ពេលប្រជុំដកគ្រឿងអេឡិចត្រូនិចចេញ តើវាជាការព្រួយបារម្ភជ្រុល?

អ្នកប្រហែលជាធ្លាប់លឺ ឬបានជួបផ្ទាល់ពេលដែលស្ថាប័នរបស់អ្នកមានការប្រជុំសំខាន់ មានការសុំស្នើឲ្យអ្នកចូលរួម​ទុកទូរស័ព្ទខាងក្រៅបន្ទប់ប្រជុំ ឬបិទទូរស័ព្ទ កន្លែងខ្លះមិនតម្រូវឲ្យយកគ្រឿងអេឡិចត្រូនិចចូលក្នុងបន្ទប់ប្រជុំទៀតផង បើអ្នកមិនមែនជាអ្នកកត់កំណត់ហេតុនៃអង្គប្រជុំ។ ការធ្វើបែបនេះ មានគោលបំណងផ្សេងៗគ្នា ប៉ុន្តែភាគច្រើនដែលខ្ញុំបានលឺ គឺមានការខ្លាច ការលួចថតសំឡេង រូបភាព ឬវិដេអូនៃកិច្ចប្រជុំនោះ និងការលួចតាមដានទីតាំង។ តើជនអាក្រក់អាចធ្វើបែបនេះបានទេ ឬវាជាវិធានការដែលបង្ហាញពីការព្រួយបារម្ភជ្រុលពេក?

បន្ទាប់ពីមានព័ត៌មាននៃការបែកធ្លាយនៃវិដេអូ រូបភាព និងសារជាសំឡេងបានចុះផ្សាយព្រោងព្រាត ស្ថានប័នដែលធ្វើការទៅលើផ្នែកការពារទិន្នន័យ ភាពឯកជន ការសំងាត់ និងព័ត៌មានរស៉ើប មួយចំនួន​ បានដាកចេញនូវពិធីការនៃការពារសន្តិសុខផ្ទៃក្នុង (Internal Security Protocol) របស់ខ្លួន តម្រូវឲ្យរក្សាទុកគ្រឿងអេឡិចត្រូនិច មានចម្ងាយកំណត់ (maximum distance) ពីទីតាំងប្រជុំ ជាពិសេសទូរស័ព្ទដៃ។ នៅស្ថាប័នមួយចំនួន តម្រូវឲ្យរក្សាទុកទូរសព័្ទដៃនៅច្រកចូលកន្លែងសន្តិសុខ ស្ថាប័នខ្លះតម្រូវឲ្យបិទទូរសព្ទ រួចដាក់ចូលក្នុងប្រអប់បិទជិតដែលគេបានដាក់នៅខាងមុខបន្ទប់ប្រជុំ។ ការធ្វើបែបនេះគឺក្នុងគោលបំណងថែរក្សាសន្តិសុខ។

នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពីភាពអាចទៅរួចដែលជនអាក្រក់អាច និងមិនអាចធ្វើរឿងខាងនេះបាន។ ចូរចងចាំថា អត្ថបទនេះគឺសរសេរឡើងដើម្បីការអប់រំ និងការពារខ្លួនពីការវាយប្រហារតាមរយៈប្រព័ន្ធឌីជីថលប៉ុណ្ណោះ។

វាមិនមែនជាការព្រួយបារម្ភជ្រុលនោះទេ

ត្រឹមត្រូវណាស់! វាមិនមែនជាការព្រួយបារម្ភជ្រុលនោះទេ វាជាការពិត។ ជនអាក្រក់ អាចលួចចូលទៅក្នុងទូរសព្ទដៃ (smart phone) ឬកុំព្យុទ័រយួរដៃ (Laptop) របស់អ្នក រួចហើយធ្វើការតាមដានសកម្មភាព របស់អ្នកពីចម្ងាយ។ តើពួកគេធ្វើបែបនេះ ដោយរបៀបណា?

