ការបោកបញ្ឆោតតាមអនឡាញនៅកម្ពុជា

ខ្ញុំមានឱកាសក្នុងការចែករំលែកការយល់ឃើញរបស់ខ្ញុំសម្រាប់សាធារណជន ស្តីពីការបោកបញ្ឆោតតាមឡាននៅក្នុងប្រទេសកម្ពុជា ក្នុងការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ នៅមានការបោកប្រាស់ ជាច្រើនទៀតដែលខ្ញុំមិនបានលើកយកមកនិយាយក្នុងកិច្ចសំភាសន៍នេះ ដោយសារតែពេលវេលាតិច និងត្រូវរកពន្យល់ច្រើន។ ដូច្នេះ ខ្ញុំលើកយកមកនិយាយតែប្រាំ ដូចខាងក្រោមប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាសំណេររបស់ខ្ញុំដើម្បីត្រៀមឆ្លើយនឹងសំណួរ។ ម្យ៉ាងទៀត អ្នកទាំងអស់គ្នាក៏អាច មើលវិដេអូកិច្ចសំភាសន៍ទាំងស្រុងនៅខាងក្រោមនេះដែរ។

តើការបោកប្រាស់មានរូបភាពយ៉ាងណាខ្លះ? 

ខ្ញុំសូមនិយាយពីប្រភេទស្រាលទៅខ្លាំង។ ប្រភេទស្រាល ខ្ញុំឲ្យនិយមន័យថា ការឆបោកតាមអនឡាញ ដែលប្រជាពលរដ្ឋបានដឹង ប៉ុន្តែ មិនចាញ់បោកដោយពួកគាត់ដឹងថាវាជាការបោកបញ្ឆោត។ ចំណែកឯកប្រភេទខ្លាំងវិញ ខ្ញុំឲ្យនិយមន័យថា ប្រជាជនដឹងថាមាន តែក៏មានអ្នកចាញ់បោកច្រើនដែរ ហើយពិបាកទប់ស្កាត់។

ទី១៖ ការបោកបញ្ឆោតតាមរយៈកាលផ្តល់ជា អំណោយ ដូចជាទូរសព្ទដៃ ឬរថយន្ត។ អ្នកបោកប្រាស់បន្លំជាក្រុមហ៊ុនល្បីណាមួយ។ ឧទាហរណ៍ដូចករណី ការបន្លំជាក្រមហ៊ុន កូកាឡូកាជាដើម។

ទី២៖ ការបោកបញ្ឆោតដោយប្រើប្រាស់មនោសញ្ចេតនា ឬហៅថា Romatic Scam។ អ្នកបោកប្រាស់បន្លំធ្វើជាអ្នកមានស្តុកស្តម នៅក្រៅប្រទេស ហើយគេត្រូវការដៃគូជីវិត។ គេប្រើប្រាស់វិធីឆាតឆ្លើយឆ្លងជាមួយជនរងគ្រោះនៅលើបណ្តាញសង្គម រហូតដល់ជនរងគ្រោះជឿជាក់ លើខ្លួន។ បន្ទាប់អ្នកបោកប្រាស់ ក៏ធ្វើជាផ្ញើវត្ថុមានតំលៃ ដូចជា កាបូបថ្លៃៗ ជាដើម ដោយប្រាប់ជនរងគ្រោះថា អាចទៅយកបាននៅខាងគយប្រលានយន្តហោះ ហើយជួយបង់សេវាពន្ធចំនួន ៣០០ ទៅ ៥០០ដុល្លាសិន ទើបអាចដកបាន។ ក្រោយបង់លុយហើយ និងទៅរករបស់នៅ ព្រលាន ក៏មិនឃើញ។ ខ្ញុំមិនទាន់រាប់បញ្ចូល ការបោកប្រាស់ដោយការទិញទំនិញលើអនឡាញផង។ 

