ក្រុមហ៊ុន Apple និង Goolge កំពុងរៀបចំបង្កើត កម្មវិធីទូរស័ព្ទដើម្បីតាមដានមេរោគកូរូណា

ក្រុមហ៊ុនយក្ស Apple និង Google សហការជាមួយនឹងស្ថាប័នសុខាភិបាលជាច្រើន នឹងដាក់ចេញនូវកម្មវិធីទូរស័ព្ទ (App) ដើម្បីតាមដាន និងផ្តល់ព័ត៌មាន មនុស្សពាក់ព័ន្ធ​ នឹង​អ្នកដែលធ្វើតេសរកឃើញថាមានវិជ្ជមានកូវីត១៩ (Contact Tracing) ដើម្បីកាត់បន្ថយ ការរីករាលដាល​របស់មេរោគនេះ។

ក្រុមហ៊ុនទាំងពីរនេះគ្រោងនឹងប្រើប្រាស់វិមជ្ឍការបច្ចេកវិទ្យាប្លូធូ (Bluetooth) ដែលមាន​ស្រាប់ ក្នុងទូរសព័្ទដៃទំនើប (Smartphone) ដើម្បីជួយអ្នកប្រើប្រាស់តាមដានថាតើពួកគេកន្លងមក​ បានប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដែលបានធ្វើតេសរកឃើញថាវិជ្ជមានកូវីត១៩ ដែលគេហៅ ថា “Contact Tracing”

វិដេអូរបស់ខ្ញុំរៀបរាប់ពីដំណើរការ និងការបារម្ភពីទិន្នន័យអ្នកប្រើប្រាស់ចំពោះ App បែបនេះ

តើវាដំណើរការបែបណា?

គ្រប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទទំនើប Android ឬ iOS ដែលមានជម្រើសបើក ឬបិទ កម្មវិធី ត្រូវបានគេកំណត់ ការសំគាល់ទិន្នន័យទីតាំង ជាអនាមិក (anonymous identifier beacon) ដែលទិន្នន័យទាំងនោះផ្ញើទៅវិញទៅមក ជាមួយនឹង  

ទូរស័ព្ទទំនើបដែល ដែលនៅក្បែរគ្នា តាមរយៈប្លូធូ។ 

ពេលដែរមនុស្សពីរនាក់ជួបគ្នាក្នុងរយៈពេលកំណត់ណាមួយ ហើយបានដាក់ដំណើរការនូវកម្មវិធី នេះ ទូរស័ព្ទពួកគេ​នឹង​ផ្លាស់ប្តូរនូវទិន្នន័យការកំណត់ទីតាំងអនាមិកតាមរយៈប្លូធូ។ បើសិន​ជា​ពួក គេណាម្នាក់​ធ្វើតេសវិជ្ជមានកូវីត១៩ ម្នាក់នោះ​អាចដាក់បញ្ចូល​នូវលទ្ធផលនោះក្នុងកម្មវិធី ទូរស័ព្ទនេះ។

ពេលដែល​អ្នក​ធ្វើ​តេសវិជ្ជមានកូវីត១៩ដាក់បញ្ចូលនូវលទ្ធផល​នេះ​ទៅក្នុង app នេះហើយ ទិន្នន័យ​ដែលបានពី​ប្លូធូរយៈពេល១៤ថ្ងៃរបស់គាត់ ​នឹង​ដាក់បញ្ចូលទៅក្នុង​ ប្រព័ន្ធក្លោត (Cloud) របស់ app ហើយ អ្នកណា​ដែលនៅក្បែរនឹងអ្នករកធ្វើតេសវិជ្ជមានកូវីត១៩ តាម ចំងាយកំណត់ណាមួយក្នុងទីតាំងណាមួយនោះ ពួកគេនឹងទទួលបានសារជូនដំណឹង លើ ទូរស័ព្ទដៃរបស់គេថា គេបាននៅក្បែរអ្នកដែលធ្វើតេសមានវិជ្ជមានកូវីត១៩ ហើយណែនាំ​ ពួកគេពីជំហារត្រូវធ្វើដូចម្តេចទៀត។

តើមានការព្រួយបារម្ភផ្នែកឯកជនភាពដូចម្តេចខ្លះ?

អង្គការ AccessNow បានចេញ​នូវអនុសាស្ត្រស្តីពី​ឯកជនភាព និងការការពារ​ទិន្នន័យក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវី១៩ ដោយផ្តោតលើ ៣ចំណុង (១) ការប្រមូល និងប្រើប្រាស់ទិន្នន័យ សុខភាព (២) តាមដាន និងទីតាំងភូមិសាស្ត្រ និង (៣) ភាពជាដៃគូរវាងស្ថាប័នសាធារណៈ និង ឯកជន។ 

ចំណុចទី១៖ ការប្រមូល និងប្រើប្រាស់ទិន្នន័យ សុខភាព
ករណីសិក្សា

ប្រទេសអាហ្សង់ទីន៖ កាសែតមួយបានផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សដែលឆ្លងវីរុស COVID-19 ដែលបង្ហាញពីអាយុរបស់ពួកគេ កន្លែងដែលពួកគេបានធ្វើដំណើរ មន្ទីរពេទ្យដែល ព្យាបាលពួកគេត្រូវ និងព័ត៌មានជាច្រើនទៀត។