ខ្ញុំធ្លាប់ជាអ្នកចូលចិត្តស្ទូចត្រីកាលពី១០ឆ្នាំមុន។ ដើម្បីស្ទូចត្រីបាន ខ្ញុំត្រូវមានសន្ទូច នុយ និងដើររកបឹង ឬព្រែកណាដែលមានត្រី។ ដូចគ្នាដែរ ដើម្បីឲ្យអាចចូលគ្រប់គ្រងទូរសព្ទដៃ ឬកុំព្យុទ័ររបស់អ្នកណាម្នាក់បាន គឺត្រូវមានកម្មវិធីសម្រាប់លួចតាមដាននោះ ហើយរកវិធីបញ្ជូលកម្មវិធីនោះទៅក្នុងឧបករណ៍របស់ ជនរងគ្រោះ ហើយអ្វីដែលមិនអាចខ្វះបាននោះ គឺអ៉ីធើណេតដើម្បីបញ្ជូនត្រឡប់នូវព័ត៌មានដែលបានចម្លងនោះទៅកន្លែងដែលបានកំណត់។ អ្នកប្រហែលជាមានសំណួរថា តើកម្មវិធីនោះជាកម្មវិធីអ្វី តើគេបញ្ជូលវាក្នុងឧបករណ៍ របស់ខ្ញុំដោយរបៀបណា។

កម្មវិធីបែបនេះគឺមានច្រើនប្រភេទដែលយើងហៅជាភាសាបច្ចេកទេសថា ស្ពៃវ័រ (spyware) ឬហៅម្យ៉ាងទៀតថា ជាកម្មវិធីឈ្លបយកការ។ កម្មវិធីបែបនេះគឺមានចរិកក្នុងការប្រមូលទិន្នន័យរបស់បុគ្គល ឬស្ថាប័នណាមួយ រួចផ្ញើទៅឲ្យបុគ្គល ឬស្ថាប័នផ្សេងមួយទៀត ក្នុងគោលបំណងធ្វើបាប ឬធ្វើឲ្យខួចមុខមាត់ បុគ្គល ឬស្ថាប័ននោះ តាមរយៈព័ត៌មានទិន្នន័យដែលលួចចម្លងបាន។

កម្មវិធីឈ្លបយកការ ត្រូវបានគេដាក់លក់ ដោយស្របច្បាប់ដើម្បីបម្រើដល់គោលបំណងរបស់ រដ្ឋាភិបាល ភ្នាក់ងារអនុវត្តច្បាប់ និងសាជីវកម្ម។ ខាងក្រោមនេះ គឺជាក្រុមដែលផ្តល់កម្មវិធី និងសេវាកម្មលបតាមដាន។

HackingTeam

ហ័កឃីងធីម គឺជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ចីការរបស់ខ្លួនក្នុងប្រទេស ទីក្រុងមីឡាន ប្រទេសអ៉ីតាលី កាលពីឆ្នាំ២០០៣ ដោយសហគ្រិនជនជាតិអ៉ីតាលីពីររូប។ ក្រុមហ៊ុននេះផលិតកម្មវិធីដែលមានសមត្ថិភាពតាមដាន ហើយបានផ្តល់សេវកម្មឲ្យដល់រដ្ឋាភិបាល ភ្នាក់ងារអនុវត្តច្បាប់ និងសាជីវកម្មនានា។ ប្រព័ន្ធគ្រប់គ្រងពីចម្ងាយ (Remote Control System – RCS) ដែលពួកគេដាក់លក់ គឺអាច៖

  • តាមដានការទំនាក់ទំនងរបស់អ្នកប្រើប្រាស់អ៉ីនធឺណិត បំលែងឯកសារ និងអ៉ីម៉ែលដែលមានកូដនីយកម្ម
  • ថតកម្មវិធី Skype និងការទំនាក់ទំនងដោយប្រើប្រាស់ VoIP
  • បើកឲ្យតំណើរការ មីក្រូហ្វូន និងកាមេរារបស់កុំព្យុទ័រយួរដៃរបស់គោលដៅដោយប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រងពីចម្ងាយដើម្បីគ្រប់គ្រង។

