អ្នក​ជំនាញ៖ កម្ពុជា​ក្លាយ​ជា​គោល​ដៅ​របស់​ក្រុម​ហេគ​ឃ័រ (Hacker) ចំ​ពេល​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល

ភ្នំពេញ — កាល​ពី​ដើម​ខែ​ធ្នូ មន្ត្រី​ទ័ព​ជើង​ទឹក​កម្ពុជា​មួយ​រូប​បាន​ទទួល​សារតាម​បណ្ដាញ​ឆ្លើយ​ឆ្លង​អេឡិចត្រូនិកតេឡេក្រាម (Telegram) ​ពី​គណនី​មួយ​ដាក់​ឈ្មោះ​និង​រូបថត​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ក្មួយ​ប្រសា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​ខ្លឹមសារ​នៃ​ការ​ឆ្លើយ​ឆ្លង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​នគរបាល គណនី​អនាមិក​នោះ​បាន​ព្យាយាម​ផ្ញើ​ឯកសារ​អេឡិចត្រូនិក ដែល​អ្នក​ជំនាញ​ជឿ​ថា​មាន​មេរោគ ​Malware។

មក​ដល់​ចំណុច​មួយ គណនីបន្លំ​នោះ​ បាន​ព្យាយាម​សាក​សុំ​លេខ​ទូរសព្ទ​មន្ត្រី​កងទ័ព​ជើង​ទឹក​ប្រចាំ​ការ​នៅ​មូលដ្ឋាន​សមុទ្រ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​សហរដ្ឋអាមេរិក​និង​ចិន​កំពុង​សំឡឹង​មើល​ក្នុង​ក្រសែ​ភ្នែក​និង​ប្រយោជន៍​សន្ដិសុខ​ដ៏​សម្បើម៖ «តើ​នរណា​នៅ[មូលដ្ឋាន​សមុទ្រ]​រាម ដែលយើងអាច​ទាក់ទ​ង​បាន​ដើម្បីធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ពាក់ព័ន្ធ​នេះ»។

មន្ត្រី​នគរបាល​កម្ពុជា​និង​ក្រុមហ៊ុន​សន្ដិសុខ​បច្ចេក​វិទ្យា បាន​យល់​ឃើញ​ស្រប​គ្នា​ថា​ក្រុម​ហេគឃ័រ​(Hacker) ឬ​ចោរ​បច្ចេក​វិទ្យាក្នុង​រយៈ​កាល​ថ្មីៗ បាន​យក​មន្ត្រីកម្ពុជា​ជា​គោលដៅ​នៃ​ការ​ជ្រៀត​ចូលឬ​វាយ​ប្រហារ។

ក្រុម​អ្នក​ជំនាញ​នៅ​ក្រុមហ៊ុន​សន្ដិសុខ​បច្ចេកវិទ្យា​បាន​ចង្អុល​បង្ហាញ​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ចរន្ត​គោល​នយោ​បាយ​សន្ដិសុខ​និង​កិច្ច​ការបរទេស​របស់​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់ ថា​ជា​ដើម​ចម​ផ្ដល់​ហេតុ​ផល​នៃ​ការ​វាយ​ប្រហារ​ទាំង​នោះ។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​បាន​ឱ្យ​ដឹង​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន ថា​មាន​កំណើន​នៃ​ការ​វាយ​ប្រហារ​លើ​បណ្ដាញ​ Telegram ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​ហេគ​ឃ័រ ដែល​ព្យាយាម«លួច​យក​ទិន្នន័យ​នានា ដូច​ជា​ឯកសារ លេខ​កូដ​សម្ងាត់​សម្រាប់​កម្មវិធី​ផ្សេងៗ ព្រម​ទាំង​បញ្ជា​ម៉ាស៊ីន​ថត​រូប និង​ឧបករណ៍​ថត​សំឡេង​ផង​ដែរ ហើយ​អាច​បន្ត​លួច​ព័ត៌មាន​នៅ​ក្នុង​កុំព្យូទ័រ​ឬ​ទូរសព្ទ»។