ទី៣៖ ការបោកបញ្ឆោត ដើម្បីលួចគណនីបណ្តាញសង្គម ដើម្បីទៅខ្ចីលុយ។ អ្នកបោកប្រាស់អាចខល ឬផ្ញើសារទៅកាន់ជនរងគ្រោះតាមទូរសព្ទ រួចហើយប្រាប់ថា គេបានឲ្យខាងក្រុមហ៊ុនបណ្តាញសង្គម ផ្ញើលេខកូដទៅឲ្យច្រឡំលេខ ដូច្នេះ គេសុំឲ្យជនរងគ្រោះផ្ញើលេខកូដនោះមកឲ្យគេវិញ។ ពេលជនរងគ្រោះផ្ញើទៅ គឺអ្នកបោកប្រាស់ធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ក្នុងបណ្តាញសង្គម រួចហើយចូលទៅប្រើគណនីជនរងគ្រោះ ដោយដើរតួជាជនរងគ្រោះ ផ្ញើសារតាមឆាតទៅមិត្តភ័ក្ត ឬអ្នករកស៊ីរបស់ជនគ្រោះ ដោយខ្ចី ឬគេប្រើពាក្យ ខ្ញុំសុំឆក ៣០០ ឬ ៥០០ដុល្លាសិនមក ចាំខ្ញុំបាញ់ឲ្យវិញល្ងាច។ មិត្តភក្តជនរងគ្រោះមិនបានចាប់អារម្មណ៍ក៏បាញ់លុយឲ្យ ក្រោយមកបានដឹងថា អ្នកផ្សេងទេ ដែលចូលគណនីជនគ្រោះ ហើយឆាតមកខ្ចីលុយ។

ទី៤៖ ការបោកបញ្ឆោត កម្ចីប្រាស់ខុសច្បាប់តាមអនឡាញ ឬហៅថា Shark Loan។ ជនរងគ្រោះត្រូវការលុយប្រញ៉ាប់ដោះទាល់។ កម្ចីអនឡាញខុសច្បាប់នេះ គឺមិនតម្រូវឲ្យមានឯកសារច្រើននោះទេ ឬមិនចាំបាច់មានផង។ ជនរងគ្រោះ ត្រូវថតរូបអាក្រាត ផ្តល់លេខទំនាក់ទនងរបស់បងប្អូន សាច់ញាតិ ឬអ្នកធ្វើការជាមួយ ទៅឲ្យជនបោកប្រាស់ ជាថ្នូនឹងលុយខ្ចី។ ជនបោកប្រាស់ បាននិយាយលោងលោម ជនរងគ្រោះថា គេមិនយករូប ឬវិដេអូអាក្រាតនោះទៅផូសទេ គេគ្រាន់ទុកសំអាងប៉ុណ្ណោះ ពេលដែលជនរងគ្រោះបានផ្តល់លុយទៅឲ្យគេអស់ គេនឹងលុបចេញវិញហើយ។ ជនរងគ្រោះ ត្រូវបង់ការប្រាក់ច្រើនជាងការកំណត់របស់រដ្ឋ។ នៅពេលជនរងគ្រោះមិនបានបង់ប្រាក់តាមកាលកំណត់ គេគម្រាមយករូប ឬវិដេអូបង្ហោះតាមបណ្តាញសង្គម ឬផ្ញើឲ្យសាច់ញាតិបងប្អូន ឬខលទៅសាច់ញាតិបងប្អូន ប្រាប់ថា ជនរងគ្រោះដាក់លេខទូរសព្ទធានាកម្ចីជាដើម ដែលធ្វើឲ្យសាច់ញាតិបងប្អូន ខឹងសម្បា និងស្អប់ជនរងគ្រោះកាន់តែខ្លាំង។

ទី៥៖ ការបោកបញ្ឆោត តាមអនឡាញដោយសន្យាឲ្យការងារធ្វើប្រាក់ខែច្រើន និងធ្វើការតិចតួច។ ក្រុមជនបោកប្រាស់ បានបង្កើតផេក ឬគណនីនៅលើបណ្តាញសង្គម ហើយផ្សព្វផ្សាយការរើសបុគ្គលិក ចេះភាសាអង់គ្លេស និងចេះកុំព្យុទ័រ ធ្វើការខាងផ្នែកផ្សព្វផ្សាយ ហើយមានផ្តល់កន្លែងស្នាក់នៅ និងអាហារ ដើម្បីទាក់ទាញឲ្យជនរងគ្រោះមក។ ពេលមកដល់ ការធ្វើការនោះ គឺមិនមែននោះទេ។ ជនរងគ្រោះត្រូវបានគេឲ្យធ្វើការអនឡាញ ដើម្បីបោកបញ្ឆោតអ្នកដទៃ និងមានការឃុំឃាំងខ្លួនជាដើម ដូចករណីដែលយើងឃើញកន្លងមកដែរ។

តើអ្នកប្រើប្រាស់ត្រូវយល់ដឹងអ្វីខ្លះពីការបោកប្រាស់? 

