អ្វី​ទៅ​ជា «អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​»? ហេតុអ្វី​បាន​ជា​ចាំបាច់​ត្រូវ​មាន​ពួកគេ?

ក្រោម​គម្រោង ​«​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​» មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ «​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​» ​ដើម្បី​ឲ្យ​ពួកគេ​​ចេះ​រាយការណ៍​ព័ត៌មាន​នានា​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​អនឡាញ​។

លោក ង៉ែត ម៉ូសេ ប្រធាន​គម្រោង​ ICT និង​ជា​អ្នក​ធ្វើការ​ជាប់​ជាមួយ​នឹង​ការ​បណ្ដុះបណ្ដាល ទំនាក់ទំនង និង​សម្របសម្រួល​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​បាន​ផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​នឹង​ទស្សនាវដ្ដី LIFT អំពី​រឿង​នេះ​ដូច​តទៅ​៖

អ្វី​ទៅ​ជា​ «​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​»?

វា​មាន​មក​យូរ​មក​ហើយ​។ ប៉ុន្តែ​ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បច្ចេកវិទ្យា​បាន​ចូលមក​ច្រើន​បូក​នឹង​វត្តមាន​របស់​ហ្វេសប៊ុក​ទៀត អ៊ីចឹង​ហើយ​នាំ​ឱ្យ​មាន​អ្នក​ថតរូប​ហើយ​បង្ហោះ​រាយការណ៍​​ច្រើន​ឡើងៗ ទាំង​ខ្លួន​គាត់​ផ្ទាល់​​មិន​បាន​ដឹងថា គាត់​កំពុង​ដើរតួ​ជា​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ផង​។ វា​​មាន​ន័យ​​​លើស​ពី​ហ្នឹង​ទៅ​ទៀត សូម្បីតែ​អ្នក​ចូល​ទៅ​បញ្ចេញ​យោបល់​លើ​ការ​បង្ហោះ​​របស់​ពួកគេ​ដើម្បី​​បំពេញ​បន្ថែម​ព័ត៌មាន​ក៏​អាច​រាប់​បញ្ចូល​ជា​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ដែរ​។

តើ​នៅ​កម្ពុជា ​«​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​» ចាប់ផ្ដើម​មាន​ពី​ពេលណា​មក​?

កាលពី​ឆ្នាំ ២០០៨ ២០០៩ និង​ ២០១០ គ្មាន​សោះ​ឡើយ​អ្នក​ដែល​ចូលចិត្ត​សរសេរ​ព័ត៌មាន​សង្គម​លើ​បណ្ដាញ​​សង្គម​។ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ប្រព្រឹត្ត​ទៅក្នុង​លក្ខណៈ​បុគ្គល​។ ក៏​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០១១ ​​មក​ទល់​នឹង​ការ​បោះឆ្នោត​ជាតិ​​ ២០១៣ ប្រជាជន​ចាប់​ផ្ដើម​មាន​ទូរស័ព្ទ​ទំនើប ហេតុ​នេះ​រឿង​អយុត្តិធម៌​សង្គម និង​ករណី​រំលោភ​សិទិ្ធ​មនុស្ស​ដែល​​ពួកគាត់​បាន​ឃើញ​ជួបប្រទះ និង​​ទទួល​រងគ្រោះ ចាប់​ផ្ដើម​ចែកចាយ​ព័ត៌មាន​​ឱ្យ​ឃើញ​ពី​ម្នាក់​ទៅ​ម្នាក់​។ ដល់​តែ​ផ្សាយ​ទៅ​​មាន​អ្នក​ចូលចិត្ត និង​ចែក​រំលែក​ការ​រាយការណ៍​របៀប​នេះ​បាន​កើនឡើង​យ៉ាង​គំហុក​តែ​ម្ដង​។

ហេតុអ្វី​ចាំបាច់​មាន «​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​»?

តាមពិត​ទៅ​មិន​ចាំបាច់​មាន​ក៏​បាន​ដែរ គ្រាន់តែ​ថា «​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​» ​នៅ​ប្រទេស​ដទៃ​កំពុង​ដើរ​​តួនាទី​យ៉ាង​ល្អ​។ ពួកគាត់​ត្រូវ​បាន​ពឹងពរ​ដោយ​អ្នក​កាសែត​អាជីព ព្រោះ​ថា​ពួកគាត់​មាន​នៅ​គ្រប់​ទីកន្លែង ដោយសារ​ពួកគាត់​គ្រាន់តែ​មាន​ទូរស័ព្ទ​ស្មាតហ្វូន​មួយ​អាច​រាយការណ៍​បាន​ហើយ​។ ហេតុ​នេះ​ហើយ​សម្រាប់​អ្នក​កាសែត​​ប្រជាពលរដ្ឋ​បាន​ក្លាយ​ជា​សេនាធិការ​រាយការណ៍​ដោយ​ស្ម័គ្រចិត្ត​ឱ្យ​ពួក​អ្នក​កាសែត​អាជីព​។

ហេតុអ្វី​បាន​យើង​ហៅ​ពួកគាត់​ថា «​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​»?