មានការដេញដោលគ្នាជាច្រើននៅ អង្គការសហប្រជាជាតិស្តីពីការលក់នូវប្រព័ន្ធគ្រប់គ្រង់ពីចម្ងាយរបស់ក្រុមហ៊ុន ហ័កឃីងធីម ទៅឲ្យប្រទេសមួយចំនួនដែលវាក្លាយជាអាវុធក្នុងការរំលោភសិទ្ធិមនុស្ស។ ហ័កឃីងធីម បដិសេដលើការលើឡើងបែបនេះរបស់អង្គការសហប្រជាជាតិ។

កាលពីឆ្នាំ ២០១៥ មានការហែកចូលទៅប្រព័ន្ធកុំព្យុទ័ររបស់បុគ្គលិកក្រុមហ៊ុន ហ័កឃីងធីម ហើយទាញ យកទិន្នន័យនៃបញ្ជីប្រទេសដែលបានទិញសេវកម្ម និងឧបករណ៍ពីក្រុមហ៊ុនមួយនេះ។ ការលេចធ្លាយទិន្នន័យនេះ គឺបណ្តាលមកពីបុគ្គលិករបស់ក្រុមហ៊ុនមួយនេះប្រើប្រាស់ពាក្យសម្ងាត់ដែលទន់ខ្សោយ ដែលមានដូចជា ‘P4ssword’, ‘wolverine’, and ‘universo’។

https://en.wikipedia.org/wiki/Hacking_Team#Customer_list

ក្រោយពេលលេចធ្លាយនូវបញ្ជីនេះ រដ្ឋាភិបាលប្រទេស អេស្បាញបានដកបញ្ជីការរបស់ក្រុមហ៊ុន ហ័កឃីងធីមនៅឆ្នាំ ២០១៦ ដោយហេតុថាបានលក់ឧបករណ៍ និងសេវាកម្មនេះទៅឲ្យប្រទេសនៅក្រៅទ្វីបអឺរ៉ុបខុសពីកិច្ចសន្យាជាមួយនឹងរដ្ឋាភិបាលខ្លួន។

FinFisher

FinFisher ត្រូវបានគេស្គាល់ថា FinSpy គឺជាកម្មវិធីលួចតាមដានត្រូវបានដាក់លក់ទីផ្សារដោយក្រុមហ៊ុន Lench IT Solutions plc ដែលដាក់លក់ Spyware តាមរយៈបណ្តាញរបស់អ្នកអនុវត្តច្បាប់។

ក្រុមហ៊ុននេះត្រូវបានអង្គការដែលធ្វើការខាងវិស័យសិទ្ធិមនុស្សរិះគន់ថាបានលក់កម្មវិធីរបស់ខ្លួនទៅឲ្យរដ្ឋមួយចំនួនដែលមានការគាបសង្កត់ ដើម្បីប្រើប្រាស់កម្មវិធីសម្រាប់ការតាមដាន និងដាក់ពន្ធនាគារក្រុមអ្នកប្រឆាំង។

រដ្ឋាភិបាលរបស់ប្រទេសដែលមានការសង្ស័យជាអ្នកប្រើប្រាស់ FinFisher សកម្មនៅចំណុចមួយចំនួនក្នុងឆ្នាំ ២០១៥ ។

ក្រុមអ្នកប្រឆាំងអេហ្ស៊ីបដែលបានចូលក្នុងការិយាល័យប៉ូលីសសម្ងាត់របស់អេហ្ស៊ីបបន្ទាប់ពីការផ្តួលរំលំប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak បានរាយការណ៍ថាពួកគេបានរកឃើញកិច្ចសន្យាជាមួយក្រុមហ៊ុន ហ្គាម៉ា (Gamma) អន្តរជាតិដែលជាសាខារបស់ក្នុងតម្លៃ ២៨៧,០០០ ផោនសម្រាប់អាជ្ញាប័ណ្ណដើម្បីដំណើរការកម្មវិធី FinFisher។

ក្នុងឆ្នាំ ២០១៤ ពលរដ្ឋអាមេរិកាំងបានប្តឹងរដ្ឋាភិបាលប្រទេសអេត្យូពី ពីបទក្លែងបន្លំការតំឡើង FinSpy ទៅក្នុងកុំព្យូទ័ររបស់គាត់នៅអាមេរិក និងប្រើប្រាស់វាដើម្បីលបថតការខលតាម Skype ឯកជនរបស់គាត់ និងតាមដានរាល់ការប្រើប្រាស់កុំព្យូទ័រទាំងអស់របស់គាត់ក្នុងរយៈពេលជាច្រើនខែ។