លោក Charity Wright អ្នក​វិភាគ​ហានិភ័យ​ប្រចាំ​ក្រុមហ៊ុន​ Recorded Future ដែល​មាន​មូលដ្ឋាន​នៅរដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋ​អាមេរិក និយាយ​ថា​កម្ពុជា​ងាយ​រង​គ្រោះ​ដ្បិត «ហេដ្ឋា​រចនា​សម្ព័ន្ធ​សន្ដិសុខ​អ៊ិនធឺណិត»​ ខ្សោយ ដើរ​មិន​ទាន់​ចរន្ត​ឌីជីថល​ភាវូបនីយ​កម្ម ដែល​វិវឌ្ឍ​ក្នុង​ល្បឿន​រហ័ស។

អ្នកជំនាញ​រូប​នេះ​ប្រាប់​ VOA ​តាម​សារ​អ៊ីមែល​ថា៖ «ក្នុង​ឋានៈជា​ប្រទេស​កំពុង​អភិវឌ្ឍ កម្ពុជា​នៅ​ដើរ​មួយ​ជំហាន​ក្រោយ​គេ​រឿង​ការ​ប្រតិបត្តិ និង​រចនា​សម្ព័ន្ធ​ផ្លូវ​ច្បាប់​រឿង​សន្ដិសុខ​[បច្ចេកវិទ្យា]​ដោយ​សារ​ភាពក្រីក្រ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អត្រា​អក្ខរ​ភាព​ទាប​ផ្នែក​ឌីជីថល»។

លោក Charity Wright បន្ថែម​ថា៖ «ហើយ​មាន​តួអង្គ​ដែល​បង្ក​នូវ​ការ​គំរាម​កំហែង​ជា​ច្រើន​ប្រភេទ​ដែល​សំឡឹង​មើល​ភាព​ឆក​ល្វែង​របស់​កម្ពុជា និង​ប្រាថ្នា​សម្រុក​យក​ប្រយោជន៍​តាម​រយៈ​ភាព​ងាយ​រង​គ្រោះ​ទាំង​នោះ»។

រូបឯកសារ៖ រូបថតបង្ហាញបុរសម្នាក់ប្រើកុំព្យូរទ័រកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

នៅ​ក្នុង​ថ្ងៃ​តែ​មួយ ​(ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០) ដែល​នគរបាល​កម្ពុជា​ប្រកាស​ពី​ការ​បន្លំ​ឈ្មោះ​មេ​បញ្ជាការ​ដឹកនាំ​កំពូល​របស់​ខ្លួន ដើម្បី​បោក​បញ្ឆោត​ផ្ញើ​សារ​ដែល​មាន​មេរោគ នៅ​ក្រៅ​ប្រទេស​ឯ​នោះ​វិញ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​គួរ​ឱ្យ​កត់​សម្គាល់​មួយ។

ក្រុម​ស៊ើប​ការណ៍​អំពី​សន្ដិសុខ​អ៊ិនធឺណិត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចង្អុល​មុខ​ចំៗ​ថា​ក្រុម​ហេគឃ័រ Lotus Ocean ​ឬ​ក្រុម APT32 ដែល​សកម្ម​នឹង​ការ​វាយ​ប្រហារ​ជា​ញឹកញយ​លើ​រដ្ឋាភិបាល​ក្នុង​តំបន់ មាន​ប្រភព​ពី​ទីក្រុង​ព្រៃ​នគរ (Ho Chi Minh City)​ ក្នុង​ប្រទេស​វៀតណាម ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ឯកជន ​CyberOne Group។

ក្រុម​ APT32 បាន​ក្រសោប​ចំណង​ជើង​ព័ត៌មាន​អន្តរជាតិ​កាល​ពី​ខែ​មេសា ឆ្នាំ២០២០ ក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន​អាមេរិក ​FireEye ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ទម្លាយ​ថា​ក្រុម​នេះ​បាន​វាយ​ប្រហារ​គោលដៅ​សំខាន់ៗ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌មាន​រដ្ឋបាល​ទីក្រុង​អ៊ូហាន​របស់​ចិន ខណៈ​ចិន​ព្យាយាម​បិទ​ព័ត៌មាន​អំពី​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។

ក្រុម​ APT32 ​នេះ​ធ្លាប់​ត្រូវ​បាន​រាយការណ៍​ថា​បាន​វាយ​ប្រហារ​គេហទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដោយ​ស្ងាត់​ស្ងៀម​កាល​ពី​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ក្នុង​គោល​បំណង​មួយ ដើម្បី​សម្ងំ​វាយ​ប្រហារបុគ្គលិក​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ នៅ​ពេល​បើក​មើល​គេហទំព័រ​ភ្នំពេញប៉ុស្តិ៍។

