ប្រើ Jitsi ឬ Zoom?

អ្នកប្រហែលជាប្រើប្រាស់ Zoom ភាគច្រើនសម្រាប់ការប្រជុំអនឡាញដោយសារតែវាមានគេប្រើប្រាស់ច្រើន ឬក៏ស្ថាប័នរបស់អ្នកតម្រូវឲ្យប្រើ។ Zoom អនុញ្ញាតឲ្យអ្នកប្រើប្រាស់ដែលជ្រើសរើសយកកញ្ចប់ Free អាចប្រើប្រាស់សេវាកម្មនេះបានមានចំនួនរយៈពេលកំណត់ និងការប្រើប្រាស់មុខងារការប្រជុំមិនគ្រប់គ្រាន់។ ស្ថាប័នជាច្រើនបាននាំគ្នាដាក់កញ្ចប់ថវិការក្នុងការជាវសេវាកម្ម Zoom ហើយក៏មានខ្លះមានថវិការគ្រប់គ្រាន់ និងខ្លះទៀតបង្ខំចិត្តប្រើប្រាស់គណនី Free តាមគេតាមឯង។ ស្ថាប័នខ្លះដែលថវិការមានកំណត់ ហើយអាចជាវ ត្រឹមតែ១គណនីប៉ុណ្ណោះ ហើយចែកគ្នាប្រើប្រាស់ក្នុងស្ថាប័នសម្រាប់ការ Host ប្រជុំអនឡាញ ឬ ធ្វើសិក្ខាសាលាអនឡាញ (Webinar)ជាដើម។

ដោយមើលឃើញពីការចំណាយច្រើន និងមានតម្រូវការច្រើនពីអ្នកប្រើប្រាស់ក្នុងស្រុក ខ្ញុំសង្កេកឃើញមានសេវាកម្មឯកជនអនឡាញក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនលក់សេវាកម្ម Zoom ថោកជាងតំលៃពិតប្រាកដយ៉ាងច្រើន។ ខ្ញុំមិនបានដឹងថា តើពួកគេធ្វើយ៉ាងណាទើបអាចលក់បន្តសេវាកម្ម Zoom ក្នុងតំលៃបែបនេះនោះទេ ប៉ុន្តែខ្ញុំសន្និដ្ឋានថា វាមិនជាទង្វើមិនត្រឹមត្រូវ និងមិនស្របច្បាប់នោះទេ។ អ្នកជាវសេវាកម្ម Zoom តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម គួរពិចារណាឲ្យបានច្បាស់ មុននឹងសម្រេចចិត្តទិញមកប្រើប្រាស់។ អ្នកគួរគិតគូរ ពីសុវត្ថិភាពទិន្នន័យនៃការប្រជុំផ្ទៃក្នុងរបស់ស្ថាប័នអ្នក ជាជាងការប្រថុយជ្រើសរើសសេវកម្មដែលមិនច្បាស់លាស់។

ដូច្នេះហើយ ទើបខ្ញុំសរសេរអត្ថបទមួយនេះ ដោយលើកយកនូវជម្រើសផ្សេងពី Zoom ហើយមិនប្រើប្រាស់ថវិការ និងមានសុវត្ថិភាពសម្រាប់ការប្រជុំ។ កម្មវិធីនោះមានឈ្មោះថា Jitsi។ កម្មវិធីនេះមិនមានការបង់ប្រាក់ មិនចាំបាច់ចុះឈ្មោះប្រើប្រាស់ និងអាចធ្វើការប្រជុំអនឡាញជាវិដេអូបានរហូតដល់ ៣០ ទៅ៣៥នាក់។ Jitsi មានមុខងារផ្សេងៗទៀតដែលស្រដៀងទៅកម្មវិធីប្រជុំអនឡាញដទៃៗទៀតដែរ។ ខាងក្រោមនេះ ខ្ញុំនឹងជម្រាប ថាតើស្ថាប័នអ្នកគួរប្រើប្រាស់ប្រើប្រាស់ Jitsi ឬប្រើប្រាស់ Zoom បើសិនជាអ្នកគ្មានថវិការ និងមានថវិការមានកំណត់។