កញ្ចប់កម្មវិធីរបស់ក្រុមហ៊ុន FinFinsher ដែលផ្តល់ទៅភ្នាក់ងារចារកម្មរបស់រដ្ឋតាមរយៈក្រុមហ៊ុនសាខារបស់ខ្លួន Gamma ដែលមានឈ្មោះថា “ការត្រួតពិនិត្យពីចម្ងាយ និងដំណោះស្រាយការដាក់ដំណើរការកម្មវិធី” ឬហៅជាភាសាអង់គ្លេសថា “Remote Monitoring and Deployment Solutions” នោះគឺអាច គ្រប់គ្រងកុំព្យួទ័រគោលដៅ និងដើម្បីចាប់យកទិន្នន័យ និងការទំនាក់ទំនង បើទោះបី​ ទិន្នន័យ និងការទំនាក់ទំនងនោះបានធ្វើកូដនីយកម្មហើយក្តី។

FinSpy – the professional botnet C&C solution

កម្មវិធីមេរោគរបស់ FinFisher (FinFisher malware) ត្រូវបានតំឡើងតាមវិធីសាស្ត្រច្រើនយ៉ាង ដោយរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពក្លែងក្លាយ អ៉ីម៉ែលដែលមានភ្ជាប់នូវ attachment ក្លែងក្លាយ និងគុណវិបត្តិនៅក្នុងកម្មវិធីប្រើប្រាស់ល្បីៗ។

កម្មវិធីនេះ ត្រូវបានគេបង្កើតឡើងដើម្បីអាចគេចផុតពីការចាប់របស់កម្មវិធីកំចាត់មេរោគ និងមានជំនាន់(Versions) ជាច្រើនដែលអាចដំណើរការលើទូរស័ព្ទដៃរបស់ក្រុមហ៊ុនម៉ាកល្បីៗជាច្រើន។

NSO Group

ក្រុមហ៊ុនបច្ចេកវិទ្យា NSO ដែលមានអាស័ដ្ឋាននៅក្នុងទីក្រុង ហើលីយ៉ា (Herzliya) នៅជិតទីក្រុង តេឡាវី (Tel Aviv) ប្រទេសអ៉ីស្រាអែល គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលលក់នូវកម្មវិធីលួចតាមដានពីចម្ងាយនៅលើទូរស័ព្ទដៃ smartphone ដែលមានឈ្មោះហៅថា Pegasus។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ និងបានដាក់ឈ្មោះតាមស្ថាបនិកបីរនាក់គឺ Niv, Shalev and Omri

NSO អះអាងថាខ្លួនផ្តល់ឲ្យ “ រដ្ឋាភិបាលដែលមានការអនុញ្ញាតនូវបច្ចេកវិទ្យាដែលជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្ម” ។ យោងតាមរបាយការណ៍ជាច្រើនបានបង្ហាញថា កម្មវិធីដែលបង្កើតដោយ NSO Group ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅដែលជាសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាននៅក្នុងប្រទេសផ្សេងៗជាច្រើន

ក្រុមអ្នកស្រាវជ្រាវ Cintizen Lab ដែលស្ថិតនៅសកលវិទ្យាល័យ តូរេនតូ ប្រទេសកាណាដា បានរកឃើញថា កម្មវិធី Pegasus ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសមួយចំនួនដូចជា អ៊ីស្រាអែល ទួរគី ថៃ កាតា កេនយ៉ា អ៊ូសបេគីស្ថាន ម៉ូហ្សំប៊ិក ម៉ារ៉ុក យេម៉ែន ហុងគ្រី អារ៉ាប៊ីសាអូឌីត នីហ្សេរីយ៉ា និងបារ៉ែន។