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ដដែល ក្រុម​ហ៊ុន​ FireEye ក៏​បាន​រាយការណ៍​អំពី​ការ​ប៉ុនប៉ង​វាយ​ប្រហារ​មក​លើ​អ្នក​នយោបាយ និង​សកម្មជន​កម្ពុជា​ពី​សំណាក់​ក្រុម​ហេគឃ័រ​ចិន TEMP.Periscope ដែល​បច្ចុប្បន្ន​គេ​ស្គា​ល់​ថា​ជា​ក្រុម​ APT40។

នៅ​មុន​ការ​បោះឆ្នោត​ដដែល ក្នុង​ឆ្នាំ​២០១៧ សារ​អេឡិចត្រូនិក​រវាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុមហ៊ុន​យុទ្ធសាស្ត្រ​អ៊ីស្រាអែល Shaviv Strategy and Campaigns ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ ដែល​មន្ត្រី​ទាំង​នោះ​រួម​មាន​ទាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា លោក​អូន ព័ន្ធមុនីរ័ត្ន​ផង​ដែរ។

ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ២០១៧ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ គេហទំព័រ​ហ្វេស​ប៊ុក​របស់​បណ្ដាញ​ឃោសនា​ព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ក៏​ត្រូវ​បាន​ហេគឃ័រ​យក​បាន​ទៅ​គ្រប់គ្រង ហើយ​ថែម​ទាំង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិ​ន​ពិត​ពី​មរណភាព​នាយក​រដ្ឋមន្ត្រី​ទៀត​ផង។

ការ​វាយ​ប្រហារ​មាន​ជា​ហូរហែ​បន្ត​មក​ទៀត។ ក្រោយ​ការ​បោះឆ្នោ​ត​ត្រូវ​បាន​បិទ​បញ្ចប់ គេហ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ហេគ​ពីរ​ដង ដំបូង​ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ និង​ក្រោយ​មក​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក Fred Plan អ្នក​វិភាគ​ជាន់​ខ្ពស់​លើ​ហានិភ័យសន្ដិសុខអ៊ិនធឺណិត​នៃ​ក្រុមហ៊ុន FireEye មាន​ប្រសាសន៍​ថា​ កម្ពុជាបានក្លាយ​ជា«គោល​ដៅ​ចម្បង»នៃ​ការ​វាយ​ប្រហារតាំងពីឆ្នាំ​២០១១។

អ្នក​ជំនាញ​រូប​នេះ​ប្រាប់ ​VOA ​តាម​សារ​អ៊ីមែល​ថា​ក្រុម​ដែល​ឧស្សាហ៍​វាយ​ប្រហារ​យក​កម្ពុជា​ជា​គោល​ដៅ​រួម​មាន​ក្រុម​ APT32 របស់​វៀតណាម និង​ក្រុម​ APT40 ​របស់​ចិន ហើយ​ក្រុម​ទាំង​ពីរ​នេះ​នៅ​តែ​សកម្ម​ក្នុង​ការ​យក​កម្ពុជា​ជា​គោល​ដៅ។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​លទ្ធភាព​ខ្ពស់​បំផុត​ដែល​ថា​កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​នៃ​ប្រតិបត្តិ​ករ​ឈ្លប​យក​ការណ៍​តាម​អ៊ិនធឺណិត​ទាំង​នេះ ខណៈ​ដែល​របប​ដឹកនាំ​ប្រទេស​មាន​ចំណង​ស្និទ្ធ​ស្នាលជាមួយ​តួអង្គ​ធំៗ​ក្នុង​តំបន់ ​(ដូចជា​ប្រទេស​ចិន) និង​គោល​ជំហរ​ភូមិសាស្ត្រ​នយោ​បាយក្នុង​វេទិកា​អាស៊ាន»។

លោក Fred Plan បន្ថែម​ថា៖«ជំហរ​គោល​នយោ​បាយ​របស់​កម្ពុជា​ ជា​ប្រយោជន៍​នៃ​ការ​ចង់​ដឹង​នៃ​ក្រុម​ប្រតិបត្តិ​ករ​ឈ្លប​យក​ការណ៍​ចម្រុះ​លើបណ្ដាញអ៊ិនធឺណិត​ ដែល​យុទ្ធនាការ​របស់​ពួក​គេ​ប្រាថ្នា​ប្រមូល​ព័ត៌មាន​ចារ​កម្ម​កសាង​មូលដ្ឋាន​ យក​ប្រៀប​ជា​យុទ្ធសាស្ត្រ​លើ​ផ្នែក​ការ​ទូត នយោ​បាយនិង​សេដ្ឋកិច្ច»។

