬ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ​និង​បុគ្គល​មាន​អំណាច​ទឹក​ប្រាក់​ និង​នយោបាយ។

រូបឯកសារ៖ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។ (វីអូអេ)

បណ្តាញ​សង្គម ​និង​អ៊ីនធឺណិត ដែល​ជា​ដង្ហើម​នៃ​សេរីភាព​បញ្ចេញ​មតិ​ចុង​ក្រោយ​មួយ​របស់​ពលរដ្ឋ​ ក៏​ត្រូវ​បាន​រឹតត្បិត​ដោយ​អាជ្ញាធរ​ដែល​បាន​ប្រើប្រាស់​វិធាន​ច្បាប់​និង​បទបញ្ញត្តិ​មួយ​ចំនួន​ ដើម្បី​បំភិតបំភ័យ​ និង​បំបិទ​សំឡេង​ក្រុម​ប្រឆាំង​ ឬ​អ្នករិះគន់​នយោបាយ​ និង​សង្គម។ នេះ​បើ​ផ្អែក​តាមក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​រួម​ទាំងអ្នក​រាយការណ៍ពិសេស​របស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង។

ការ​បង្កើត​ច្រក​អ៊ីនធឺណិតតែ​មួយ​នេះ​ គឺ​ជា​វិធានការ​ចុងក្រោយ​បង្អស់​មួយ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​សិទ្ធិមនុស្ស​ និង​នយោបាយ​ មើល​ឃើញ​ថា​ ជា​ឧបករណ៍​ផ្លូវ​ច្បាប់​មួយ​ទៀត​ ក្នុង​ការ​បង្កើន​ការ​ភ័យ​ខ្លាច​លើ​ក្រុម​អ្នករិះគន់​ និង​អ្នក​ប្រឆាំង​រដ្ឋាភិបាល។

នៅ​ឆ្នាំ​២០១៥ កម្ពុជា​ ក៏​បាន​អនុម័ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​រួច​ទៅ​ហើយ​ ទោះ​ជា​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ថា​ច្បាប់​នេះ ​បាន​ផ្តល់​អំណាច​កាន់​តែ​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​សម្ពាធ​លើ​អ្នក​មាន​មតិ​ជំទាស់ ​ឬ​មិនស្រប​ជាមួយ​រដ្ឋាភិបាល​ក៏​ដោយ។

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជា​មួយ​វីអូអេ​ថា ​ដូច​បណ្តា​ប្រទេស​នានា​នៅ​លើ​សកល​លោក​ដែរ កម្ពុជា​ ត្រូវ​ការ​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺណិត ដើម្បី​កុំ​ឲ្យ​មាន​ភាព​«អាណាធិបតេយ្យ»។

«រដ្ឋ​បាន​ប្រមូល​ផ្តុំ​ឲ្យ​ទៅ​ជា ​Gate [ច្រក​ទ្វារ] មួយ​សម្រាប់​គ្រប់គ្រង​ មិន​ត្រឹម​តែ​សម្រាប់ហិរញ្ញវត្ថុ​ចូល​ទៅ​ក្នុង​ជាតិ​ទេ​ គឺ​យើង​គ្រប់គ្រង​សម្រាប់​ភេរវកម្ម​អនឡាញ​ទៅ​ទៀត។ អាហ្នឹង​ជា​កាតព្វកិច្ច​នៃ​ប្រទេស​នីមួយៗ។​ តើ​ប្រទេស​ណា ​មិន​គ្រប់គ្រង​អនឡាញ​ ឬ​អ៊ីនធឺណិត​ហ្នឹង?»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា «មិនមាន​គំនិត​ណាមួយ​ក្នុង​ការរឹតត្បិត​សិទ្ធិ​សេរីភាព»​របស់​ពលរដ្ឋ​កម្ពុជាដោយ​ប្រើប្រាស់​ច្បាប់​ ឬ​អនុក្រឹត្យ​នេះ​ទេ។

កម្ពុជា​ មាន​អ្នក​ចុះ​ឈ្មោះ​តភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​ជាង​១៧​លាន​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ២០២១។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា

ចំណែក​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ទូទាំង​ប្រទេស ​មាន​ជិត​៩​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​របស់​ខ្លួន​ប្រមាណ​១៦​លាន​នាក់។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​Statista

លោក ង៉ែត ម៉ូសេ អ្នក​ផ្តល់​ប្រឹក្សា​បច្ចេកវិទ្យា​អ៊ីនធឺណិត​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ថា​ ថ្វីត្បិត​តែ​ផ្នែក​ខ្លះនៃ​អនុក្រឹត្យ​ថ្មី​នេះ មាន​គោលបំណង​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ​ដែល​បាន​បាត់​បង់​ដោយ​សារ​ការ​គេចពន្ធ​ពី​ប្រតិបត្តិករ​អ៊ីនធឺណិត​ខ្លះ​កន្លង​មក​ក៏​ដោយ ក៏​រដ្ឋាភិបាល​គួរ​តែ​ធានា​ថា ​ការ​អនុវត្ត​បទ​បញ្ញត្តិ​ថ្មី​នេះ មិន​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ទៅ​លើ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ និង​អ្នក​ប្រើ​បណ្តាញ​សង្គម ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន ​និង​ពលរដ្ឋ​ទូទៅ​ អាច​ចូល​រួម​យ៉ាង​សកម្ម​ឡើងវិញ​នៅ​ក្នុង​រាយការណ៍​ព័ត៌មាន​និង​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​ដោយ​សេរី​ទាក់ទង​នឹង​បញ្ហា​សង្គម ​និង​នយោបាយ៕

ប្រភព៖ VOA Khmer

(Visited 34 times, 1 visits today)