ហ្វេសប៊ុកផេកដែលមានប្លូធិកនៅកម្ពុជាជាគោលដៅនៃការបោកបញ្ឆោតទាញយកព័ត៌មានអ្នកគ្រប់គ្រងផេក

ទំព័រផ្លូវហ្វេសប៊ុកផ្លូវការរបស់អង្គការ ស្ថាប័នជាតិ និងអន្តរជាតិដែលមានទីតាំងក្នុងប្រទេសកម្ពុជា​ប្រមាណជា ២២ស្ថាប័ន ក្នុងនោះមានទំព័រហ្វេសប៊ុករបស់ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ក្រសួងយុត្តិធម៌ ក្រសួងមុខងារសាធារណៈ ស្នងការរាជធានីភ្នំពេញ ធនាគារជាតិនៃកម្ពុជា អង្គការអាដហុក អង្គការសង់ត្រាល់ អង្គការ Plan International Cambodia ជាដើម ត្រូវបាន​ទំព័រហ្វេសប៉ុកឈ្មោះថា Faœbook Verified tag ឈ្មោះផេកចូលក្នុងអត្ថបទដែលអះអាងថា ផេកពួកគេទាំងនេះត្រូវបានគេរាយការណ៍ថា ជាផេកបោកប្រាស់ ហើយដើម្បីបញ្ចាក់ថាពួកគេត្រូវផ្តល់ព័ត៌មានការចូលទៅកាន់គណនីហ្វេសប៉ុកដូចជា អ៉ីម៉ែល និងពាក្យសំងាត់ ដែលនេះជាការបោកបញ្ឆោទ។

អ្នកគ្រប់គ្រងផេកដែលមាន Role ជា admin និង editor ប្រហែលជាបានទទួល notification ដែល mention ឈ្មោះផេក បញ្ចាក់ប្រាប់ដូចក្នុងរូបខាងក្រោមនេះ។ ក្នុងសារនោះបានណែនាំឲ្យអ្នកគ្រប់គ្រងផេកចូលទៅកាន់តំណរភ្ជាប់មួយ (ខ្ញុំនឹងពិនិត្យមើលតំណរភ្ជាប់នេះនៅក្រោមអត្ថបទ) ដើម្បីបំពេញព័ត៌មាន ដូចជាឈ្មោះ អ៉ីម៉ែលឬលេខទូរស័ព្ទ និងពាក្យសំងាត់។ សារនោះក៏បានបំភ័យដល់អ្នកគ្របគ្រងផេកថាបើមិនបញ្ជាក់នូវព័ត៌មានខាងលើនេះទេ ក្រុមហ៊ុនហ្វេសប៊ុកនឹងប្លក់គណនី និងមិនអាចប្រើប្រាស់បាន។