​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​តាម​សារ​អេឡិចត្រូនិក​របស់​ VOA សុំ​ការ​បំភ្លឺ​នៅ​ឡើយ​ទេ។

កម្ពុជា​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ចិន ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ជំនួយ​ហិរញ្ញប្ប​ទាន ផ្នែក​វិនិយោគ ផ្នែក​នយោបាយ និង​ផ្នែក​សន្ដិសុខ ដល់​រដ្ឋ​អំណាច​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់​តែ​ក្រសោប​អំណាច​នយោបាយ។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទះដៃ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ក្នុង​អំឡុងពេល​នៃ​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​ឯ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០១៩។

ក្រុមហ៊ុន​ Recorded Future បាន​ចេញ​របាយ​ការណ៍​សិក្សា​មួយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ថា ក្រុម​ APT32​ របស់​វៀតណាម បាន​បើក​យុទ្ធនាការ​យក​រដ្ឋាភិបាល​កម្ពុជា​ជា​គោល​ដៅ ដោយ​ក្លែង​បន្លំ​ផ្ញើ​ឯកសារ​ ដែល​មាន​មេរោគ​ចង់​ជ្រៀត​ចូល​ទៅ​គ្រប់​គ្រង​ឧបករណ៍ ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ឯកសារ​បោក​បន្លំ​ក្រោម​ស្លាក «អាស៊ាន» ឬ «សេនានុព័ន្ធ​យោធា​បរទេស​នៅ​កម្ពុជា» ជា​ដើម។

ក្រុមហ៊ុន​ដដែល​នេះ​បាន​លើក​ឡើង​ថា កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា ដែល​ថ្មីៗ​នេះ​ចិន​បាន​ក្រសោប​កាន់​កាប់​គម្រោងវិនិយោគ​ក្នុង​ចំណុច​យុទ្ធសាស្ត្រ​សន្ដិសុខ​លម្ហ​សមុទ្ រ​ក្នុង​តំបន់​ឆ្នេរ​កម្ពុជា ដែល​នេះរដ្ឋាភិបាល​ក្រុងហាណូយ​មើល​ឃើញ​ថា​ ជា​ការ​គំរាម​ដល់សន្ដិសុខ​ខ្លួន។

ទាំង​រដ្ឋាភិបាល​វៀតណាម​និង​ក្រុមហ៊ុន CyberOne Group ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ព្រៃ​នគរ​បាន​បដិសេធ​ការ​រកឃើញ​របស់ FireEye ជា​បន្ត​បន្ទាប់ ថា​មិនមាន​ពាក់ព័ន្ធ​នឹង​ក្រុម Ocean Lotus ឬ APT32 នេះ​នោះ​ទេ

លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ឯករាជ្យ​ជំនាញ​សន្ដិសុខ​បច្ចេកវិទ្យា បាន​ឱ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​ដែល​ក្រុម ​APT32 និយម​ប្រើ រួម​មាន​ការ​ផ្ញើ​ឯកសារ​ដែល​មាន​មេរោគ​ឱ្យ​បើក​មើល​ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ឧបករណ៍ និង​ការ​បង្កើត​ជា​ទំព័រ​ហ្វេសប៊ុក​ឬ​កម្មវិធី​ទូរសព្ទ​លួង​លោម​បញ្ចុះ​បញ្ចូល​អ្នក​ប្រើប្រាស់​ឱ្យ​ទាញ​យក ហើយ​ខ្លួន​អាច​ឈ្លប​យក​ទិន្នន័យ​បាន។

