វិភាគ៖ នៅពេលពលរដ្ឋកាន់តែច្រើនក្លាយជាអ្នកកាសែតធ្វើឲ្យសង្គមអស់អាថ៌កំបាំង?

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានចំនួនកាសែត ទស្សនាវដ្តី និងព្រឹត្តិបត្រជាភាសាខ្មែរនៅក្នុងឆ្នាំ២០១០មាន៦២៣ ហើយចំនួននេះមានការកើនឡើងជាបន្តបន្ទាប់។ ចំណែកស្ថានីយ៍វិទ្យុនៅភ្នំពេញមានចំនួន ៤០ នៅតាមបណ្តាខេត្តមានចំនួន៥១ ខណៈស្ថានីយ៍ទូរទស្សន៍ផ្សាយផ្ទាល់នៅភ្នំពេញមានចំនួន១០ នៅខេត្តមានចំនួន៧។

ចំនួននេះមិនទាន់រាប់ពីបញ្ចូលពីទូរទស្សន៍ខ្សែកាបនៅភ្នំពេញមានចំនួន២នៅតាមបណ្តាខេត្តមានចំនួន១០២ ទៀតនោះទេ។ លើសពីនោះនៅមានទូរទស្សន៍និងវិទ្យុផ្សាយបន្តពីបរទេសមានចំនួន៥ទៀត។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានថ្លែងថាប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅ៩៩,២២%មានមធ្យោបាយសម្រាប់ទទួលព័ត៌មាន ដោយមិនទាន់គិតទៅដល់ការទទួលព័ត៌មានតាមអ៊ិនធឺណែតនិងទូរសព្ទដៃដែលកំពុងពេញនិយម។

ថ្វីបើស្ថាប័នព័ត៌មានច្រើនយ៉ាងនេះក្តី តែពលរដ្ឋមួយភាគធំពួកគេថាទទួលបានព័ត៌មានតែមួយជ្រុងប៉ុណ្ណោះ កាលពីមិនទាន់មានហ្វេសប៊ុកប្រើ។ នោះក៏ដោយសារតែវិទ្យុនិងទូរទស្សន៍ស្ទើតែទាំងអស់ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថាមានទំនោទៅរកគណបក្សកាន់អំណាច មិនហ៊ានផ្សាយពីចំណុចខ្វះខាត។

យ៉ាងណាក៏ដោយពលរដ្ឋមួយភាគធំជាពិសេសយុវជន ពួកគេមិនសូវជឿលើការផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកប៉ុន្មានទេ នោះក៏ព្រោះតែពួកគេថាព័ត៌មានពិតក្នុងសង្គមមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយទាំងនោះមិនហ៊ានផ្សាយ។ ហេតុដូច្នេះហើយបានជាយុវជនភាគច្រើនប្រើទូរសព្ទទំនើបដោយមានភ្ជាប់អ៊ីនធឺណែតដើម្បីតាមដានព័ត៌មាននានាក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ យុវជនទាំងនោះក៏បានជួយបង្រៀន ឳពុក ម្តាយ និងចាស់ៗនៅតាមភូមិឲ្យចេះប្រើហ្វេសប៊ុកផងដែរ។

កាលពីចុងសប្តាហ៍នេះមានព្រឹត្តិការណ៍ដង្ហែសពលោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើតនៅខេត្តតាកែវ។ ពេលនោះប្រព័ន្ធផ្សាយដែលឯករាជ្យបានផ្សាយថាមានមនុស្សចូលរួមពីមួយលាននាក់ទៅ២លាននាក់ ប៉ុន្តែទូរទស្សន៍ខ្លះផ្សាយថាមានអ្នកចូលរួមតែ៣០០នាក់ទៅមួយម៉ឺននាក់ប៉ុណ្ណោះ។

អ្នកប្រើហ្វេសប៊ុកខ្លះបានរិះគន់ការផ្សាយបែបនេះថា ជាមូលហេតុធ្វើឲ្យមហាជនដកសេចក្តីទុកចិត្តលើទូរទស្សន៍មួយចំនួននោះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី កត់សំគាល់ពីនិន្នាការរបស់ពលរដ្ឋកម្ពុជាក្នុងការតាមដានព័ត៌មានក្នុងសង្គមបច្ចុប្បន្ន។