មែនទែន​ទៅ​សម្រាប់​ភាសា​ខ្មែរ​យើង​​​មិន​ទាន់​មាន​ពាក្យ​ហៅ​ឱ្យ​ឯកភាព​គ្នា​នៅ​ឡើយ​ទេ​អ្នក​ខ្លះ​ហៅ​អ្នក​កាសែត​មហាជន ខ្លះ​ហៅ​អ្នក​កាសែត​សហគមន៍ តែ​ចង់​ជម្រាប​ជូន​ថា​ពួកគាត់​ខុស​ពី​អ្នក​កាសែត​អាជីព​ត្រង់​ថា​សេចក្ដី​រាយការណ៍​របស់​ពួកគាត់​គឺ​ធ្វើ​ដោយ​សេរី មិន​ចាំបាច់​គ្រប់​ជ្រុងជ្រោយ​ពេក​ទេ​ឱ្យ​តែ​មាន​រូបភាព វីដេអូ និង​ព័ត៌មាន​ខ្លីៗ​គឺ​គាត់​អាច​ជម្រាប​មហាជន​បាន​ហើយ​។

អ្នក​កាសែត​ប្រជាពលរដ្ឋ​មិន​មាន​ជំនាញ​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ អ៊ីចឹង​ហើយ​តើ​ព័ត៌មាន​ដែល​រាយការណ៍​ដោយ​ពួកគាត់​អាច​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ដល់​កម្រិត​ណា​ទៅ​?

ទុកចិត្ត​បាន​ មិន​បាន ខ្ញុំ​មិន​មាន​យោបល់​ទេ តែ​អ្នក​ដែល​មើល​ព័ត៌មាន​រាយការណ៍​ហ្នឹង​ត្រូវ​ដឹង​ថា តើ​អ្នក​រាយការណ៍​ជា​នរណា​? គាត់​មកពី​ណា​ហើយ​ប្រវត្តិ​នៃ​ការ​រាយការណ៍​របស់​គាត់​កន្លង​មក​លើ​បណ្ដាញ​សង្គម​ហ្នឹង​យ៉ាង​ម៉េច​ដែរ? គាត់​រាយការណ៍​សុក្រឹត ឬ​អត់​។ ត្រូវ​ចេះ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​គាត់​រាយការណ៍​សឹម​ធ្វើការ​វាយតម្លៃ​លើ​ព័ត៌មាន​ដែល​ពួកគាត់​រាយការណ៍​ថា ទុក​ចិត្ត​បាន​ឬ​អត់​?

តើ​កន្លង​មក​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​កម្រិត​ណា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​?

ប្រជាជន​កម្ពុជា​មិន​សូវ​ចូលចិត្ត​អាន និង​​សរសេរ​ទេ​តែ​គាត់​ចូលចិត្ត​មើល​ និង​​ស្ដាប់​ជាង​។ ប៉ុន្តែ​និន្នាការ​នេះ​បាន​ប្រែប្រួល​ជាមួយ​នឹង​វត្តមាន «​អ្នក​សារព័ត៌​មាន​ប្រជាពលរដ្ឋ​» ដែល​បង្កើន​ការ​អាន និង​សរសេរ ហើយ​ចេះ​វិភាគ និង​​យល់ដឹង​ពី​ព័ត៌មាន ខ្វាយខ្វល់​ពី​បញ្ហា​​សង្គម​ជាមួយ​នឹង​លំហូរ​ព័ត៌មាន​ដោយ​សេរី លឿន និង​រហ័ស​។ បណ្ដាញ​សារព័ត៌មាន​អាជីព​មួយ​ចំនួន​ចាប់ផ្ដើម​ទទួល​ព័ត៌មាន​រាយការណ៍​ពី​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​ធានា​ល្បឿន​នៃ​ព័ត៌មាន​។ ល្បឿន​លឿន​នៃ​ការ​រាយការណ៍ និង​ទទួល​ព័ត៌មាន​នេះ​បាន​នាំឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដល់​របប​នយោបាយ​ដែល​ខាង​រដ្ឋអំណាច និង​អ្នក​នយោបាយ​តែ​ធ្វើ​អី្វ​មិន​ស្រួល ហ្វេសប៊ុក​ចាប់ផ្ដើម​រាយការណ៍​រិះគន់​ហើយ​។

ពួកគាត់​គ្មាន​ស្ថាប័ន​ច្បាស់លាស់​។ គាត់​ធ្វើការ​ជា​លក្ខណៈ​ឯករាជ្យ​។ អ្វី​ទៅ​ជា​បញ្ហា​ប្រឈម​សម្រាប់​ពួក​គាត់​?