អ្នកគួរគិតពីចំណុចមួយចំនួនមុននឹងសម្រេចចិត្តជ្រើសរើសយក Jitsi

  • ចំនួនបុគ្គលិក៖ ក្រោម ២០នាក់
  • ភាពញឹកញាប់ ឬការប្រជុំជាទៀតទាត់របស់ស្ថាប័នអ្នក៖ តើក្នុងស្ថាប័នរបស់អ្នកមានការប្រជុំប្រភេទណាខ្លះ ហើយញឹកញាប់ខ្លាំងប៉ុណ្ណា? អ្នកអាចមាន ការប្រជុំប្រចាំសប្តាហ៍តាមក្រុមការងារ ប្រចាំខែសម្រាប់គម្រោង ប្រចាំត្រីមាស ឬឆមាសសម្រាប់ការធ្វើរបាយការណ៍រីកចម្រើន និងប្រចាំឆ្នាំសម្រាប់បូកសរុបសមទ្ធិផលនានាមួយឆ្នាំ ដែលភាគច្រើនសុទ្ធសឹងតែជាការប្រជុំខាងក្នុងស្ថាប័នរបស់អ្នក។
  • ប្រភេទនៃការប្រជុំ៖ តើយើងមានការប្រជុំជាប្រភេទ វគ្គបណ្តុះបណ្តាលអនឡាញដែរឬទេ? តើអ្នកមានការប្រជុំជាលក្ខណៈបណ្តាញស្ថាប័ន (Network/Coordination Meeting) ដែលអ្នកត្រូវធ្វើជា host ដែរឬទេ? តើអ្នកចូលរួមមានច្រើនដែរឬទេ?
  • អ្នកបច្ចេកទេស៖ តើអ្នកមានអ្នកណាម្នាក់ក្នុងចំណោមបុគ្គលិករបស់អ្នកដែលអាចជួយសម្រួលបច្ចេកទេសការប្រជុំអនឡាញ? ដូចជាពេលដែល មិនលឺសំឡេង រូបមើលមិនឃើញ មិនអាចShare screen បាន … ។ល។
  • ថវិការ៖ តើអ្នកបានដាក់ខ្ទង់ចំណាយសម្រាប់ការជាវសេវាកម្មការប្រជុំអនឡាញដែរឬទេ? ឬអ្នកបានដាក់ដែរ តែវាមិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រជុំរបស់អ្នកទេ?
  • ចំណេះដឹងបុគ្គលិក៖ តើបុគ្គលិករបស់ស្ថាប័នអ្នក យល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាកម្រឹតណាដែរ? អក្ខរកម្មផ្នែកបច្ចេកវិទ្យា ធ្វើឲ្យបុគ្គលិកខ្លះ មានអារម្មណ៍ធុញទ្រាន់នឹងប្រើប្រាស់។

ហេតុអ្វីបានអ្នកគួរប្រើប្រាស់ Jitsi?

ការសម្រេចចិត្តជ្រើសរើសសេវាកម្ម និងកម្មវិធីសម្រាប់ប្រជុំអនឡាញ គួរត្រូវបានជ្រើសរើសដោយ គណៈគ្រប់គ្រង (Management Team/Committee) ផ្នែកលើការផ្តល់យោបល់ និងសិក្សាពីតម្រូវការរបស់ស្ថាប័ន។ ការធ្វើដូច្នេះ នឹងជួយកាត់បន្ថយការខូចខាត បាត់បង់ថវិការ ពេលវេលា និងធនធានសម្រាប់អភិវឌ្ឍន៍ស្ថាប័ន។ ការជ្រើសរើសដោយពឹងផ្នែកទៅលើកម្រឹត និងសេចក្តីត្រូវការរបស់ស្ថាប័នយើង ល្អជាជាង ការជ្រើសរើស យក សេវាកម្ម ឬកម្មវិធីដែលមានគេប្រើប្រាស់ច្រើន។

បើស្ថាប័នអ្នកមានបុគ្គលិកតិចតួច (ក្រោម ២០នាក់), មានថវិការកំណត់, មិនមានធនធានមនុស្សផ្នែកបច្ចេកទេស, មិនសូវមានការរៀបចំការប្រជុំលក្ខណៈមនុស្សច្រើនញឹកញាប់ (លើសពី២០នាក់/សិក្ខាសាលា), បុគ្គលិកមានកម្រឹតចំណេះដឹងផ្នែកបច្ចេកវិទ្យា និងមិនចង់មានភាពស្មុគស្មាញក្នុងការបង្កើត និងរៀបចំការប្រជុំអនឡាញ Jitsi អាចជាជម្រើសសម្រាប់ស្ថាប័នអ្នក។

ហេតុអ្វីបានអ្នកគួរប្រើប្រាស់ Zoom?