ការពិនិត្យមើលពីរូបរាងខាងក្រៅ

  • ការពិនិត្យមើលស្លាកសញ្ញាក្រុមហ៊ុនហ្វេសប៊ុក គឺមិនមែនជារបស់ផេកណាមួយដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនហ្វេសប៊ុកឡើយ។ ចំណែកឯទំព័រផ្លូវការរបស់ផ្នែកសន្តិសុខហ្វេសប៊ុកគឺ https://www.facebook.com/security/
  • ហ្វេសប៊ុកមានទំព័រ Facebook Mention (https://www.facebook.com/facebookmentions/) តែមិនមានផេក Facebook verified ដូចដែលបានឃើញផ្សាយនេះទេ។
  • ការ mention ឈ្មោះផេកដើម្បីផ្តល់ព័ត៌មានពីសន្តិសុខសុវត្ថិភាពដល់អ្នកប្រើប្រាស់ គឺមិនមែនជាវិធីសាស្ត្ររបស់ក្រុមហ៊ុនហ្វេសប៊ុកនោះទេ។ ជាទូទៅ ហ្វេសប៊ុកផ្ញើព័ត៌មានទាំងនោះតាមអ៉ីម៉ែលដែលយើងបានចុះឈ្មោះប្រើប្រាស់ហ្វេសប៊ុក និង notification លើគណនីរបស់យើង។ (សូមមើលរូបខាងក្រោមពីសាររបស់ Facebook Help Team ឆ្លើយតបទៅអ្នកដែលបានទទួលបោកបញ្ឆោទ)។
  • ប្រយោគដំបូង គឺជាប្រយោគបំភ័យ ដោយសរសេរអះអាងបញ្ជាក់ពីរបាយការណ៍ដែលបានទទួល ពីភាពមិនស្របច្បាប់របស់ម្ចាស់ផេក។ បន្ទាប់មកសេចក្តីណែនាំពីរបៀបត្រូវដោះស្រាយដោយ មានបង្ហាញនូវតំណរភ្ជាប់ ដើម្បីឲ្យម្ចាស់ផេកធ្វើការចុចបន្ត។ អ្នកបោកបញ្ឆោទ គម្រាមម្ចាស់ផេកបើមិនធ្វើតាមនឹងមានផលលំបាក។ ចំណុចនេះហើយ ដែលធ្វើឲ្យម្ចាស់ផេកមួយចំនួន ពិតជាជឿថាពួកគេអាចមានកំហុសណាមួយពិតមែន។
  • អាស័យដ្ឋានដែលដាក់ជា signature ខាងក្រោមគឺមិនត្រឹមត្រូវទាំងអស់នោះទេ។ អាស័យដ្ឋានរបស់ក្រុមហ៊ុនហ្វេសប៊ុកគឺ Menlo Park រដ្ឋកាលីហ្វក់ញ៉ា។ សូមមើល https://en.wikipedia.org/wiki/Facebook,_Inc.

តើពេលយើងចុចលើតំណរភ្ជាប់ វានាំយើងទៅធ្វើអ្វីខ្លះ?

ពេលដែលយើងចុចលើតំណរភ្ជាប់ទី១ https://bit.do/recovery-page-verification ដូចបានបង្ហាញក្នុងសារនេះ វានឹង redirect បន្តទៅ តំណរភ្ជាប់ទី២ https://telegra.ph/WARNING–Your-Account-Has-Violated-Terms-on-Facebook-07-27 ដែលវាបង្ហាញពីនូវសារថា គណនីរបស់អ្នកបានរំលោភលើលក្ខខណ្ឌរបស់ហ្វេសប៊ុក។ ក្នុងសារនោះបានណែនាំឲ្យចុចលើតំណរភ្ជាប់ទី៣ https://luxpgehlpsrvcbsns01.my.id/help.htm ក្រោមពាក្យថា Click here to confirm your account។ តំណរភ្ជាប់ទី៣នេះ គឺជាទម្រង់ឲ្យយើងវាយបញ្ចូលនូវព័ត៌មានរបស់យើង ដូចជាឈ្មោះ អ៉ីម៉ែលឬទូរស័ព្ទ និងពាក្យសំងាត់របស់យើង។ វាបង្ហាញពីទ្រងទ្រាយ webpage ប្រហាក់ប្រហែល នឹងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីឲ្យកុំឲ្យសង្សៃ។

ការពិនិត្យតំណរភ្ជាប់ក្នុងការណែនាំ

មុននឹងបើក ខ្ញុំបានយកតំណរភ្ជាប់ទី១ https://bit.do/recovery-page-verification ទៅពិនិត្យមើលក្នុងវិបសាយ virustotal.com ដូចរាល់ដងដែរ។ ជាលទ្ធផល វាមិនមែនជាតំណរភ្ជាប់ដែលគ្រោះថ្នាក់នោះទេ ដោយវិបសាយ virustotal យកតំណរភ្ជាប់នោះទៅពិនិត្យជាមួយនឹង Database របស់ក្រុមហ៊ុន anti-virus ល្បីៗចំនួន ៧៩ក្រុមហ៊ុន ដែលបាន ចែករំលែកទិន្នន័យជាមួយនឹង Virustotal។ ប៉ុន្តែ តំណរភ្ជាប់ទី១ redirect ទៅកាន់តំណរភ្ជាប់មួយផ្សេងទៀត ដែលខ្ញុំចាត់ទុកថាជាតំណរភ្ជាប់ទី២ https://telegra.ph/WARNING–Your-Account-Has-Violated-Terms-on-Facebook-07-27

