នាយកដ្ឋាន​ព័ត៌មានវិទ្យា​រំឭក​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន និង​ចេះ​ផ្ទៀងផ្ទាត់​ក្រុម​សារ​អេឡិចត្រូនិក​របស់​អាជ្ញាធរ ដើម្បី​ចៀសវាង​ជន​ខិលខូច​បន្លំ

នំពេញ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក្រសួង​មហាផ្ទៃ​បាន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ និង​ផ្ទៀងផ្ទាត់​អំពី​ក្រុម​សារ​អេឡិចត្រូនិក (ChatGroup) របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ពេល​នេះ ក្រែង​មាន​ជន​ខិលខូច​អាច​នឹង​បន្លំ​ ដើម្បី​ចែកចាយ​ព័ត៌មាន​មិន​ពិត​ក្នុង​អំឡុង​ពេល​ជួប​វិបត្តិ​កូវីដ ១៩។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាប័ន​នេះ​បាន​លើក​ឡើង​ថា ដោយសារ​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​ដាក់​ជូន​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ក្នុង​សហគមន៍។ លើស​ពី​នេះ ដើម្បី​សម្រួល​ដល់​បងប្អូន​ពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បង្កើត​នូវ​ក្រុម (Group) ឆ្លើយឆ្លង​សារ​អេឡិចត្រូនិក​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ រហូត​ដល់​ស្រុក ខណ្ឌ តួ​យ៉ាង​ក្រុម Telegram ជាដើម។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ និង​រក្សា​ឯកជន​ភាព​របស់​បងប្អូន​ពលរដ្ឋ ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ចែក​រំលែក​នូវ​យន្តការ​គាំពារ​មួយ​ចំនួន​ដោយ​ត្រូវ​ផ្ទៀងផ្ទាត់​អំពី​ក្រុម​សារ​អេឡិចត្រូនិក (Chat Group) មុន​នឹង​ចូល​ជា​សមាជិក និង​ធ្វើ​សេចក្តី​រាយការណ៍​ជូន​សមត្ថកិច្ច ប្រសិន​បើ​មាន​ការ​សង្ស័យ​លើ​ក្រុម​សារ​អេឡិចត្រូនិក​ដែល​មាន​គោល​បំណង​ទុច្ចរិត (បង្ហោះ​ព័ត៌មាន​បង្ក​ចលាចល លួច​ព័ត៌មាន។ល។)។

នាយកដ្ឋាន​នេះ​បាន​បញ្ជាក់​ថា៖ «សូម​ធ្វើ​ការ​កំណត់​គណនី​អភិបាល ក្រុម​សារ​អេឡិចត្រូនិក (Admin) និង​ធ្វើ​ការ​បញ្ជូន​ឯកសារ​ចាំបាច់​ផ្សេងៗ​ផ្ទាល់​ទៅ​កាន់​គណនី​អភិបាល (Admin) ឬ​គណនី​សម្របសម្រួល (Coordinator) ជាជាង​ការ​ផ្ញើ​ចូល​ក្នុង​ក្រុម​ដែល​អ្នក​ដទៃ (ពុំមែន​អាជ្ញាធរ​មាន​សមត្ថកិច្ច) អាច​ធ្វើ​ការ​ចូល​មើល ឬ​ទាញ​យក​ឯកសារ​សម្ងាត់ ឬព័​ត៌មាន​ផ្ទាល់​ខ្លួន។

បន្ថែម​ពី​នេះ នាយកដ្ឋាន​ក៏​ស្នើ​ដល់​ពលរដ្ឋ​ឲ្យ​ចែក​រំលែក​នូវ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ និង​បង្ហោះ​នូវ​មតិយោបល់​ប្រកប​ដោយ​សីលធម៌ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ផង​ដែរ។

លោក ង៉ែត ម៉ូសេ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​បាន​លើក​ឡើង​ថា ការ​ដាក់​ចេញ​ចំណុច​ណែនាំ​របស់​នាយកដ្ឋាន​នេះ គឺ​ជា​ចំណុច​មួយ​ដែល​ល្អ​ស្រប​ពេល​ដែល​ប្រព័ន្ធ​តេឡេក្រាម កំពុង​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​ប្រទេស ជាពិសេស​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក​បាន​បន្ត​ថា ពលរដ្ឋ​គួរ​តែ​ទទួល​បាន​ចំណេះ​ដឹង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ការ​ប្រើប្រាស់ និង​ទទួល​បាន​ព័ត៌មាន​នានា​ពី​ប្រព័ន្ធ​នេះ ខណៈ​អ្នក​ប្រើប្រាស់​ខ្លួន​ឯង គួរ​តែ​ស្វែង​យល់​បន្ថែម​អំពី​របៀប​នៃ​ការ​ប្រើប្រាស់​ដែល​មាន​សុវត្ថិភាព។

លោក​បាន​បញ្ជាក់​ថា៖ «តាម​ពិត​ទៅ​បណ្តាញ​សង្គម​វា​ដូចជា​កាំបិត​មុខ ២ អ៊ីចឹង។ តែ​ក៏​មិនមែន​អាក្រក់​ដែរ អាស្រ័យ​លើ​យើង​យក​វា​មក​ប្រើ​ដោយ​វិធីណា? ដូច​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​កេង​ចំណេញ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ណា​មួយ​របស់​ក្រុម​ខ្លួន»។

យ៉ាងណា​ក្ដី លោក ង៉ែត ម៉ូសេ ចង់​ឲ្យ​អាជ្ញាធរ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ជា​ផ្លូវ​ការ គួរ​បង្កើត​គោលការណ៍ និង​សេចក្តី​ណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង ដោយ​ចៀសវាង​គ្រោះថ្នាក់ និង​ការ​ប្រើប្រាស់​ដែល​បណ្តាល​ឲ្យ​មាន​ហានិភ័យ ខណៈ​ការ​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ​ក្នុង​អំឡុង​ពេល​នេះ គឺ​ជា​រឿង​សំខាន់ ដើម្បី​ចូលរួម​ទប់ស្កាត់​វិបត្តិ​កូវីដ ១៩ នៅ​កម្ពុជា៕​

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ

(Visited 46 times, 1 visits today)