តាមប្រភេទនៃការបោកប្រាស់។ ប្រភេទទី១ ទី២ និងទី៣ អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្ន ការផ្តល់ថវិកាទៅឲ្យនរណាម្នាក់តាមអនឡាញ នៅពេលដែលយើងមិនបានជួបមុខគេផ្ទាល់ ឬបានបានទំនាក់ទំនងតាមទូរសព្ទ ឬខលវិដេអូ មុនពេលដែលផ្តល់ថវិការទៅឲ្យ។ ត្រូវប្រាកដថា យើងបានឃើញ ឬជួបគេ និងស្គាល់គេ (អ្នកដែលយើងឲ្យលុយ)។

សម្រាប់ប្រភេទទី៤ និងទី៥ គឺជាប្រភេទស្មុគស្មាញ និងពិបាកដោះស្រាយ។ ករណីកម្ចីខុសច្បាប់ ទោះបីអ្នកប្រើប្រាស់យល់ដឹងយ៉ាងណាក៏ដោយ ដល់ពេលដែលយើងទាល់ ដូចពាក្យថា ចេះមិនឈ្នះទាល់ ពេលដែលទាល់ហើយ ធ្វើអី ក៏ធ្វើដែរ។ ក្នុងករណីទី៤នេះ អ្នកដែលចង់ខ្ចីលុយគេលឿន គួរតែពិចារណាឲ្យបានច្រើនដង បើសិនជានយើងសម្រេចចិត្តថា នឹងខ្ចីកម្ចីបែបនេះ យើងដឹងថា រាល់រូបភាព និងវិដេអូរបស់យើង អាចនឹងត្រូវបានចែកចាយលើបណ្តាញសង្គម ជាពិសេស និងទៅដល់បងប្អូន សាច់ញាតិ និងមិត្តរួមការងាររបស់យើង។ បើសិនជាយើងបានផុងខ្លួនក្លាយជាជនរងគ្រោះ គួរតែប្រមូលភស្តុងតាងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដូចជាលេខទូរសព្ទរបស់ជនឆបោក អាស័យដ្ឋានបណ្តាញសង្គមរបស់ពួកគេ និងព័ត៌មានជុំវិញជនបោក ហើយរក្សាទុក។ បើមានករណីប៉ះពាល់មកដល់ខ្លួនយើង ដូចជាការគម្រាមសម្លាប់ ឬគម្រាមផូសរូបជាដើម យើងអាចផ្តល់ភស្តុងតាងទាំងនោះទៅកាន់អជ្ញាធរ ឬអ្នកដែលយើងទុកចិត្តខ្លាំង ដើម្បីជួយផ្តល់យោបល់។

ករណី ការបោកប្រាស់ការផ្តល់ការងារធ្វើក្លែងក្លាយ ភាគច្រើនជាជនបរទេស។ អ្នកប្រើប្រាស់គួរស្វែងរកការងារធ្វើពីប្រភព ផ្លូវការ ដូចជាវិបសារស្វែងរកការងារធ្វើ និងពិនិត្យមើលឈ្មោះក្រុមហ៊ុន វិបសាយ ព្រមទាំងព័ត៌មានចាំបាច់ដទៃទៀត មុនពេលសម្រេចទៅធ្វើការ ដោយគ្រាន់តែឃើញការផ្សយផ្សាយតាមគណនី លើបណ្តាញសង្គម។ ខ្ញុំយល់ ថាជនរងគ្រោះខ្លះគាត់មិនមានសមត្ថិភាពគ្រប់គ្រាន់ក្នុងការដាក់ពាក្យប្រកួតប្រជែងដើម្បីបានការងារធ្វើតាមការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកពីប្រភពច្បាស់លាស់ និងត្រឹមត្រូវ។ បើអ្នកសម្រេច ថានឹងទទួលយកការងារ តាមការផ្សព្វផ្សាយតាមបណ្តាញសង្គម ពីគណនីដែលអ្នកមិនស្គាល់ អ្នកគួរប្រមូលព័ត៌មានពីអ្នកដែលចង់ជួលអ្នកឲ្យទៅធ្វើការនោះ ឲ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីសម្រេចចិត្តថា តើគួរតែទៅធ្វើឬទេ។ ម្យ៉ាងវិញទៀត អ្នកគួរប្រឹក្សាជាមួយ មិត្តភក្តស្និតស្នាលរបស់អ្នក ឬអាជ្ញាធរដែលនៅជិតអ្នកបំផុត ដើម្បីជៀសវាង ការក្លាយជាទាសករការងារ។

តើនរណាអាចដោះស្រាយបញ្ហានេះបាន?