លោកមានប្រសាសន៍ថា៖ សូម្បីតែយើងសម្លឹងមើលនៅតាមហាងកាហ្វេ គឺព្រលឹមឡើងមនុស្សទៅនៅតាមហាងកាហ្វេហ្នឹង អ្វីដែលគេចាំមើល គឺគេចាំមើលព័ត៌មានពេលព្រឹកហ្នឹង ហើយនៅក្នុងព័ត៌មានពេលព្រឹកហ្នឹង ក៏គេជម្រើសទៀត គេថាគេមើលតែប៉ុស្តិ៍ណាដែលរាងហ៊ាននិយាយ ហើយនិយាយត្រូវ និយាយត្រង់ គ្រាន់តែថាកម្រិតត្រូវនិងត្រូវហ្នឹងវាមានកម្រិត វាមិនបានដូចដែលយើងមើលឃើញក្នុងហ្វេសប៊ុក ក៏យើងមិនថាហ្វេសប៊ុកហ្នឹងផ្តល់ព័ត៌មានពិតអីទាំងអស់ដែរ ដូចដែលយើងឃើញអញ្ចឹង គ្រប់និន្នាការប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល យើងឃើញមានកាសែតមួយចំនួនដែលគាំទ្ររដ្ឋាភិបាលក៏ព្យាយាមប្រើហ្វេសប៊ុកក៏ព្យាយាមបញ្ជូនព័ត៌មានរបស់ខ្លួនដែលជាព័ត៌មានបំភ័ន្តដែរ

អ្នកគ្រប់គ្រងកាសែតមួយចំនួនកំពុងតែបារម្ភពីការបិទអាជីវកម្មរបស់ខ្លួនដោយសារតែមានការប្រកួតប្រជែងព័ត៌មានលឿនរហ័សតាមបណ្តាញសង្គមនិងគេហទំព័រមួយចំនួន។

ទិន្នន័យពី Facebook.com បង្ហាញថាចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម (Facebook) នៅកម្ពុជាមាន៤ ២៣០១៦៨(រាប់ទាំងអ្នកមានគណនីលើសពីមួយ ចន្លោះអាយុចាប់ពី១៣ឆ្នាំដល់លើស៦៥ឆ្នាំ)។

ពលរដ្ឋភាគច្រើននិយាយថា ពួកគេបានទទួលព័ត៌មានលឿនគឺតាមរយៈហ្វេសប៊ុកនេះឯង។

លោកបណ្ឌិត មាស នី យល់ថានៅពេលពលរដ្ឋមានចំណេះនិងចេះប្រើបច្ចេកវិទ្យាផងនោះ លោកថាស្ថាប័នរដ្ឋពិបាកនឹងលាក់ព័ត៌មានរស៊ើបរបស់ខ្លួន។ លោកមានប្រសាសន៍ថា៖ អ្វីដែលធ្វើឲ្យមនុស្សសម័យនេះ វាទៅជាបង្កចលនាមួយដើម្បីប្រឈម សូម្បីតែទូរទស្សន៍របស់រដ្ឋឬក៏ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលព្យាយាមលាក់បាំងរឿងខ្លះ ក៏សាធារណជនគឺទាមទារធ្វើការតិះទៀនទៅលើការអនុវត្តឬធ្វើការប្រព្រឹត្តបែបហ្នឹងទៅលើប្រព័ន្ធផ្សព្វផ្សាយហ្នឹង អញ្ចឹងនៅក្នុងផ្នែកហ្នឹង បានន័យថាពលរដ្ឋកាលណាគាត់មានចំណេះដឹងគ្រប់គ្រាន់គឺគាត់អាចមានលទ្ធភាពសួររកព័ត៌មានផ្សេងៗទៀតដែលគាត់ចង់បាន”