ពួកគាត់​មិន​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​សំណាក់​អាជ្ញាធរ​។ ពួកគាត់​មិន​បាន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​រឹងមាំ​ណា​មួយ​អំពី​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ​។ មួយ​វិញ​ទៀត​​គឺ​សុខ​សុវត្ថិភាព​របស់​ពួកគាត់​នៅ​តាម​មូលដ្ឋាន​អាច​​ថា​មាន​​គេ​ប្ដឹង គំរាម ឬ​ធ្វើ​បាប​គាត់​។

បើ​គាត់​ប្រឈម​នឹង​គ្រោះថ្នាក់​តើ​គេ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​លើក​ទឹកចិត្ត​ពួកគាត់​?

ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត​គួរ​ត្រូវ​បាន​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​បំផុត​។ រដ្ឋ​អំណាច​ត្រូវ​សម្ដែង​ការ​ស្វាគមន៍​ផង​ដល់​អ្នក​កាសែត​មហាជន​។ សហការ​គាំទ្រ​ធ្វើការ​ជាមួយ​ពួក​គាត់​។ គួរ​មាន​ការ​យោគយល់​ដល់​ពួកគាត់​ពេល​ដែល​​រាយការណ៍​ខុស​ដោយ​អចេតនា​។

ជា​ឧទាហរណ៍​បើ​មាន​ករណី​ខ្លះ​ពួកគាត់​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ហើយ​ត្រូវ​បាន​គេ​ចោទ​ថា ញុះញង់​ បង្ក​ចលាចល តើ​គួរ​ធ្វើ​ដូចម្ដេច​?

តើ​យើង​ធ្វើ​យ៉ាង​ម៉េច​ដឹង​ថា រឿង​នោះ​មិន​ពិត​? តើ​អ្នក​ណា​ដែល​ជា​អ្នក​ថា​ពិត ឬ​មិន​ពិត​? ឬ​ថា​រឿង​នោះ​ញុះញង់ និង​បង្ក​ចលាចល​? ជាធម្មតា​ព័ត៌មាន​នៅលើ​ហ្វេសប៊ុក​តែងតែ​ត្រូវ​បាន​អ្នកអាន​ធ្វើការ​វិនិច្ឆ័យ​លឿន ឬ​បុរេវិនិច្ឆ័យ (Prejudgment)​។ ពួកគេ​ហាក់​ដូចជា​ដឹង​ថា​រឿង​នោះ ពិត ឬ​មិន​ពិត​ជា​ជាង​​ការ​សួរនាំ​ពី​អ្នក​ដែល​ផ្សាយ​។

បើ​មិន​ពិត​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នាំគ្នា​រាយការណ៍​ទៅកាន់​ហ្វេសប៊ុក​​ដើម្បី​​ឲ្យ​គេ​ដក​រូបភាព ឬ​អត្ថបទ​ទាំងឡាយ​ណា​ដែល​យើង​គិត​ថា វា​មិន​ពិត មិន​​សមរម្យ​ចេញ ជា​ជាង​ការ​ចាប់​កំហុស និង​ដាក់វិន័យ ឬ​​ដាក់​កំហិត​តាម​ច្បាប់​នានា​។ គួរ​ណាស់ ពន្យល់ និង​​​អប់រំ​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យល់​ជា​មុន​សិន​។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​មិន​ជឿ​ថា​ច្បាប់​អាច​ដោះស្រាយ និង​លុប​បំបាត់​បញ្ហា​ខាង​លើ​នេះ​បាន​នោះ​ទេ​គឺ​វា​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​នឹង​ធ្វើ​ខ្លួនឯង​។ ធ្វើ​ខ្លួនឯង គឺ​រៀបចំ​សហគមន៍​​​ហ្វេសប៊ុក​របស់​ប្រទេស​​យើង​ឲ្យ​បាន​ល្អ​​ដើម្បី​​ជា​ប្រយោជន៍​ដល់​សង្គម​ដោយ​អ្នក​ប្រើប្រាស់​ខ្លួនឯង​ត្រូវ​ស្វែងយល់​ពី​ច្បាប់ ការ​សរសេរ​ដំណឹង​​ខ្លីៗ ការ​ប្រើប្រាស់​រូបភាព ការ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​របស់​អ្នក​ដទៃ​ជាដើម​៕

ប្រភព ភ្នំពេញប៉ុស្តិ៍

(Visited 51 times, 1 visits today)