សាវតារ នៃការសិក្សា
នៅចុងខែមិថុនា ឆ្នាំ២០២៥ ឧប្បត្តិហេតុនៅតាមព្រំដែនមួយបានបណ្ដាលឱ្យទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិត[i] ដែលធ្វើឱ្យភាពតានតឹងរវាងកម្ពុជា និងថៃកាន់តែមានកម្តៅកើនឡើង។ បន្ទាប់ពីហេតុការណ៍នេះ សមាជិកនៃសហគមន៍អ្នកបញ្ចូលទិន្នន័យទីតាំងផែនទី Google របស់ Cambodia Local Guides Connect បានចាប់ផ្តើម[ii]កត់សម្គាល់សកម្មភាពមិនប្រក្រតីមួយចំនួននៅលើ Google Maps។
សហគមន៍អ្នកបញ្ចូលទិន្នន័យទីតាំងផែនទី Google បានសង្កេតឃើញទីតាំងថ្មីៗបានលេចឡើងជាភាសាថៃនៅលើទឹកដីកម្ពុជា ដែលមានខ្លឹមសារប្រមាថមើលងាយ និងកំណត់គោលដៅលើឥស្សរជនក្នុងស្រុក[iii]។ ពេលវេលា និងលំនាំទាំងនេះបានបង្ហាញថា បញ្ហាដែលកើតឡើងទាំងនេះ មិនមែនជាឧប្បត្តិហេតុចៃដន្យនោះទេ ប៉ុន្តែជាសកម្មភាពឌីជីថលដែលមានការរៀបចំទុក ដែលភ្ជាប់ទៅនឹងជម្លោះព្រំដែនដែលកំពុងមានជម្លោះជាក់ស្តែង។
ក្រុមអ្នកស្ម័គ្រចិត្តរបស់សហគមន៍ក្នុងស្រុក បានផ្តួចផ្តើមការកត់ត្រា[iv]ជាប្រព័ន្ធដើម្បីស្វែងយល់ពីវិសាលភាពនៃការយាយីឌីជីថលនេះ។ ការស៊ើបអង្កេតរបស់យើងបង្ហាញថា Google Maps ដែលត្រូវបានរចនាឡើងដើម្បីជួយមនុស្សរុករកទីតាំងនៅលើពិភពលោក ត្រូវបានគេប្រែក្លាយទៅដូចជាកន្លែងក្មេងលេងធ្វើការសកម្មភាពរំលោភបំពាន និងបៀតបៀនជាប្រព័ន្ធ ជំនួសឱ្យការបម្រើដល់គោលបំណងដើមរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានភូមិសាស្ត្រត្រឹមត្រូវ។
សេចក្តីសង្ខេបរបាយការណ៍
របាយការណ៍នេះកត់ត្រាពីការយាយីជាប្រព័ន្ធដែលកំណត់គោលដៅលើប្រទេសកម្ពុជា តាមរយៈការកែប្រែទីតាំងនៅលើ Google Maps។ ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក និងការវិភាគបច្ចេកទេសបានរកឃើញការរំលោភបំពានយ៉ាងទូលំទូលាយ ដែលប៉ះពាល់ដល់អធិបតេយ្យភាពឌីជីថល កេរ្តិ៍ឈ្មោះទេសចរណ៍ និងសុវត្ថិភាពសហគមន៍របស់ប្រទេសកម្ពុជា។
យើងបានកត់ត្រានូវទីតាំង Google Maps ដែលមានបញ្ហាចំនួន ៥៦៨ ទីតាំងនៅទូទាំង ១៨ ខេត្ត រាជធានី។ យើងបានរកឃើញថាទីតាំងនៃការរំលោភបំពានចំនួន ៣៤១ ដែលនៅមានសកម្មភាព ទោះបីមានកិច្ចខិតខំប្រឹងប្រែងរាយការណ៍ពីសហគមន៍ក៏ដោយ។
យើងក៏បានធ្វើការវិភាគទៅលើការវាយតម្លៃ (Review) ចំនួន ៧១៧ ក្នុងរយៈពេល ៥១ ថ្ងៃ បង្ហាញពីយុទ្ធនាការការធ្វើការវាយតម្លៃ (Review) ដែលទំនងជាមានការរៀបចំទុក។ ៣៥% នៃគោលដៅដែលបានកំណត់ គឺលើឃុំជាប់តាមព្រំដែន។ ៦៨% មកពីគណនីអ្នកបញ្ជូលទិន្នន័យផែនទីកម្រិតទាបដែលគួរឱ្យសង្ស័យ។
ការវាយប្រហារទាំងនេះកំណត់គោលដៅលើទីតាំងសំខាន់ៗដែលពិសិដ្ឋបំផុតរបស់កម្ពុជា រួមមាន សារមន្ទីជាតិ ព្រះបរមរាជវាំង និងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៀត។ ក្រុមអ្នកវាយប្រហារបានបង្កើតទីតាំងដែលមានទម្រងបៀតបៀនថ្មីៗដែលដាក់ឈ្មោះទីតាំងប្រើប្រាស់ភាសាប្រមាថមើលងាយ។