ប្រទេសឥណ្ឌា៖ យ៉ាងហោចណាស់ក៏មាន​តំបន់ពីររបស់រដ្ឋាភិបាលឥណ្ឌាបាន​ផ្ទុកឡើង (upload) ឯកសារជា PDF លើអនឡាញដែលមានឈ្មោះ អាស័យដ្ឋានផ្ទះ ប្រវត្តិធ្វើដំណើរ របស់ពលរដ្ឋ​ដែលត្រូវបានបញ្ជារឲ្យនៅដាច់ដោយឡែក។ ព័ត៌មានទាំងនេះ​ត្រូវបាន​មើល និង ទាញយក​ពីមនុស្សគ្រប់គ្នា។

ចំណុចទី២៖ តាមដាន និងទីតាំងភូមិសាស្ត្រ
ករណីសិក្សា

ប្រទេសកេនយ៉ា៖ នៅក្នុងប្រទេសកេនយ៉ារដ្ឋាភិបាលកំពុងប្រើប្រាស់“ ការឃ្លាំមើលអេឡិច ត្រូនិច” ដើម្បីតាមដានបុគ្គលដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែងរយៈពេល ១៤ថ្ងៃ ដោយសារប្រវត្តិធ្វើដំណើរថ្មីៗរបស់ពួកគេ។ ភាគច្រើននៃការតាមដានពីសកម្មភាពទូរស័ព្ទចល័ត របស់អ្នកដំណើរ រួមទាំងទីតាំងភូមិសាស្ត្រ រដ្ឋាភិបាលអាចកំណត់អត្តសញ្ញាណបុគ្គលណាដែល បានអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលដើម្បីដាក់ឲ្យនៅដាច់ដោយឡែងពីគេ។ អ្នកដែលស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែងតាមបញ្ជារដ្ឋាភិបាលនោះ ក៏ត្រូវបានគេប្រាប់ មិនឱ្យបិទទូរស័ព្ទចល័ត និងតម្រូវយកទូរស័ព្ទជាប់ខ្លួនពួកគេជានិច្ច។

ប្រទេសកូរ៉េខាងត្បូង៖ រដ្ឋាភិបាលបាន​តាមដាន​ និងផ្សព្វផ្សាយពីព័ត៌មានលំអិតនៃទិន្នន័យទី កន្លែងរបស់អ្នកបានបញ្ជាក់ និងសង្សៃថាមានផ្ទុកមេរោគ។ ការតាមដាននោះមានដូចជា តាម វីដេអូ CCTV ប្រវត្តិនៃការប្រើប្រាស់ Credit Card និងប្រវត្តិទីតាំង។ ព័ត៌មានដែលបាន ផ្សព្វផ្សាយជាសាធារណៈរួមបញ្ចូលទាំង ពេលដែលមនុស្សចេញពីកន្លែងធ្វើការ តើពួកគេមាន ពាក់ម៉ាស់នៅក្នុងរថភ្លើងក្រោមដីឬទេ ឈ្មោះស្ថានីយដែលពួកគេផ្លាស់ប្តូរ ហាងម៉ាស្សា និង ខារ៉ាអូខេដែលពួកគេតែងតែទៅ និងឈ្មោះក្លីនិចដែល​ពួកគេបានទៅធ្វើតេស។

 ចំណុចទី៣៖ ភាពជាដៃគូរវាងស្ថាប័នសាធារណៈ និង ឯកជន – App, Website និងសេវាកម្ម នានាដែលត្រូវបានប្រើប្រាស់សម្រាប់ឆ្លើយតបនឹងកូវីត១៩
ករណីសិក្សា

ប្រទេសចិន៖ កម្មវិធី app ដូចជា Alipay និង WeChat ឲ្យសញ្ញាបុគ្គលមានហានិភ័យខ្ពស់ ដែលត្រូវបានគេតម្រូវឲ្យនៅដាច់ដោយឡែក ឬមិនអនុញ្ញាតឱ្យចូលក្នុងទីសាធារណៈ។ នៅពេលភាពធម្មតាវិលត្រឡប់មកតំបន់ទាំងមូលវិញ ប្រជាជនតម្រូវឱ្យមាន “green clearance” ពីកម្មវិធីទាំងនេះដើម្បីឱ្យពួកគេអាចចូលទៅក្នុងជីវិតសាធារណៈ និង  ដើរហើរដោយសេរីវិញ។

ប្រទេសសង្ហីបូរី៖ ប្រទេសនេះប្រើប្រាស់ App ឈ្មោះ Tracetogether ដែលអនុញ្ញាតឲ្យពលរដ្ឋ ស្ម័គ្រចិត្តចែករំលែកព័ត៌មាន  និងតាមដានពីមនុស្សដែលពួកគេធ្លាប់មានទំនាក់ទំនង តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យា ប្លូធូ។ បើសិនជាអ្នកប្រើប្រាស់ app ណាម្នាក់តេសឃើញ កូវីត១៩ គ្រប់អ្នកប្រើ ប្រាស់ app ដែលមានទំនាក់ទំនងជាមួយនឹងម្នាក់នោះនឹងត្រូវបានជូនដំណឹង ដូចគ្នានេះផងដែរ រដ្ឋាភិបាលក៏បានទទួលដំណឹងនេះដែរ។ វាក៏មិនមានតម្លាភាពថាតើអ្នកណា អាចទទួលបានព័ត៌មាននេះដែរ។

សូមទាញយក របាយការណ៍អនុសាស្ត្រស្តីពី​ឯកជនភាព និងការការពារ​ទិន្នន័យក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវី១៩ ទាំងមូល

តំណរភ្ជាប់អានបន្ថែម៖ 

(Visited 348 times, 1 visits today)