កម្មវិធីប្រជុំអនឡាញ Zoom ត្រូវបានគេនាំគ្នាប្រើប្រាស់ច្រើន បើទោះបីត្រូវចំណាយលុយច្រើន ក៏ស្ថាប័នមួយចំនួនដែលមានថវិកាគ្រប់គ្រាន់ដើម្បីចំណាយសម្រាប់ការប្រជុំរបស់ខ្លួន បានសម្រេចចិត្តជ្រើសរើស Zoom ជាកម្មវិធីផ្លូវការរបស់ខ្លួនក្នុងការប្រជុំផ្ទៃក្នុង និងការប្រជុំ ឬការសិក្ខាសាលា ខាងក្រៅ។

បើស្ថាប័នរបស់អ្នកមានមនុស្សច្រើន មានថវិការគ្រប់គ្រាន់ មានបុគ្គលិកបច្ចេកទេស និងមានការប្រជុំ ឬធ្វើសិក្ខាសាលាអនឡាញ ច្រើន និងញឹកញ៉ាប់ Zoom ជាជម្រើសសម្រាប់ស្ថាប័នអ្នកទាំងអស់គ្នា។

ការប្រើប្រាស់កម្មវិធី Jitsi

ការចូលទៅប្រើប្រាស់កម្មវិធី Jitsi នៅលើកម្មវិធីរុករកអ៉ីនធឺណិត (Internet Browser)។ Jitsi មិនត្រូវការការចុះឈ្មោះប្រើប្រាស់នោះទេ។ គ្រប់គ្នាអាចបង្កើតបន្ទប់ប្រជុំ ដោយគ្រាន់តែធ្វើតាមសេចក្តីណែនាំខាងក្រោម។

  • ទីមួយ៖ ចូលទៅកាន់ Address bar រួចវាយអាស័យដ្ឋាន meet.jit.si
  • ទីពីរ៖ បង្កើតឈ្មោះបន្ទប់ប្រជុំ។ អ្នកអាចយកឈ្មោះតាមគេក៏បាន ឬបង្កើតឈ្មោះថ្មីសម្រាប់បន្ទប់ប្រជុំរបស់អ្នកក៏បាន នៅក្នុងប្រអប់ ខាងក្រោម។
  • ទីបី៖ ចុចលើប៊ូតុង Start meeting ចូលទៅកាន់ការកំណត់ផ្សេងៗ មុនចូលទៅកាន់បន្ទប់ប្រជុំ។

ពេលដែលអ្នកចុចលើប៊ូតុង Start meeting វានឹងបង្ហាញនូវទំព័រដូចខាងក្រោមនេះ

  • លេខ 4៖ តំណរភ្ជាប់មកកាន់បន្ទប់ប្រជុំ ដែលអ្នកអាច copy រួចផ្ញើឲ្យអ្នកចូលរួម។
  • លេខ 5៖ អ្នកអាចដាក់ឈ្មោះខ្លួនឯងបាន (ខ្មែរ ឬអង់គ្លេស)
  • លេខ 6៖ ប៊ូតុងចុងដើម្បីចូលទៅកាន់បន្ទប់ប្រជុំ
  • លេខ 7៖ ការកំណត់ ឬជ្រើសរើស មីក្រូ (Mic) សម្រាប់ការសន្ទនា
  • លេខ 8៖ ការកំណត់ ឬជ្រើសរសើ កាមេរ៉ា (Camera/Webcam) សម្រាប់ការបង្ហាញជាវិដេអូ
  • លេខ 9៖ ការបញ្ចូលអ្នកចូលរួមប្រជុំ។ (សូមមើលការកំណត់មុខងារផ្សេងៗ នៅរូបខាងក្រោម)
  • លេខ 10៖ ការជ្រើសរើស Background ប្រជុំ។ អ្នកអាចដាក់ Blur background ឬជ្រើសរើសរូបភាពផ្សេងមកដាក់ខាងក្រោយខ្នងអ្នកបាន។
  • លេខ 11៖ ការកំណត់មុខងារផ្សេងៗ
  • លេខ 12៖ រូបកាមេរ៉ានេះ បង្ហាញថា អ្នកបានអនុញ្ញាតឲ្យកម្មវិធីរុករកអ៉ីនធឺណិតរបស់អ្នកចូលទៅប្រើប្រាស់ Camera video/webcam របស់អ្នក។ ពេលចូលទៅប្រើប្រាស់ដំបូង វានឹងលោតនូវសារមួយស្នើសុំការអនុញ្ញាត ពីកម្មវិធី Jitsi ក្នុងការប្រើប្រាស់ Mic និង video camera/webcam របស់អ្នកសម្រាប់ការប្រជុំ។ អ្នកគ្រាន់តែចុចពាក្យ “Allow” ជាការស្រេច។

វិដេអូបង្ហាញពីការប្រើប្រាស់កម្មវិធីប្រជុំអនឡាញ Jitsi

(Visited 59 times, 1 visits today)