យុទ្ធនាការជាប្រព័ន្ធនេះបានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពឌីជីថលរបស់កម្ពុជា តាមរយៈការដៅទីតាំងក្លែងក្លាយ ការយាយីលើឥស្សរជនសាធារណៈ ព័ត៌មានមិនពិតអំពីទឹកដី ការកំណត់គោលដៅទៅលើទីតាំងវប្បធម៌ និងការក្លែងបន្លំចំណាត់ថ្នាក់អាជីវកម្ម (Business rating)។ ខេត្តជាប់ព្រំដែនប្រឈមមុខនឹងការវាយប្រហារ ធ្ងន់ធ្ងរបំផុត តាមរយៈការដៅទីតាំងថ្មីៗ។ តំបន់ទេសចរណ៍ និងរាជធានីភ្នំពេញត្រូវបានកំណត់ជាគោលដៅជាយុទ្ធសាស្ត្រ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ទីតាំងវប្បធម៌ដ៏ពិសិដ្ឋៗ រួមទាំងទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងស្ថាប័នព្រះមហាក្សត្រ ប្រឈមមុខនឹងការប្រមាថមើលងាយដោយចេតនា តាមរយៈការផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារប្រមាថមើលងាយ។
ការប្រមូលផ្តុំនៃការរំលោភបំពាននៅក្នុងខេត្តជាប់ព្រំដែនថៃ (កោះកុង៖ ៣៣.១% ឧត្ដរមានជ័យ៖ ១៥.២%) និងការប្រើប្រាស់អក្សរថៃយ៉ាងលើសលប់ (៩៥%) បង្ហាញពីការបៀបបៀនឆ្លងដែនដែលមានការរៀបចំទុក។ ចំណងជើងទីតាំងថ្មីៗដែលមានការរំលោភបំពានភាគច្រើនគឺប្រើប្រាស់ភាសាថៃ។ អ្នកវាយតម្លៃ (Reviewer) ភាគច្រើនមានប្រភពដើមពីប្រទេសថៃ ដែលបញ្ជាក់ពីលក្ខណៈឆ្លងដែននៃយុទ្ធនាការយាយីជាប្រព័ន្ធ។
ការវិភាគការវាយតម្លៃ (Review) ចំនួន ៧១៧ ពីអ្នកវាយតម្លៃ (Reviewer) ៦០៨ នាក់ បញ្ជាក់ពីការយាយីដែលមានការរៀបចំ ដោយ ៨៦.៨% នៃការវាយតម្លៃ (Review) នៅក្នុងខែសីហា ឆ្នាំ២០២៥។ ការវិភាគខ្លឹមសារនៃពាក្យវាយតម្លៃ (Review text) បង្ហាញថា ២៩.៣% មានការគំរាមកំហែងដោយផ្ទាល់ ការវាយប្រហារនយោបាយ ឬព័ត៌មានមិនពិតអំពីទឹកដី។ ៩៧.៨% ប្រើប្រាស់អក្សរថៃ ដោយកំណត់គោលដៅលើទីតាំងនៃកម្ពុជា ។ ៦៨.៤% មកពីគណនីថ្មី ឬគណនីមានកម្រិតទាប ដែលបញ្ជាក់ពីការយាយីឆ្លងដែនតាមឌីជីថលជាប្រព័ន្ធ។
រយៈពេលប្រមូលទិន្នន័យ៖ ថ្ងៃទី ៣-១៨ ខែសីហា ឆ្នាំ២០២៥ (ទីតាំង), ថ្ងៃទី ១ ខែកក្កដា – ២១ ខែសីហា ឆ្នាំ២០២៥ (ការវាយតម្លៃ/Review)។
[i] Seoung, N., & Khuon, N. (2025, May 29). Cambodia, Thailand to Hold Talks After Deadly Border Clash; Tensions Ease but Troops Still Sent. CamboJA-News. https://cambojanews.com/cambodia-thailand-to-hold-talks-after-deadly-border-clash/
[ii] Chy, S. (2025, August 3). Cambodia Google Maps Mega Edit Marathon: Fix the Map, Help the Community. Local Guides Connect. https://www.localguidesconnect.com/t/recap-in-person-cambodia-august-03-cambodia-google-maps-mega-edit-marathon-fix-the-map-help-the-community/484854
[iii] Chy, S. (2025, August 10). Cambodia Mega Edit – Map Data Problem Marathon (Phase II). Local Guides Connect. https://www.localguidesconnect.com/t/recap-in-person-cambodia-august-10-cambodia-mega-edit-map-data-problem-marathon-phase-ii/485463
[iv] Chy, S. (2025, August 21). Cambodia Local Guides: Working as a Team to Identify Maps Problems. Local Guides Connect. https://www.localguidesconnect.com/t/cambodia-local-guides-working-as-a-team-to-identify-maps-problems/486706
ទាញយករបាយការណ៍៖
ភាសាខ្មែរ
English
តាមដានវិបសាយផ្លូវការរបស់ Cambodia Local Guide
សង្ខេបបទបង្ហាញ