តាមរយៈការស្រាវជ្រាវរបស់ Citizen Lab និង Lockout បានរកឃើញថា កម្មវិធី Pegasus អាចធ្វើការ Jailbreak ទូរស័ព្ទដៃ iPhone បានដោយគ្រាន់តែចុចបើកនូវតំណរភ្ជាប់ក្លែងបន្លំមួយប៉ុណ្ណោះ។ ទម្រងនៃការវាយប្រហារនេះ ហៅថា Spear Phishing។ ពេលដែលជនរងគ្រោះចុះលើតំណរភ្ជាប់ដែលមានគ្រោះថ្នាក់នេះហើយ កម្មវិធីនេះនឹងតំឡើងដោយខ្លួនឯង ហើយធ្វើការប្រមូលនូវរាល់ការទំនាក់ទំនង ទីតាំងរបស់គោលដៅទូរសព្ទ iPhone នោះទាំងអស់ ដោយរួមបញ្ចូលទាំង ការទំនាក់ទំនងតាម  iMessageGmailViber, Facebook, WhatsApp, Telegram and Skype។ កម្មវិធីនេះក៏អាចប្រមូលយកនូវពាក្យសម្ងាត់ Wifi ពីទូរសព្ទ iPhone បានដែរ។

វាជាការព្រួយបារម្ភជ្រុល (ពេក) និងការកាត់បន្ថយការព្រួយបារម្ភ

បើបីអ្នកជាក្រុមគោលដៅនៃការវាយប្រហារដូចបានរៀបរាប់នៅខាងលើក្តី ក៏អ្នកមិនគួរមានការព្រួយបារម្ភជ្រុលពេកដែរ។ ការព្រួយបារម្ភជ្រុលនាំឲ្យមានការភ័យខ្លាច ការភ័យខ្លាចនាំឲ្យមានការសង្ស័យ ការសង្ស័យនាំឲ្យមានការមិនទុកចិត្តគ្នា ជាដើម ។ល។

ការព្រួយបារម្ភជ្រុល (ពេក) មានដូចជា រាល់ការប្រជុំទាំងអស់មិនអនុញ្ញតឲ្យមានយកទូរសព្ទ ឬគ្រឿងអេឡិចត្រូនិចចូល រាល់ទូរសព្ទរបស់បុគ្គលិកដែលមិនមែនជាបុគ្គលិករបស់ស្ថាប័នមិនអនុញ្ញាតឲ្យយកចូលក្នុងទីតាំងរបស់ស្ថាប័ន ការប្តូរទូរសព្ទដៃ ឬស៉ីមញឹកញ៉ាប់ ការស្វែងរកសេវាកម្ម ឬកម្មវិធីដើម្បីទប់ស្កាត់ការពារពីការលួចតាមដាន ឬលួចថត ជំរុញឲ្យអ្នកជុំវិញខ្លួន ឬបុគ្គលិកស្ថាប័នប្រើកម្មវិធីបែបនេះ បែបនោះច្រើនហួសប្រមាណ ការតំឡើងខ្ទង់ចំណាយលើឧបករណ៍ ឬសេវាកម្មដើម្បីការពារ ជាជាង ការគិតគូរ ពីបណ្តុះបណ្តាលបុគ្គលិកខ្លួន ។ល។

ការវិភាគ និងវាយតម្លៃការហានិភ័យ

ដើម្បីជៀសចេញពីការព្រួយបារម្ភជ្រុល ស្ថាប័នគួរចាប់ផ្តើមរកឲ្យឃើញនូវ ហានិភ័យរបស់ស្ថាប័នខ្លួន ដោយធ្វើការវាយតម្លៃភាពហានិភ័យដែលបានកើតមាន និងអាចនឹងកើតមានចំពោះស្ថាប័នខ្លួន។

ដើម្បីរកឃើញនូវ ហានិភ័យ យើងត្រូវរកឲ្យឃើញនូវ ការគម្រាមគំហែង (Threat) ភាពងាយរងគ្រោះ (Vulnerability) និង សមត្ថភាព (Capacity)។ ធ្វើបែបនេះ គឺដើម្បីកំណត់រក ហានិភ័យពិតប្រាកដ និងការដាក់ចេញនូវ គោលនយោបាល វិធានការ ពិធីការ សន្តិសុខសុវត្ថិភាពបានជាក់លាក់ និងត្រឹមត្រូវ សម្រាប់ស្ថាប័ន បុគ្គលិក និងដៃគូរពាក់ព័ន្ធ។

