អ្នក​ជំនាញ​៖ ប្រព័ន្ធ​អ៊ិន​ធើណែត​កំពុងមាន​ឥទ្ធិពល​លើ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​បច្ចេក​វិទ្យា បាន​ចាប់​អារម្មណ៍​ថាការប្រើ​ប្រព័ន្ធអ៊ិនធើណែត​កំពុង​ធ្វើ​ឲ្យ​មានឥទ្ធិពល​ទៅ​លើ​របប​ដឹក​នាំ​​ប្រទេស​មួយ​ចំនួន និង​ជា​ពិសេស​ទៅ​លើ​​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជា​​ផង​ដែរ ខណៈដែលប្រព័ន្ធ​ផ្សព្វផ្សាយពី​មុន​ៗ​មាន​ទូ​រ​ទស្សន៍​ វិទ្យុជាដើម​ហាក់មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ដូចកាលពី​មុ​ន​ទៀត​នោះ​ទេ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​វីអូ​ឌីនៅព្រឹក​ថ្ងៃ​ទី០១ មិថុនា​នេះ បន្ទាប់ពីបើកព្រឹត្តិការណ៍ទស្សនៈទាន​អ៊ិន​ធើណែត​បើ​ក​ទូលាយ​លើ​ក​ទី​៣ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​លោក​ ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថាប្រព័ន្ធ​អ៊ិន​ធើ​ណែត​នា​ពេល​​បច្ចុប្បន្ន​កំពុង​តែ​មាន​ឥទ្ធិពល​ជា​ច្រើន​ទៅ​លើ​ការ​បោះឆ្នោត​ខាង​មុខ ដោយ​សារ​តែ​ប្រព័ន្ធនេះ​មាន​ភាព​ងាយ​​ស្រួល​និង​ចម្រុះ​ជាង​បណ្តាញ​ទូរទស្សន៍ ឬ​វិទ្យុ ជា​ពិសេស​ទៅ​ទៀត​ខណៈដែល​ការបោះឆ្នោត​ខាង​មុខ ​​ក្រសួង​ព័ត៌មាន​បាន​ហាមឃាត់​ទូរទស្សន៍​ និង​វិទ្យុក្នុង​ការ​រាយ​ការណ៍​ពី​ការ​បោះ​ឆ្នោត​នោះ លោកប្រព័ន្ធ​អ៊ិន​​ធើ​ណែតនេះនឹងដើរតួជា​ឆ្លើយ​តប​ទៅ​នឹង​ប្រជា​ជន​ងាយស្រួល​ជាង​គេ។

លោក​ថា៖ «អញ្ចឹងអ្វីដែលមានគុណប្រយោជន៍នេះវានឹងធ្វើឲ្យប្រជាពលរដ្ឋនឹងដឹងពីព័ត៌មានភ្លាមអំពីព័ត៌មានដែលមានក្នុងប្រទេសពីទីតាំងនៃការបោះឆ្នោតនៅគ្រប់ការិយាល័យ ហើយយើងឃើញថាវាក៏ជាផ្នែកមួយដែលជួយឲ្យប្រជាពលរដ្ឋទុកចិត្តពេលដែលរង់ចាំលទ្ធផលរយៈពេលយូរ ជាធម្មតានៅពេលដែលដឹងពីព័ត៌មានភ្លាមធ្វើឲ្យប្រជាពលរដ្ឋរំសាយនូវអំពើហិង្សាណាមួយដែលកើតមាននៅពេលដែលគាត់ទន្ទឹងរង់ចាំអញ្ចឹងវាអាចជួយឲ្យមានការរំសាយនូវអំពើហិង្សាដែលកើតមាននៅកម្ពុជាផងដែរ»

ប្រធាន​ផ្នែក​ព័ត៌មាននិង​ទំនាក់​ទំនងនៃ​អង្គការ​សង់​ត្រាល់ លោក ង៉ែត ម៉ូសេ មាន​ប្រសាសន៍​ថា ប្រព័ន្ធ​អ៊ិន​ធើណែត​កំពុង​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់​គ្រង​នៃ​ប្រទេស​មួយ​ចំនួ​ន​មាន​ការ​ផ្លាស់​ប្តូរ ជា​ពិសេស​ទាក់​ទង​នឹង​ការ​បោះឆ្នោត​។ ខណៈដែលការ​បោះឆ្នោត​នៅ​កម្ពុជា​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​នោះ លោក​មើល​ឃើញ​ថា ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗហាក់​បាន​សម្រុក​ខ្លាំងទៅ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក ជា​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​មាន​ពី​​មុន​ៗ។