អ្នក​ប្រឹក្សា​ឯករាជ្យ​រូបនេះមាន​ប្រសាសន៍​ថា៖ «បើ​មើល​តាម​យុទ្ធសាស្ត្រ​គេ​ធ្វើ​នេះ ភាគ​ច្រើន​ជា​យុទ្ធសាស្ត្រ​មុជ​ងើប ចង់​និយាយ​ថា​ភ្លេច​ខ្លួន​ធ្វើ​ទៅ ប៉ុន្តែ​បើ​គេ​ដឹង​ហើយ​ទៅ ក៏​សម្រាក​មួយ​ភ្លែត​អី​ទៅ រក​វិធីសាស្ត្រ​អី​ថ្មី​ឬ​អត់​ធ្វើ​អី​សោះ ដែល​សូម​ហៅ​ថា​វិធី​សាស្ត្រ​មុជ​ងើប​ទៅ​ចុះ ព្រោះ​វិធីសាស្ត្រ​នេះ​ធ្លាប់​មាន​គេ​ប្រើ​រង្វង់​១០ឆ្នាំ​មុន។ តែ​ទាំង​យើង​ទាំង​គេ ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ បើ​យើង​ធ្វើ​ការ​ងប់​ងល់​ទៅ​ផ្នែក​ហ្នឹង​ខ្លាំង​ទៅ មាន​របាយ​ការណ៍​អី​ផ្ញើ​មក យើង​អាច​នឹង​ចុច​មើល​ដោយ​មិន​បាន​ពិនិត្យ​ពិច័យ​អ្វី​ឱ្យ​បាន​សមរម្យ​ទេ»។

ដើម្បី​បង្ការ​ការពារ​ខ្លួន ទាំង​សម្រាប់​មន្ត្រី​រដ្ឋាភិបាល មហាជន អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក ង៉ែត ម៉ូសេ បាន​ផ្ដល់​ដំបូន្មាន​ថា​គេ​គួរទាញ​យក ​(download) ​តែ​កម្មវិធី​ទូរសព្ទ​ណា​ដែល​មាន​ប្រវត្តិ​ច្បាស់​លាស់ ហើយ​ចាំបាច់​សម្រាប់​ការ​ប្រើប្រាស់ ដើម្បី​បង្ការ​ការ​ឈ្លប​យក​ទិន្នន័យ​ពី​កម្មវិធី​ទូរសព្ទ​ដែល​បង្កើត​ដោយ​ក្រុម​ឈ្លប​យក​ការណ៍​ឬ​ហេគឃ័រ​នោះ។

អ្នក​ជំនាញ​រូប​នេះ​ក៏​បាន​ស្នើ​សា​ជាថ្មី​ឱ្យកំណត់​នូវ​ក្រម​ពិធីការ​នៃ​ការ​ប្រតិបត្តិ​ទំនាក់​ទំនង​ផ្ទៃ​ក្នុង​រដ្ឋាភិបាល ដើម្បី​ជ្រើស​យក​វិធីសាស្ត្រ​ប្រាស្រ័យ​ទាក់​ទង ​ដែល​មាន​សន្ដិសុខ​ខ្ពស់​និង​ត្រឹម​ត្រូវ​សម្រាប់​សុវត្ថិភាព​ទិន្នន័យ និង​កិច្ចការ​សន្ដិសុខ​ជាតិ។

ឧត្តមសេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ​កម្ពុជា​ពិត​ជា​បាន​រង​ការ​វាយ​ប្រហារ​កាន់​តែ​ច្រើន​ឡើង​ពី​បណ្ដា​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។

ទាក់ទង​នឹង​ការ​វាយ​ប្រហារ​តាមតេលេក្រាម (Telegram)​ កាល​ពី​ខែ​ធ្នូ លោក​មាន​ប្រសាសន៍​ថា៖ «យើង​កំណត់​បាន​ខ្លះ​តែ​យើង​ជម្រាប​អត់​បាន​ទេ ដោយ​សារ​ករណី​កំពុង​តស៊ូ។ នេះ​ជា​ជំនាញ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ សុំ​ទោស ជម្រាប​មិន​បាន​ទេ … ក្នុង​ប្រទេស​មិន​អាច​មាន​លទ្ធភាព​ធ្វើ​ទេ»។

នាយ​នគរបាល​ជាន់​ខ្ពស់​រូប​នេះ​បាន​ប្រាប់​ VOA ​ថា ​ឧក្រិដ្ឋជន​ដែល​បាន​វាយ​ប្រហារ​តាម Telegram ក្នុង​ពេលថ្មីៗ​នេះ ទំនង​មាន​ប្រភព​ពី​ក្រុម​តែ​មួយ និង​ប្រទេស​តែ​មួយ​ជាមួយ​នឹង​ក្រុម​ដែល​បាន​លួច​យក​ហ្វេសប៊ុក​លោក ហ៊ុន សែន កាល​ពី​គ្រា​មុន។

រូបឯកសារ៖ កម្មវិធី Telegram ត្រូវបានបង្ហាញនៅលើទូរសព្ទទំនើបមួយ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។