Screenshot លទ្ធផលពីការពិនិត្យតំណរភ្ជាប់ទី១ ដោយប្រើប្រាស់វិបសាយ virustotal

ខ្ញុំបានបន្តពិនិត្យដោយយកតំណរភ្ជាប់ទី២នេះ https://telegra.ph/WARNING–Your-Account-Has-Violated-Terms-on-Facebook-07-27 ទៅពិនិត្យម្តងទៀតក្នុង Virustotal។ ក្នុងចំណោម កម្មវិធីកំចាត់មេរោគល្បីៗទាំង ៧៩ក្រុមហ៊ុន មានតែក្រុមហ៊ុនកំចាត់មេរោគ Sophos AV របស់ចក្រភពអង់គ្លេស ចាប់បានថាតំណរភ្ជាប់នេះ មានការសង្សៃ។

Screenshot នៃលទ្ធផលពិនិត្យលើតំណរភ្ជាប់ទី២ ដោយប្រើប្រាស់វិបសាយ Virustotal

ដោយសារតែតំណរភ្ជាប់ទី២នេះ ណែនាំឲ្យចុចទៅកាន់តំណរថ្មីមួយទៀត ដែលខ្ញុំហៅថាជាតំណរភ្ជាប់ទី៣ https://luxpgehlpsrvcbsns01.my.id/help.htm។ តំណរភ្ជាប់នេះ គឺជាកន្លែងវាយនូវព័ត៌មានផ្ទាល់ខ្លួន។ ខ្ញុំបានយកតំណរភ្ជាប់ទី៣នេះទៅពិនិត្យមើលម្តងទៀត តែជាលទ្ធផល គឺតំណរភ្ជាប់ទី៣នេះ មិនមានគ្រោះថ្នាក់នោះទេ។

screenshot លទ្ធផលរបស់តំណរភ្ជាប់ទី៣ ដោយប្រើប្រាស់វិបសាយ virustotal

ការពិនិត្យមើលពីរចនាសម្ព័ន្ធរបស់តំណរភ្ជាប់ទាំង៣

ការពិនិត្យមើល Graph របស់តំណរភ្ជាប់ទី២ ក្នុង Virustotal បានរកឃើញថា bit.do គឺមានបង្កប់នូវ file ដែលមានគ្រោះថ្នាក់ជាច្រើន (បណ្តុំ icon ្ក្រហមខាងស្តាំដៃ)។ ក្នុងនោះ តំណរភ្ជាប់ទី១នេះ ត្រូវបានចាប់បានដោយក្រុមហ៊ុនកំចាត់មេរោគចំនួន៣ ដែលបង្ហាញពីការសង្សៃលើតំណរភ្ជាប់នេះ។

Screenshot លទ្ធផលពិនិត្យមើលរចនាសម្ព័ន្ធរបស់តំណរភ្ជាប់ទី១ ដោយប្រើប្រាស់ Graph virustotal
Screenshot លទ្ធផលពិនិត្យមើលរចនាសម្ព័ន្ធរបស់តំណរភ្ជាប់ទី២ ដោយប្រើប្រាស់ Graph virustotal
Screenshot លទ្ធផលពិនិត្យមើលរចនាសម្ព័ន្ធរបស់តំណរភ្ជាប់ទី៣ ដោយប្រើប្រាស់ Graph virustotal

នេះគ្រាន់តែជាការពិនិត្យទូទៅ និងបឋមរបស់ខ្ញុំពីតំណរភ្ជាប់ដែលបានបង្ហាញក្នុងសារបោកបញ្ឆោទប៉ុណ្ណោះ។ តាមមើលអាចនឹងមានលើសពី ២២ផេក នេះទៅទៀត ហើយក្នុង ២២ផេកនេះ មានអ្នកគ្រប់គ្រងផេកស្ថាប័នមួយ បានធ្វើតាមការបោកបញ្ឆោទនេះ ហើយគាត់ក៏បានកែប្រែការកំណត់សុវត្ថិភាពក្នុងគណនីហ្វេសប៊ុករបស់គាត់ឡើងវិញផងដែរ។ ខ្ញុំសង្ឃឹមថាការចែករំលែកនេះ នឹងជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវបន្ថែម និងបន្ត។ សូមប្រុងប្រយ័ត្ន និងថែរក្សាសុវត្ថិភាព។

(Visited 169 times, 1 visits today)