ហានិភ័យ (Risk)

ហានិភ័យគឺជាការវាយតម្លៃនាពេលថ្មីៗអំពីលទ្ធភាពនៃហេតុការណ៍ដែលមានគ្រោះថ្នាក់កើតឡើង។ ហានិភ័យត្រូវបានវាយតម្លៃដោយការប្រៀបធៀបការគំរាមកំហែងដែលអ្នកដែលមានការប្រឈម នឹងភាពងាយរងគ្រោះ និងសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបឬកាត់បន្ថយការគំរាមកំហែងដែលកំពុងកើតមាន។

ការគម្រាមគំហែង (Threat)

កំណត់អត្តសញ្ញាណជាក់លាក់ប្រវត្តិរបស់អ្នកវាយប្រហារ ដែលប្រើប្រាស់ការគំរាមកំហែងជាក់លាក់ និងសមត្ថភាពរបស់ពួកគេដែលធ្វើការគំរាមកំហែងទាំងនោះនាពេលបច្ចុប្បន្ន និងភស្តុតាងដែលថាការគំរាមកំហែងមានចេតនាបង្កើនធនធានប្រឆាំងនឹងគោលដៅ។

ភាពងាយរងគ្រោះ (Vulnerablity)

ដើម្បីកំណត់គុណវិបត្តិសំខាន់ៗនៃកម្មវិធី សេវាកម្ម និងការរចនាគេហទំព័រ ដោយធ្វើការសាកសាកល្បងនិងប្រៀបធៀបគុណវិបត្តិរបស់កម្មវិធី និងសេវាកម្មទាំងនោះដើម្បីកំណត់អត្តសញ្ញាណភាពងាយរងគ្រោះ។

សមត្ថភាព (Capacity)

ការកំណត់ភាពខ្លាំង និងភាពខ្សោយរបស់អង្គភាព (ផ្នែកជំនាញ ផ្នែកហិរញ្ញវត្ថុ ការប្តេជ្ញាក្នុងការបណ្តុះបណ្តា និងពេលវេលារបស់បុគ្គលិក ។ល។ ដើម្បីអនុវត្តនៃការអនុវត្តសន្តិសុខឌីជីថល និងសន្តិសុខផ្នែកររូបវ័ន្តថ្មីៗ (digital and physical security practices)។

ដើម្បីជៀសវាងការព្រួយបារម្ភជ្រុល និងដើម្បីដឹងច្បាស់ថាត្រូវបារម្ភនឹងបញ្ហាអ្វីឲ្យពិតប្រាកដ និងដើម្បីការបន្ថយការព្រួយបារម្ភ ស្ថាប័នគួរគិតគូរពីការធ្វើការវាយតម្លៃ សន្តិសុខសុវត្ថិភាពរបស់ស្ថាប័នខ្លួន។ ស្វែងរក កម្រិតនៃភាពហានិភ័យ ការគម្រាមកំហែងតាមប្រព័ន្ធឌីជីថលមកលើបុគ្គលិក និងស្ថាប័នរបស់ខ្លួន ភាពងាយរងគ្រោះរបស់ឧបករណ៍ សេវាកម្ម ផ្សេងៗរបស់ស្ថាប័ន និងសមត្ថភាពបុគ្គលិក ធនធាន ថវិការ ជាដើម។

ការវាយតម្លៃនឹងបង្ហាញអ្នកឲ្យឃើញពីអ្វីដែល ស្ថាប័នអ្នកគួរធ្វើ និងមិនគួរធ្វើ ប្រើប្រាស់ធនធានមនុស្ស និងថវិការត្រូវចំគោលដៅ ទប់ស្កាត់ការវាយប្រហារ និងការគម្រាមកំហែងតាមប្រព័ន្ធឌីជីថល និងមានគោលនយោបាយ វិធានការ ពិធីការ សន្តិសុខសុវត្ថិភាពជាក់លាក់ សម្រាប់ស្ថាប័ន និងបុគ្គលិក។

(Visited 360 times, 1 visits today)