ក្រុម​​សិទ្ធិ​​មនុស្ស​​ថា​ ​សេរីភាព​​អ៊ិនធឺណិត​កាន់​​តែ​​រួម​​តូច​ ខណៈ​​រដ្ឋាភិបាល​​​បញ្ជា​​ឲ្យ​​តាម​ដាន​​អ្នក​​ប្រើ​ប្រាស់​​ហ្វេសប៊ុក​

ក្រុម​ការពារ​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​​ថា សេរីភាព​នៃ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម នឹង​រឹត​ស្ថិត​ក្រោម​ការ​គំរាម​កំហែងបន្ថែម​ទៀត បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​នឹង​ដំឡើង​ម៉ាស៊ីន​ដ៏​ទំនើប ដើម្បី​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រិះ​គន់​រូប​លោក។

ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ហ៊ុន សែន ថ្លែង​ថា ក្រុម​ប្រឆាំង​មួយ​ចំនួន តែង​តែ​សរសេរ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម ហើយ​លោ​កបាន​ជំរុញ​ទៅ​ស្ថាប័ន​ជំនាញ​ឲ្យ​ដំឡើង​ម៉ាស៊ីន​សម្រាប់​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាំង​នោះ។

ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ង៉ែត​ ម៉ូសេ បាន​ចាត់​ទុក​ថា នេះ​ជា​សារ​ព្រមាន​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត និង​ចេះ​ការពារ​ខ្លួន នៅ​រាល់​ពេល​បង្ហោះ​សារ ឬ​រូបភាព ឬ​សរសេរ​សារ​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ លោក​ថា វា​ជំរុញ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ផង​ដែរ។

លោកផ្តល់ជាអនុសាសន៍ថា៖ «បើសិនជាគាត់និយាយក្នុងន័យទប់ស្កាត់​បញ្ហាមុន អត់អីទេ ប៉ុន្តែ ឲ្យច្បាស់ ប្រសិនគាត់​មានប្រសាសន៍អត់ច្បាស់​ទេ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច វាទៅជាបំភ័យគេហើយ​»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សឹង សែនករុណា បាន​ឲ្យ​ដឹង​ថា កម្ពុជា​ជា​ម្ចាស់​ហត្ថលេខី​លើ​ច្បាប់​អន្តរជាតិ​នានា ដែល​ធានា​ដល់​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ លោកថា បើរដ្ឋាភិបាលថ្លែងបែបនេះ វា​ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

ក្នុង​របាយការណ៍ស្រាវជ្រាវ​របស់ internetworldstats.com  បានឲ្យដឹងថា ​គិតមក​ដល់ឆ្នាំ២០១៧ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេ​សប៊ុកនៅកម្ពុជា មាន​ប្រមាណ ៦​លាន ៣​សែន​នាក់ ឬ​ប្រហែល​នឹង ៣៩​ភាគរយ នៅ​ក្នុង​ចំណោម​ប្រជាជន​ជាង ១៦​លាន​នាក់​នៅ​ទូទាំង​ប្រទេស។

របាយការណ៍​អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃថា សេរីភាព​អ៊ិនធឹណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក បន្ទាប់​ពី​ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​រិះគន់​ ដែល​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន៕

ប្រភព VOD Khmer

(Visited 89 times, 1 visits today)