លោក​ថា៖ «ខ្ញុំគិតថាមិនចាំបាច់ទៅដល់ថ្ងៃបោះឆ្នោតទេ គ្រាន់តែពេលឥឡូវហ្នឹងអ្នកនយោបាយប្រើប្រាស់អាហ្នឹងច្រើនជាការប្រើប្រាស់វិទ្យុទូរទស្សន៍ទៀតណា! បើទោះបីគជប គាត់មានម៉ោងវិទ្យុមានម៉ោងទូរទស្សន៍ក្តីយើងមើលទៅវាមិនសូវមានគេស្តាប់ប៉ុន្មានទេ! តែនៅតាមហ្វេសប៊ុកវិញសូម្បីតែនៅ poll live យើងឃើញថា គជប ឲ្យទម្លាក់ចុះដែរណា យើងមើលទៅមើលឥទ្ធិពលហ្នឹងគឺវាមានឥទ្ធិពលច្រើនខ្ញុំគិតថាទំរាំទៅដល់ថ្ងៃបោះឆ្នោតទៀតវាកាន់តែមានឥទ្ធិពលទៅទៀតតែខ្ញុំមិនដឹងថាឥទ្ធិពលល្អមិនល្អទេយើងចាំតែមើលជុំគ្នាពេលហ្នឹងតែម្តង»

នាយក​ប្រតិបត្តិគណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជាលោក សឿង សារឿន មានប្រសាសន៍​ថាប្រព័ន្ធ​អ៊ិន​ធើណែត​កំពុង​តែ​ជះ​ឥទ្ធិពល​ជាច្រើនដល់សង្គម​កម្ពុជា​ពេល​បច្ចុប្បន្ន ដោយ​ថា​វា​មានភាព​ងាយ​ស្រួល ហើយ​ប្រជាជន​ឆាប់​ទទួល​ព័ត៌មានលឿនជាង​គេ។ លោក​បន្ថែម​ថា ​ភាព​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​នេះលោក​មើល​ឃើញ​ថាវា​នឹង​ធ្វើ​ឲ្យការ​បោះឆ្នោត​ខាង​មុខ​មាន​ការប្រែ​ប្រួល​ខ្លាំង​ជាង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​ឆ្នាំ​២០១២។

លោក​ថា៖ «ប្រជាជនជិត៤លាននាក់ដែលមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធហ្វេសបុកហ្នឹង គាត់មានលទ្ធភាពទទួលព័ត៌មានពីគណបក្សនយោបាយនានាតាមទូរស័ព្ទដៃរបស់គាត់ហ្នឹង! ហើយនៅពេលដែលគាត់​​ទទួលបានព័ត៌មាហ្នឹងហើយគាត់អាចពេញចិត្ត និងការសម្រេចសម្រេចចិត្តរបស់គាត់ហ្នឹងគឺប៉ះពាល់​​ទៅដល់ការបោះឆ្នោតអញ្ចឹយើងឃើញថាកាលពីឆ្នាំ២០១២ យើងឃើញថាឃុំជាង១៦០០ជាងហ្នឹង​​ភាគច្រើនអ្នកទទួលបានសំឡេងច្រើនទៅលើបក្សកាន់អំណាចសព្វថ្ងៃហើយប្រហែលជាយើងអាច​​មើលឃើញហើយថាព័ត៌មាន​​នេះនឹងអាចប៉ះពាល់ទៅលើការបោះឆ្នោតហ្នឹងតែម្តង»

ដោយ​សារ​តែ​ភាព​រីកចំរើន​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​កាលពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​បង្កើត​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាប៉ុន្តែ​សង្គម​​ស៊ីវិល​មើល​ឃើញ​ថា​ច្បាប់​នេះ​មាន​មាត្រា​មួយចំនួន​បាន​កម្រិតនូវ​សិទ្ធិ​នៃ​កា​រប្រើ​ប្រាស់​អ៊ិន​ធើ​​ណែត​ និង​ការ​បញ្ចេញ​មតិ​នៅ​លើ​អ៊ិន​ធើ​ណែត។ តែ​ទោះ​ជា​យ៉ាង​ណាក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គម​នា​គមន៍បាន​អះ​អាង​ថាច្បាប់​នេះ​កំពុង​សិក្សា​​ចងក្រ​ង​នៅឡើយ តែ​សង្គម​ស៊ីវិល​យល់​​ថា រដ្ឋា​ភិ​បាល​​អាច​នឹងបញ្ចេញ​ច្បាប់​នេះ​​ដាក់​ឲ្យ​អនុម័តនៅ​​​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ។

តាមការ​ដកស្រង់​ចេញពីគេហទំព័រមួយឈ្មោះថា​ geeksincambodia.com បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធើណែត​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះមានចំនួន​៧,១លាន​នាក់​នៃ​ប្រជា​ជន​សរុប​ ១៥,៩លាន​នាក់ ចំនួន​នេះ​គឺ​មាន​ការ​កើនឡើង​យ៉ាង​គំហុក ដែល​ពី​ឆ្នាំ​២០១០ ​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធើណែត​នៅ​កម្ពុជាមានតែ​ជាង​៣០ម៉ឺន​នាក់​ប៉ុណ្ណោះ៕

(Visited 54 times, 1 visits today)