នៅពេលពលរដ្ឋត្រូវការព័ត៌មានពិត ពួកគេក៏ចាប់ផ្តើមស្វែងរកព័ត៌មានដោយខ្លួនឯងនិងផ្តល់ព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយបន្ត។ នៅពេលនោះហើយពលរដ្ឋនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកនយោបាយ។ ឧទាហរណ៍ដូចជាករណីអ្នកប្រើហ្វេសប៊ុករិះគន់ចំពោះគម្រោងប្តូរឈ្មោះឆ្នេរអូឈើទាលនៅខេត្តព្រះសីហនុនិងការរិះគន់លោកនាយករដ្ឋមន្រ្តីជិះម៉ូតូមិនពាក់មួកសុវត្ថិភាពគឺត្រូវបានកែប្រែ។

ទោះជាយ៉ាងណាមានករណីជាច្រើនទៀតដែលអ្នកប្រើហ្វេសប៊ុកត្រូវបានជាប់ពន្ធនាគារដោយសារតែការរិះគន់បែបចោទប្រកាន់ទៅលើមេដឹកនាំគណបក្សកាន់អំណាចនិងមន្រ្តីរដ្ឋាភិបាល។

ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោក ង៉ែត ម៉ូសេ កត់សំគាល់ថាអ្នកប្រើហ្វេសប៊ុកបានស្វែងរកព័ត៌មាននិងបានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗរបស់ លោក កែម ឡី កាន់តែផុសផុលខ្លាំងឡើងនៅក្រោយពេលមានព្រឹត្តិការណ៍បាញ់សម្លាប់គាត់។ លោកកត់សំគាល់ថា៖ ខ្ញុំមើលនៅក្នុងបណ្តាញសង្គម Twitter ពាក្យគន្លឹះឬក៏ហៅថា hashtag របស់ឈ្មោះ កែម ឡី ហ្នឹង គឺថារយៈពេល២៤ម៉ោងក្រោយគាត់ស្លាប់ ប្រហែលជា២ថ្ងៃ hashtag កែម ឡី ត្រូវបានប្រើប្រាស់ប្រហែលជា ១លាន១សែននាក់ជាង នៅលើហ្វេសប៊ុកមិនសូវប៉ុន្មានទេ ហើយយើងមើលនៅក្នុងការ search រកឈ្មោះនៅក្នុង google trend ឈ្មោះ កែម ឡី និងឈ្មោះនាយករដ្ឋមន្រ្តី គឺថាឈ្មោះ កែម ឡី លើដាច់

លោក ម៉ូសេ យល់ថានិន្នការនេះដោយសារតែប្រព័ន្ធផ្សាយរបស់រដ្ឋនិងឯកជនមួយចំនួនដែលមានទំនោគាំទ្ររដ្ឋាភិបាលមិនហ៊ានផ្សាយការពិត។ លោកយល់ថា៖ ចង់មានន័យថាការនិយាយផ្ទុយពីទិដ្ឋភាពពិតប្រាកដពីអ្វីដែលប្រជាជនគ្រប់គ្នាឃើញ ខ្ញុំថាអាហ្នឹងហើយអាចជំរុញឲ្យប្រជាពលរដ្ឋផ្សេងគេឃើញ គេហួសចិត្ត គេនិយាយក្នុងបណ្តាញសង្គមរបស់គេ អ្នកណាខ្លះដែលគិតថាមិនចង់ប៉ះពាល់ព្រោះវារសើបពេក គេចាប់ផ្តើមនិយាយ ដោយសារគេឃើញព័ត៌មានបែបអញ្ចឹងៗ

យ៉ាងណាក៏ដោយការបញ្ចេញព័ត៌មានតាមហ្វេសប៊ុកមិនទាន់ត្រូវបានចាត់ទុកថាជាព័ត៌មានពិតទាំងអស់និងមានវិជ្ជាជីវៈនោះទេ ប៉ុន្តែវាជាប្រភពមួយដែលនាំឲ្យអ្នកសារព័ត៌មានអាជីពស្វែងរកប្រភពផ្សងទៀតដើម្បីផ្ទៀងផ្ទាត់បន្ថែមមុននឹងចេញផ្សាយ៕

ប្រភព VOD Khmer

(Visited 17 times, 1 visits today)