តែ​យ៉ាង​ណា លោក​មិន​ផ្ដល់​ឈ្មោះ​ប្រទេស​និង​ក្រុម​នោះ​ទេ ដោយ​ថា​វា​ជា​ «ការណ៍​សម្ងាត់» ​ប៉ះពាល់​ដល់​«ការ​ស៊ើប​អង្កេត»ដែល​កំពុង​បន្ត​ធ្វើ។​

លោក​មាន​ប្រសាសន៍​ថា៖ «ធម្មតា​បច្ចេក​វិទ្យា វាវិវឌ្ឍ​អ៊ីចឹង​អ្នក​ខិល​ខូច វា​តែង​តែ​យក​ឱកាស​ចន្លោះ​ប្រហោង​របស់​បច្ចេក​វិទ្យា​ទៅ​ធ្វើ​បទ​ល្មើស។ វា​អត់​មាន​អី​ដែល​យើង​ត្រូវ​នៅ​ស្ងៀម​ទេ។ មន្ត្រី​អនុវត្ត​ច្បាប់​កំពុង​តែ​សហការ​គ្នា​ស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញា»។

ទាក់​ទិន​នឹង​ការ​កំណត់​ក្រម​ពិធី​ការ​នៃ​ការ​ប្រតិបត្តិ​ទំនាក់​ទំនង​ផ្ទៃ​ក្នុង​រដ្ឋាភិបាល ដែល​អ្នក​ជំនាញ​ខាង​បច្ចេក​វិទ្យា​បានស្នើ លោក ជា ពៅ​ លើក​ឡើង​ថា​នេះ​ជា​រឿង «ត្រូវ​តែ​ធ្វើ» ហើយ​លោក​ឱ្យ​ដឹង​ថា​ក្រុម​ការងារ​ចម្រុះ​ក្រសួង​ស្ថាប័ន​កំពុង​មមាញឹក​រៀប​ចំ​ហើយ។

លោក Charity Wright នៃ​ក្រុម​ហ៊ុន ​Recorded Future នៅ​សហរដ្ឋ​អាមេរិក បាន​បន្ដ​ស្នើ​ឱ្យ​រដ្ឋ​អំណាច​កម្ពុជា មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមួយក្រុម APT32 និង​ក្រុម​ដទៃៗ​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «កាល​ពី​ពេល​កន្លង​មក កម្ពុជា​បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​មធ្យោបាយ​អនឡាញ​ដែល​ចង់​បំផ្លាញ​ទិន្នន័យ និង​មធ្យោបាយ​ឈ្លប​យក​ការណ៍​សម្ងាត់ ដែល​អាច​ឱ្យ​គេ​សន្និដ្ឋាន​ថា​តួអង្គ​ដែល​បង្ក​ការ​គំរាម​កំហែង​ទាំង​នោះ​ចង់​បាន​ទិន្នន័យ​ផ្ទៃ​ក្នុង​ដែល​មាន​តម្លៃ​ដើម្បី​ប្រយោជន៍​របស់​គេ»។

លោក​បន្ថែម​ថា​ក្រុម APT32 នឹង​បន្ត​ជា​គ្រោះ​គំរាម​កំហែង «ស្ថិត​ស្ថិរ​ចីរកាល​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា​និង​បណ្ដា​ប្រទេស​អាស៊ាន ហើយ​ថា ​ពួកគេ​មាន​ធនធាន​ដើម្បី​អភិវឌ្ឍ​នូវ​ប្រតិបត្តិ​ការ មធ្យោបាយ និង​កលយុទ្ធ​កាន់​តែ​ទំនើប​ឡើង ដើម្បី​ក្លាយ​ជា​ការ​គំរាម​កំហែង​ដែល​ទំនើប​និង​ត្រាំ​ត្រែង ​(APT)​ លំដាប់​ពិភព​លោក»។

នៅ​ពេល​សួរ​អំពី​ក្រុម ​APT32 ឧត្តមសេនីយ៍​ឯក ជា ពៅ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​លើក​ឡើង​ថា «ចំពោះ​ក្រុម​នេះ យើង​បាន​ណែនាំ​ឱ្យ​ផ្សព្វ​ផ្សាយ​តៗ​គ្នា ដើម្បី​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា»៕

ប្រភព៖ VOA Khmer

(Visited 114 times, 1 visits today)