ដំបូងគេគឺជាជនរងគ្រោះខ្លួនឯង។ គាត់មិនត្រូវលាក់រឿងនេះតែខ្លួនឯង គាត់គួររកអ្នកដែលស្និតស្នាលបំផុតឲ្យប្រាប់រឿងនេះ។ ត្រូវប្រមូលភស្តុងតាងទុក screenshoot ការសន្ទនា ឬលេខទូរសព្ទ របស់ជនបោកប្រាស់។ ជនរងគ្រោះត្រូវដាក់ពាក្យបណ្តឹង ជាមួយនឹងភស្តុតាងដែលមាន។ សាចញតិ និងក្រុមគ្រួសារ មិនត្រូវ ឬមិនគួរបន្ទោសជនរងគ្រោះ ដោយសារតែគិតខុសមួយពេល។ ត្រូវយល់ថា អ្នកណាក៏ធ្លាប់គិតខុសដែរ តែវាមិនមែនជាអវសនានៃជីវិតយើងនោះទេ។

ស្ថាប័នអង្គការអាចធ្វើការសិក្សាស្រាវជ្រាវ ពីមូលហេតុនៃដែលធ្វើឲ្យជនរងគ្រោះចាញ់បោក និងការផ្តល់ដំណោះស្រាយ ដូចជាការជួយផ្តល់ការស្តានិតិសម្បទាក្រោយពេលជួបរឿង ការផ្តល់ប្រឹក្សាយោបល់ផ្លូវចិត្ត ទាំងជនរងគ្រោះ និងសាច់ញាតិ ជនរងគ្រោះ។

អាជ្ញាធរត្រូវបង្កើនធនធានមនុស្សក្នុងការវែកមុខជនឆបោក ឲ្យបានកាន់តែច្រើន ដើម្បីដោះស្រាយពាក្យបណ្តឹងជនរងគ្រោះ បានទាន់ពេល និងឆាប់រហ័ស។

បណ្តាញសង្គម ដូចជាហ្វេសប៊ុក គួរតែពិនិត្យមើលសេចក្តីរាយការណ៍តាមយន្តការរបស់ខ្លួន ជាពិសេស អាចបើកយន្តការដែលអាចឲ្យអ្នករាយការណ៍ប្រឹក្សាយោបល់ជាមួយនឹងមនុស្សផ្ទាល់ក្នុងការពិនិត្យ និងពន្យល់បន្ថែមស្តីពីមាតិកាដែលមានការយល់ខុសគ្នា រវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់។

តេឡេក្រាមមិនមាន អ្នកធ្វើការជាមនុស្សនោះទេ ភាគច្រើនជា bot ក្នុងការឆ្លើយឆ្លង ដូច្នេះហើយក្នុងករណីដូចយើងនិយាយគ្នានេះ គឺអាចពិបាកណាស់សម្រាប់តេឡេក្រាមក្នុងការចូលរួមជាមួយជនរងគ្រោះ ស្ថាប័នអង្គការ និងអជ្ញាធរ។ អ្នកអាចទាក់ទងទៅកាន់ក្រុមស្ម័គ្រចិត្តរបស់តេឡេក្រាមបាន។

ដំណោះស្រាយដែលខ្ញុំយល់ឃើញនេះ វាគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ។ សម្រាប់ដំណោះស្រាយ ដែលអាចឈានទៅរកការកាត់បន្ថយការឆបោកអនឡាញឲ្យមានប្រសិទ្ធិភាពច្រើនជាអតិប្បរិមា គឺមានលើសពីអ្វីដែលខ្ញុំបានលើកឡើងខាងលើនេះ។

(Visited 221 times, 1 visits today)